រយៈពេលកន្លង ភូមិទាលទោល ឃុំដាឡុក ស្រុកចូវថាញ់ ខេត្តត្រាវិញ ត្រូវបានវិនិយោគធ្វើឱ្យសុក្រឹតផ្លូវគមនាគមន៍ជនបទ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ធានាសុខុមាលភាពសង្គម។
ព្រះឧបជ្ឈាយ៍គឹមថន ព្រះចៅអធិការវត្តចំប៉ីសោភ័ណ (ត្រោកកើត) រួមជាមួយថ្នាក់ដឹកនាំឃុំដាឡុក និមន្តនិងអញ្ជើញចុះពិនិត្យស្ពានជនបទដែលកំពុងកសាងនៅភូមិទាលទោល។
លោកឡឹមត្រឹងក្វឹង លេខាសាខាបក្សភូមិទាលទោល ឱ្យដឹង៖ “ពីមុន ប្រព័ន្ធផ្លូវគមនាគមន៍ជនបទក្នុងភូមិនៅខ្វះខាត មិនទាន់ឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផលរបស់កសិករ។ ហេតុនេះ ជារៀងរាល់ឆ្នាំ ឃុំបានកសាងផែនការអភិវឌ្ឍផ្លូវគមនាគមន៍ជនបទផ្អែកលើលក្ខឋានកសាងជនបទថ្មី។ ទិសដៅរបស់ឃុំ គឺកសាងផ្លូវគមនាគមន៍តភ្ជាប់ភូមិរឹងមាំ១០០% ក្នុងនោះ មានភូមិទាលទោលជាដើម ក៏ដូចជា ផ្តុំកម្លាំងក្នុងការពង្រីកផ្លូវ កសាងផ្លូវវាលស្រែនិងទំនប់ទឹកឱ្យបានរឹងមាំ ដើម្បីបម្រើការផលិតនិងការធ្វើដំណើរទៅមករបស់មាមីង។ អាស្រ័យភូមិអនុវត្តល្អការងារចលនាប្រជាជន ដូច្នេះ ឃើញថាការរួមវិភាគទានថវិកា បរិច្ចាគដី ដំណាំឈើហូបផ្លែនិងកម្លាំងពលកម្ម ត្រូវបានមាមីងអនុវត្តយ៉ាងសស្រាក់សស្រាំ។ ពិសេស គឺការងាររំដោះផ្ទៃដី មានប្រជាជនជាច្រើនគ្រួសារបានស្ម័គ្រចិត្តបរិច្ចាគដីដើម្បីធ្វើផ្លូវ។ល។ បច្ចុប្បន្ន នៅលើភូមិសាស្ត្រភូមិមានផ្លូវកៅស៊ូប្រវែង៤គីឡូម៉ែត្រ ផ្លូវបេតុងប្រវែង១,៥ គីឡូម៉ែត្រ។ ក្រៅពីនោះ សាខាបក្សភូមិនៅទាំងចលនាសប្បុរសជនកសាងស្ពានបេតុងបាន៥ខ្សែ សរុបថវិកាកសាងប្រមាណ ១,៥ពាន់លានដុង។ បច្ចុប្បន្ន ផ្លូវគមនាគមន៍ជនបទក្នុងភូមិជាសារវន្តសម្រេចរួចរាល់ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន”។
ប្រជាជនរួមកម្លាំងជាមួយរដ្ឋអំណាចភូមិភាគ កសាងស្ពានជនបទនៅភូមិទាលទោល។
លោកថាច់ចុង នៅភូមិទាលទោល ឱ្យដឹង៖ “ប៉ុន្មានឆ្នាំមុន ឃុំបានចលនាកសាងផ្លូវដានក្នុងភូមិ មាមីងក៏ស្ម័គ្រចិត្តចូលរួមបរិច្ចាគដី ក្នុងនោះ មានគ្រួសារខ្ញុំដែរ ព្រោះយើងខ្ញុំសង្កេតឃើញថា ប្រយោជន៍នៃការធ្វើផ្លូវនេះ មិនត្រឹមតែបម្រើដល់ការធ្វើដំណើរទៅមក ទំនាក់ទំនង ជួញដូររបស់កសិករនៅទីនេះមានភាពងាយស្រួលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកឱ្យប្រជាជនភូមិស្រុកអាចធ្វើមានទៀតផង។ ជាក់ស្តែងកន្លងហើយ ភូមិចលនាសប្បុរសជនកសាងស្ពានបេតុងប្រវែង៤៥ម៉ែត្រ ទទឹង៣ម៉ែត្រ សរុបថវិកា៣០០លានដុង ទុនបដិភាគរបស់កសិករ៧០លានដុង ក្នុងនោះ គ្រួសារខ្ញុំឧបត្ថម្ភ១១,៥លានដុង”។
លោកគឹមរឹក នៅភូមិទាលទោល ឱ្យដឹង៖ “ពីមុន ផ្លូវនៅទីនេះលំបាកណាស់ រដូវភ្លៀងភក់ជ្រាំ ក្មេងៗទៅរៀនរអិលដួលប្រឡាក់ភក់ស្រមក មាមីងទៅផ្សារក៏លំបាកដែរ។ ឥឡូវនេះ រដ្ឋបានកសាងផ្លូវគមនាគមន៍ស្អាតល្អ ជួយឱ្យការធ្វើដំណើរទៅមកមានភាពងាយស្រួល មាមីងនៅទីនេះសប្បាយរីករាយគ្រប់គ្នា”។
តាមរយៈការកសាងផ្លូវជនបទដោយការចាក់កៅស៊ូ ចាក់បេតុងនៅភូមិទាលទោល សឱ្យឃើញថា គោលការណ៍របស់បក្សពិតជាជ្រាបចូលក្នុងចិត្តប្រជាជន ម៉្លោះហើយបានប្រជាជនខ្នះខ្នែងគាំទ្រ កៀរគរប្រភពកម្លាំងក្នុងប្រជាជន និងសប្បុរសជនដើម្បីអនុវត្ត។ នេះពិតជាទង្វើនាំមកនូវភាពសប្បាយរីករាយនិងសុភមង្គលជូនប្រជាជន ហើយបើកឱកាសសម្រាប់ការផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជន និងធានាសុខុមាលភាពសង្គម៕
សើុងម៉ាល័យ-មុនី