អ្នកមានប្រជាប្រិយខេត្តសុកត្រាំង គឺជា “ស្ពានតភ្ជាប់” រវាងរដ្ឋអំណាចនិងប្រជាជន ជាកត្តាសកម្មក្នុងការងារចលនា និងផ្សព្វផ្សាយដល់ជនរួមជាតិភាគតិចអនុវត្តល្អការងារសង្គម ភាវូបនីយកម្មក្នុងការកសាងជនបទថ្មី។

លោកពូឡឹមអង នៅភូមិតាកាន់ B ដើរលើផ្លូវដែលលោកចលនាសប្បុរសជន
និងប្រជាជនរួមនឹងរដ្ឋអំណាចកសាង។
យោងតាមគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច បានរួមចំណែកយ៉ាងសកម្មក្នុងការឃោសនានិងចលនាជនរួមជាតិខ្មែរព្រួតដៃកសាងជនបទថ្មី។ ឆ្នាំ២០២៤ ដោយកិត្យានុភាពរបស់ខ្លួន អ្នកមានប្រជាប្រិយបានចលនាសប្បុរសជននិងប្រជាជនចូលរួមវិភាគទានរាប់រយពាន់លានដុង កសាងស្ពានបេតុងជនបទបាន ២១ ខ្សែ សាងសង់ផ្ទះបាន ៤ ខ្នង ផ្លូវជនបទប្រវែង ៣.៣៣៦ ម៉ែត្រ និងសំណង់សុខុមាលភាពជីវភាពប្រជាជនផ្សេងៗទៀត...។ល។ រួមចំណែកកសាងមុខមាត់ជនបទបៃតង ជ្រះ ស្អាត ប្រជាជនធ្វើដំណើរនិងដឹកជញ្ជូនទំនិញងាយស្រួល រួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាជននៅតំបន់ជនបទ។
ជាមួយការរួមចំណែកពីអ្នកមានប្រជាប្រិយ ភូមិបឹងទ្រៀកបានក្លាយជាតំបន់ជនបទបៃតង ជ្រះ និងស្រស់ស្អាត។
លេចធ្លោមានដូចជាលោកពូ ត្រឹងលីវ អ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ នៅឃុំលីវទូ ស្រុកត្រឹងដេ បានរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិបឹងទ្រៀក ស្រស់ស្អាត និងស៊ីវិល័យ។ តាំងពី ឆ្នាំ ១៩៩០ មកទល់បច្ចុប្បន្ន លោកពូ បានចលនាសប្បុរសជននិងប្រជាជនចូលរួមវិភាគទានជាង ១ ពាន់លានដុង រួមជាមួយរដ្ឋអំណាចកសាងស្ពានបេតុងជនបទបាន ១៩ ខ្សែ; កសាងផ្លូវជនបទប្រវែង ២.២៣ ២ម; កសាងប្រព័ន្ធលូ ដំឡើងភ្លើងបំភ្លឺផ្លូវ កសាងបង្គោលទង់ ដាំផ្កា...។ល។ រួមចំណែកធ្វើឱ្យជនបទបឹងទ្រៀកភ្លឺ បៃតង ជ្រះ ស្អាត និងសុវត្ថិភាព។ លោកពូត្រឹងលីវ ឱ្យដឹង៖ “កាលពីមុន បឹងទ្រៀកផ្លូវពិបាកធ្វើដំណើរ ដូច្នេះនៅពេលដែលរដ្ឋចលនារួមគ្នាកសាងជនបទថ្មី ខ្ញុំក៏ចលនាមាមីងភ្លាម។ កាលនៅជាសង្ឃ ខ្ញុំធ្លាប់ធ្វើជាព្រះចៅអធិការវត្ត ឥឡូវនេះជាអាចារ្យវត្ត ដូច្នេះអ្វីៗដែលខ្ញុំធ្វើគឺ បើកចំហ តម្លាភាព និងឈានមុខក្នុងការចលនាភូមិភាគ ដូច្នេះមាមីងក្នុងភូមិស្រុក ជឿទុកចិត្តនិងគោរពស្រឡាញ់។ ម៉្លោះហើយ នៅពេលចលនាផ្សព្វផ្សាយ និងពន្យល់បង្ហាញពីអត្ថប្រយោជន៍នៃសំណង់ជនបទ ដើម្បីបម្រើប្រជាជនគ្រប់គ្នាយល់ព្រមឯកភាពគាំទ្រ និងរួមដៃគ្នាអនុវត្ត”។
ចំណែកលោកពូឡឹមអង នៅភូមិតាកាន់ B ឃុំធ្វឹងហ្វា ស្រុកចូវថាញ់ បានចលនាសប្បុរសជន និងប្រជាជនរួមចំណែកយ៉ាងសកម្មក្នុងការកសាងជនបទថ្មី។ រយៈពេលជាង ១៣ ឆ្នាំមកនេះ លោកពូឡឹមអង បានចលនាសប្បុរសជន និងប្រជាជនរួមវិភាគទានជាង ៥០០ លានដុង/ឆ្នាំ ដើម្បីកសាងសំណង់ជនបទ។ ជាមួយការរួមចំណែកយ៉ាងសកម្មរបស់លោកពូឡឹមអង មាមីងខ្មែរបានចូលរួមបរិច្ចាគដីដើម្បីកសាងសំណង់ជនបទ ដូច្នេះ ផ្លូវក្នុងភូមិចាក់បេតុងបានជាង ៩០% ដោយមានប្រវែងសរុបជាង ២០ គីឡូម៉ែត្រ កសាងស្ពានជនបទបាន ១៥ ខ្សែ រួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋាន សម្រេចគោលដៅកសាងជនបទថ្មី៕
យ្វីអាញ-មេងលី