អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាល I ចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ ខេត្តគៀងយ៉ាងបានផ្សព្វផ្សាយគម្រោងជាច្រើន ជាជំហានៗលើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីតំបន់ជនរួមជាតិភាគតិចនិយាយរួម និងជនរួមជាតិខ្មែរនិយាយដោយឡែក។
លោកយ័ញរៀង នៅឃុំបាងថាច់ ទទួលបានការឧបត្ថម្ភមធ្យោបាយនេសាទ។
លោកយ័ញរៀង នៅភូមិយ៉ុងដា ឃុំបាងថាច់ ស្រុកយ៉ុងរៀង ឱ្យដឹង មុននេះ គ្រួសារគាត់ស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ គ្មានដីដាំដុះ ប្រកបការងារស៊ីឈ្នួលជាសំខាន់ រកបានប្រាក់ចំណូលមិនទៀតទាត់ ឯផ្ទះទ្រុឌទ្រោមមិនដឹងរលំពេលណា។ សង្កេតឃើញគ្រួសារគាត់មានជីវភាពលំបាក ឃុំក៏បានឧបត្ថម្ភប្រាក់ ៤៦ លានដុង ដើម្បីសាងសង់ផ្ទះថ្មីនិង១២ លានដុងសម្រាប់វិនិយោគទឹកស្អាតប្រើប្រាស់។ ទន្ទឹមនឹងនោះ គ្រួសារគាត់ក៏ទទួលបានការឧបត្ថម្ភ មធ្យោបាយប្រកបការងាររកស៊ី រួមមាន៖ ទូកស្មាច់ ម៉ាស៊ីន លូស្បៃមុងចំនួន១០ គិតជាទឹកប្រាក់ជាង១០លានដុង តាមសេចក្តីកំណត់សម្រាប់គ្រួសារក្រីក្រ ដើម្បីមានលក្ខណៈធ្វើការរកទទួលទាន។
“មានផ្ទះរឹងមាំ គ្រួសារខ្ញុំពិតជារំភើបនិងលំនឹងចិត្តពលកម្ម។ ជាមួយដើមទុននិងមធ្យោបាយឧបត្ថម្ភទាំងនេះ គ្រួសារខ្ញុំទិញជ្រូកចិញ្ចឹម៤ក្បាល ចំណែកខ្ញុំបើកទូកស្មាច់ទៅដាក់លូស្បៃមុង ពេលទំនេរទៅធ្វើការងារបន្ថែមនៅទីតាំងពិឃាតសត្វប្រមូលផ្តុំ ដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ឱ្យកូន២នាក់រៀនសូត្រ សង្ឃឹមថាអនាគតមានជីវភាពល្អប្រសើរ” លោកយ័ញរៀង បានឱ្យដឹងដូច្នេះ។
យោងតាមគណៈជនជាតិខេត្តគៀងយ៉ាង ទូទាំងខេត្តមាន៤៩ឃុំចំណុះតំបន់ជនជាតិភាគតិច។ ជនរួមជាតិខ្មែរនៅគៀងយ៉ាង រស់នៅប្រមូលផ្តុំនៅស្រុកយ៉ុងរៀង ហ្គក្វាវ ចូវថាញ់ អាងបៀង ក្រុងហាតៀង និងស្រុកយ៉ាងថាញ់។ល។ មកទល់នឹងពេលនេះ ទូទាំងខេត្តមានឃុំសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់១៩/១១៦ មានស្រុក ក្រុងសម្រេចបទដ្ឋានសម្រេចភារកិច្ចកសាងជនបទថ្មី៧/១៥ ឃុំទាំងអស់នៅតំបន់ជនរួមជាតិខ្មែរ មានផ្លូវគមនាគមន៍ជនបទដល់មជ្ឈមណ្ឌលឃុំ និងមានដំណាក់សុខាភិបាល។ គ្រួសារប្រជាជន មានប្រព័ន្ធអគ្គិសនីជាតិប្រើប្រាស់សម្រេច៩៩,៨% មានទឹកស្អាតប្រើប្រាស់សម្រេច៨៤% ឃុំតំបន់ជនរួមជាតិខ្មែរបានទទួលស្គាល់ជាឃុំជនបទថ្មី ៤០/៤០។
លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ឱ្យដឹង៖ “ផ្តើមពីការឧបត្ថម្ភជាក់ស្តែង មានប្រសិទ្ធភាព ប៉ុន្មានឆ្នាំកន្លង ជនរួមជាតិភាគតិចកាន់តែជឿជាក់លើការដឹកនាំរបស់បក្សនិងរដ្ឋ ខ្នះខ្នែងរួមនឹងរដ្ឋអំណាចភូមិភាគ បញ្ចេញកម្លាំងកសាងមាតុភូមិ ប្រទេសជាតិ។ ខេត្តគៀងយ៉ាង បានដាក់ចេញទិសដៅខិតខំបង្កើនប្រាក់ចំណូលមធ្យមភាគរបស់ជនជាតិភាគតិចដល់ចុងឆ្នាំ២០២៥ កើនជាង២ដង បើប្រៀបធៀបនឹង ឆ្នាំ២០២០ (សម្រេចជាង៧០លានដុង/ម្នាក់/ឆ្នាំ) គ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិចកាត់បន្ថយពី១,៥ដល់២%/ឆ្នាំ ខិតខំធ្វើយ៉ាងណាមានឃុំ ភូមិ តិចបំផុត៥០% បានចាកផុតពីភូមិសាស្ត្រលំបាកខ្លាំង”៕
យោង៖ TTXVN - មុនី