ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ តទៅ ច្បាប់ភូមិបាលលេខ ៣១/២០២៤/QH១៥ នឹងត្រូវបានអនុវត្តជាផ្លូវការ។ ច្បាប់បានកំណត់ច្បាស់ពីករណីរំលោភច្បាប់អំពីដីធ្លី ក្នុងនោះមានទាំងករណីដីកសិកម្ម រុក្ខកម្មដែលចោលទំនេរ និងប្រើប្រាស់ខុសគោលដៅ។ ច្បាប់នេះ ក៏កំណត់ច្បាស់ករណីដែលត្រូវដកហូតដីឡើងវិញ ដោយសារការរំលោភច្បាប់អំពីដីធ្លី។
ដីកសិកម្មដែលចោលទំនេរ អាចត្រូវដកហូតឡើងវិញ។ រូបថតជាឧទាហរណ៍
យោងតាមមាត្រា៨១ នៃច្បាប់ភូមិបាល ឆ្នាំ២០២៤ បានចែងយ៉ាងច្បាស់អំពីករណីដីត្រូវបានរដ្ឋដកហូតឡើងវិញ ដោយសារការរំលោភច្បាប់ភូមិបាល។ ក្នុងចំនួន៩ករណី ដែលបានលើកឡើងនោះ ដីកសិកម្ម រុក្ខកម្ម ដែលចោលទំនេរនិងប្រើប្រាស់ខុសគោលដៅអាចត្រូវដកហូតឡើងវិញ។
ជាក់ស្តែងដីដាំដំណាំប្រចាំឆ្នាំនិងដីវារីវប្បកម្ម មិនបានប្រើប្រាស់ក្នុងរយៈពេល១២ខែជាប់ៗគ្នា ដីដាំដំណាំមានអាយុកាលច្រើនឆ្នាំមិនបានប្រើប្រាស់ក្នុងរយៈពេល១៨ខែជាប់ៗគ្នា ដីព្រៃឈើមិនបានប្រើប្រាស់ក្នុងរយៈពេល២៤ខែជាប់ៗគ្នា ហើយត្រូវពិន័យរដ្ឋបាល តែមិនទាន់បានប្រើប្រាស់ដីក្នុងរយៈពេលដែលបានចែងក្នុងសេចក្តីសម្រេចពិន័យរដ្ឋបាលនោះ។
ដូច្នេះ ករណីទុកដីកសិកម្មចោលទំនេរ ដីដាំដំណាំអាយុកាលច្រើនឆ្នាំ ក្នុងរយៈពេល១២ខែ មិនទាន់ត្រូវដកហូតដីឡើងវិញទេ។ ក៏ប៉ុន្តែ ប្រសិនបើមិនបានប្រើប្រាស់មួយរយៈពេលទៀត អាចនឹងត្រូវរដ្ឋដកហូតដីឡើងវិញ៕
យោងតាម៖ nguoiquansat.vn - បកប្រែ៖ សុផន