មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

10/02/2025 - 15:27

អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ដាំ​ផ្កា​ស្បៃ​រឿង 

បង​ស្រី​គឹម​ធី​ឡឹន នៅ​ភូមិ​ដៃ​ទែន ឃុំ​លៀង​ហ្វា A ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង អា​ស្រ័យ​អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ទៅ​ក្នុង​ទម្រង់​ជំ​នាញ​ដាំ​ផ្កា​ស្បៃ​រឿង។

 បង​ស្រី​គឹម​ធី​ឡឹន កំ​ពុង​ថែ​ទាំ​ផ្កា​ស្បៃ​រឿង​ផ្គត់​ផ្គង់​ទី​ផ្សារ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​កន្លង​ហើយ។

បង​ស្រី​ឡឹន ឱ្យ​ដឹងៈ “ជា​មួយ​ផ្ទៃ​ដី​ប្រ​ហែល​មួយ​កុង ដែល​ឪពុក​ម្ដាយ​ចែក​ឱ្យ នៅ​ពេល​ចេញ​រស់​នៅ​ដោយ​ឡែក គ្រួ​សារ​ខ្ញុំ​អនុវត្ត​ទម្រង់​ជំ​នាញ​ដាំ​ផ្កា​ស្បៃ​រឿង​សម្រាប់​ផ្គត់​ផ្គង់​ទី​ផ្សារ ព្រោះ​ថា ទម្រង់​នេះ​មិន​ចាំ​បាច់​មាន​ផ្ទៃ​ដី​ធំ ប្រើ​ប្រាស់​ដើម​ទុន​តិច សម​ស្រប​នឹង​លក្ខណៈ​គ្រួ​សារ។ ទើប​ដាំ​ដំ​បូង​ក៏​ជួប​លំ​បាក​ដែរ ពី​ព្រោះ​យើង​មិន​ទាន់​ក្ដាប់​បាន​បច្ចេក​ទេស​ក្នុង​ការ​ដាំ​លើក​ដំ​បូង ខ្ញុំ​ដាំ​ប្រ​មាណ ៣.០០០ ដើម ចំ​ណេញ​បាន​តែ ៥ លាន​ដុង។ អា​ស្រ័យ​បាន​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន ដឹក​នាំ​ចូល​រួម​វគ្គ​សិក្សា​ពី​បច្ចេក​ទេស​ដាំ​ផ្កា​លម្អ​ដែល​ផ្នែក​ជំ​នាញ​រៀប​ចំ​ឡើង ទើប​ខ្ញុំ​ក្ដាប់​បាន​បច្ចេក​ទេស​ថែ​ទាំ ការ​ដាំ​សម្រេច​បាន​ប្រ​សិទ្ធ​ភាព។ ខ្ញុំ​ដាំ​ផ្កា​ស្បៃ​រឿង​ប្រ​មាណ ៣.០០០ ដើម​ក្នុង​មួយ​លើក រយៈ​ពេល​ដាំ​២​ខែ​កន្លះ ដូច្នេះ​ក្នុង​មួយ​ឆ្នាំ​ខ្ញុំ​ដាំ​បាន​៤​លើក ក្រោយ​ពី​ផាត់​ទាត់​រួច​ចំ​ណេញ​ជិត​៤០​លាន​ដុង។ ក្រៅ​ពី​ដាំ​ផ្កា គ្រួ​សារ​ខ្ញុំ​នៅ​ចិញ្ចឹម​គោ​និង​ឆ្លៀត​ពេល​ទៅ​ស៊ី​ឈ្នួល​បន្ថែម ដូច្នេះ រៀង​រាល់​ឆ្នាំ​គ្រួ​សារ​អាច​រក​បាន​ប្រាក់​ចំ​ណូល​ជាង​១០០ លាន​ដុង ពេល​ឃើញ​ជីវ​ភាព​គ្រួ​សារ​បាន​លំ​នឹង ខ្ញុំ​ត្រេក​អរ​ណាស់” ។

បង​ស្រី​ឡឹន ឱ្យ​ដឹង​បន្ថែម៖ “ផ្កា​ស្បៃ​រឿង ជា​ប្រ​ភេទ​ផ្កា​ដែល​ពេញ​និយម​សម្រាប់​ធ្វើ​ជា​គ្រឿង​សក្ការ​បូជា និង​ដាក់​តាំង​លម្អ​ក្នុង​ពិធី​បុណ្យ​ទាន​ផ្សេងៗ ហេតុ​នេះ ការ​ជ្រើស​រើស​ពេល​វេលា​ដាំ​ឱ្យ​សម​ស្រប​គឺ​សំ​ខាន់​ខ្លាំង​ណាស់ ដើម្បី​កំ​ណត់​បាន​តម្លៃ​លក់។ ក្រៅ​ពី​នោះ បច្ចេក​ទេស​ដាំ​ក៏​សំ​ខាន់​ណាស់​ដែរ ព្រោះ​ថា ដើម​ផ្កា​ស្បៃ​រឿង​សម​ស្រប​ជា​មួយ​ដី​រសោះ ម៉ដ្ឋ រំ​ដោះ​ទឹក​បាន​ល្អ គ្មាន​មេ​រោគ​ជា​ដើម។ អាច​ច្រ​បល់​លាយ​ជា​មួយ​នឹង​ដី​លា​មក​ក្រ​បី​គោ ជក់​ដូង​ជា​ដើម ស្រោច​ទឹក​រក្សា​សំ​ណើម​រៀង​រាល់​ថ្ងៃ​ដើម្បី​ផ្កា​លូត​លាស់​ល្អ ប្រើ​ប្រាស់​ជី​អា​សូត ផូ​ស្វ័រ ប៉ូ​តា​ស្យូម​ឱ្យ​ល្មាក់​ល្មម តាម​ការ​ណែ​នាំ​របស់​ផ្នែក​ជំ​នាញ”។

អ្នក​ស្រី ត្រាង​ធី​ហ្វិញ​ភឿង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​លៀង​ហ្វា A ឱ្យ​ដឹង៖ “បង​ស្រី​ឡឹន គឺ​ជា​បុគ្គល​គំរូ​មួយ​រូប​នៅ​មូល​ដ្ឋាន បង​ស្រី ស៊ូ​ទ្រាំ​ការ​លំ​បាក ខិត​ខំ​ឈាន​ឡើង​ក្នុង​ជីវ​ភាព ជា​គ្រួ​សារ​ទី​ទ័ល​ក្រ ប៉ុន្តែ​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង ពង្រីក​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។ ទោះ​បី​គ្រួ​សារ​មាន​ដី​បង្ក​បង្កើន​ផល​តិច​តូច ប៉ុន្តែ​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​ដោយ​អនុ​វត្ត​ទម្រង់​ដាំ​ផ្កា​ស្បៃ​រឿង​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច។ នេះ​គឺ​ជា​គំរូ​ដ៏​ល្អ​មួយ​ដែល​ឃុំ​ជំ​រុញ​លើក​ទឹក​ចិត្ត​ពង្រីក​ទម្រង់​នេះ”៕

សើុង​ម៉ា​ល័យ - ពេជ្រ​សឿន

ចែករំលែកអត្ថបទ