ភ្ញៀវទេសចរជាច្រើនមកកាន់យ៉ាឡាយ ព្រោះបានស្តាប់នូវបទចម្រៀងមានចំណងជើង “កែវភ្នែកប្លៃគូ” ដ៏ពីរោះនិងជាទីមនោរម្យ ដែលបកស្រាយនូវសំណួរថា ហេតុអ្វីបានជាមាន “ស្រះភ្លោះ” នៅកណ្តាលតំបន់ខ្ពង់រាបដ៏ធំល្វឹងល្វើយ?
រូបថតមួយចំនួននៃទិដ្ឋភាពស្រះភ្លោះ។
ស្រះនេះតែងបានប្រជាជននៅភូមិភាគ ហៅថា ស្រះ “Ia Nueng” ឬ “T’nưng”។ ជាស្រះទឹកសាបស្ថិតនៅចម្ងាយពីក្រុងប្លៃគូប្រមាណ៧គីឡូម៉ែត្រ ប៉ែកខាងទិសពាយព្យ កម្ពស់ប្រមាណ៨០០ម៉ែត្រ បើប្រៀបនឹងផ្ទៃទឹកសមុទ្រ។ ប្រភពទឹកក្នុងស្រះ ត្រូវបានរក្សាអនាម័យយ៉ាងហ្មត់ចត់ ព្រោះទឹកនៅទីនេះសម្រាប់ផ្គត់ផ្គង់ឱ្យទូទាំងក្រុងប្លៃគូប្រើប្រាស់។ មានស្រះស្តុកទឹកចំនួន២ភ្ជាប់គ្នា មានទំហំជិត៣០០ហិកតា ទឹកថ្លាឈ្វេង ស្ថិតនៅកណ្តាលតំបន់ភ្នំខ្ពស់ មានជ្រោយដីដុះចេញកណ្តាលស្រះ ងាយស្រួលសម្រាប់ភ្ញៀវទេសចរគយគន់ទិដ្ឋភាពជុំវិញស្រះ។
នៅពេលស្រះមានភ្ញៀវទេសចរមកទស្សនាកម្សាន្តច្រើន ក៏ផ្តើមមានសេវាកម្មទេសចរណ៍កាន់តែច្រើនឡើង ក្នុងនោះ មានរថយន្តអគ្គិសនី ដឹកភ្ញៀវទេសចរពីខ្លោងទ្វារទៅកាន់មណ្ឌលបដិមាព្រះម៉ែគង់ស៊ីអីម នៅចុងប៉ូចផ្លូវកណ្តាលស្រះ។ អង្គុយលើរថយន្តអគ្គិសនីតាមដងផ្លូវបត់បែនជម្រាលភ្នំ អមដោយដើមស្រល់រាប់ពាន់ដើមបង្អួតសម្រស់តាមដងផ្លូវ។ ពេលភ្ញៀវទេសចរធ្វើដំណើរតាមដងផ្លូវដ៏ស្អាតដូចផ្ទាំងគំនូរនេះ នឹងញុាំងឱ្យមានអារម្មណ៍ស្រស់ស្រាយ។ ពិសេស ភ្ញៀវទេសចរបានបណ្តែតអារម្មណ៍ជាមួយសំឡេងថ្ងួចថ្ងូរនៃដើមស្រល់រេរាំតាមខ្យល់ សត្វបក្សីកញ្ជ្រៀវខ្ញៀវខ្ញារ។ល។ ឈានឡើងជណ្ដើរបីថ្នាក់នៅខាងចុងប៉ូចផ្លូវ ភ្ញៀវទេសចរនឹងមានអារម្មណ៍ថា ហាក់ដូចជាយើងកំពុងស្ថិតនៅចុងក្តោងច្រមុះ មើលឃើញស្រះភ្លោះប្រៀបបានដូចភ្នែកខាងស្តាំនិងខាងឆ្វេងនៃ ”កែវភ្នែកប្លៃគូ” -ជាបទចម្រៀងមួយដ៏ពីរោះដែលនិពន្ធដោយលោកង្វៀងកឿង។
នៅឆ្នាំ២០១៨ ខេត្តយ៉ាឡាយបានស្ថាបនាបដិមាព្រះម៉ែគង់ស៊ីអីម សាងពីថ្មម៉ាប់ពណ៌សកម្ពស់ ១៥ម៉ែត្រ នៅចុងប៉ូចដងផ្លូវកណ្តាលស្រះ។ ផ្តើមពីនោះ ស្រះភ្លោះបានក្លាយជាគោលដៅទេសចរណ៍វប្បធម៌បែបជំនឿសាសនាជីវចម្រុះ ទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយមកកម្សាន្តយ៉ាងច្រើនកុះករ។ ពេលលោកអ្នកចង់ទៅទេសចរណ៍នៅកន្លែងណាមួយ តែងស្វែងយល់រដូវណាដែលល្អបំផុត។ ប៉ុន្តែសម្រាប់មណ្ឌលទេសចរណ៍ស្រះភ្លោះ ភ្ញៀវទេសចរមករដូវណាក៏ស្រស់ស្អាត ដោយសារជួរដើមស្រល់បៃតង ដងផ្លូវបត់បែនវែងអន្លាយ ជាពិសេស គឺនៅរដូវប្រាំង មានសត្វកម្រជាច្រើនប្រភេទដើរស្វែងរកចំណីលើឆ្នេរដីក្រហមតាមមាត់ស្រះ។ ចំណែករដូវភ្លៀង ទឹកឡើងខ្ពស់រលកបោកខ្ទប់ច្រាំងបែកផ្កាត្រែង ហាក់ដូចជាលោកអ្នកកំពុងគយគន់រលកទឹកសមុទ្រ។ ពេលថ្ងៃក្តៅ លោកអ្នកអាចផ្តិតយករូបភាពផ្ទៃមេឃចាំងពន្លឺលើផ្ទៃស្រះ មើលទៅហាក់ដូចមានផ្ទៃមេឃពីរអីចឹង។ ទោះបីដូច្នោះ ភ្ញៀវទេសចរគប្បីមកកម្សាន្តទីនេះនៅនិទាឃរដូវ អាកាសធាតុត្រជាក់ គយគន់ផ្ទៃស្រះទឹកថ្លាឈ្វេង សម្រស់ធម្មជាតិដ៏ស្រស់ត្រកាលពេលថ្ងៃរះឬថ្ងៃលិច គឺពិតជាអស្ចារ្យណាស់៕
ហាថាញ-មុនី