29/07/2024 - 14:39

យក​ចិត្ត​ទុក​ដាក់​អប់រំ​តំបន់​ជន​ជាតិ​ខ្មែរ

មក​ដល់​ពេល​នេះ ប្រ​ព័ន្ធ​សា​លា​រៀន​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៃ​ស្រុក​មី​ស្វៀង ខេត្ត​សុក​ត្រាំង ត្រូវ​បាន​វិនិ​យោគ​កសាង​រឹង​មាំ។ រាល់​របប​គោល​នយោ​បាយ​សម្រាប់​គ្រូ​បង្រៀន និង​សិស្ស​នៅ​ទី​នេះ ត្រូវ​បាន​អនុវត្ត​គ្រប់​គ្រាន់ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​អប់រំ។

អនុ​វិទ្យា​ល័យ- វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថាញ់​ភូ ត្រូវ​បាន​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ បំ​ពាក់​គ្រឿង​បរិក្ខារ​បង្រៀន​និង​រៀន​គ្រប់សព្វ។

ទូទាំង​ស្រុក​មី​ស្វៀង មាន​សា​លា​រៀន​៥៤ សា​លា ក្នុង​នោះ មាន​សា​លា​រៀន​ចំ​នួន ១៧​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​បាន​បើក​បង្រៀន​អក្សរ​ខ្មែរ និង​មាន​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ចំ​នួន២ មូល​ដ្ឋាន​សម្ភារៈ​ត្រូវ​បាន​វិនិ​យោគ​និង​បំពាក់​គ្រឿង​បរិក្ខារ​សម្រេច​បទដ្ឋាន​ជាតិ។ លោក​ង្វៀង​មិញ​ទ្រី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​មី​ស្វៀង ឱ្យ​ដឹង៖ “ឆ្នាំ​កន្លង ស្រុក​បាន​វិនិ​យោគ​ទឹក​ប្រាក់​ជាង​៧២​ពាន់​លាន​ដុង ក្នុង​នោះ សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ទាំង​២សា​លា ត្រូវ​បាន​វិនិ​យោគ​បង្កើន​កម្រិត​អស់​ទឹក​ប្រាក់​ជិត​៣០​ពាន់លាន​ដុង។ បច្ចុប្បន្ន ទូ​ទាំង​ស្រុក​មាន​សា​លា​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​២៨/​៣១​សម្រេច​បទដ្ឋាន​ជាតិ។ ពិ​សេស សា​លា​រៀន​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​១៧​សា​លា​តែង​បង្រៀន​ឧភយ​ភា​សា​វៀត​-ខ្មែរ។ ក្នុង​រដូវ​វិស្សម​កាល នៅ​តាម​វត្ត​ពុទ្ធ​សាស​នា​ខ្មែរ តែង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ ម្ល៉ោះ​ហើយ​រួម​ចំ​ណែក​ដ៏​ធំ​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​អប់រំ​នៅ​តំ​បន់​ជន​ជាតិ”។

អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​មី​ស្វៀង ត្រូវ​បាន​វិនិ​យោគ​កសាង​យ៉ាង​រឹង​មាំ។

ទន្ទឹម​នឹង​នោះ ការ​លើក​កម្ពស់​គុណ​ភាព​កង​ជួរ​គ្រូ​បង្រៀន កម្មា​ភិបាល​គ្រប់​គ្រង​អប់រំ​ជន​ជាតិ​ខ្មែរ​ក៏​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់។ បច្ចុប្បន្ន ទូ​ទាំង​ស្រុក​មាន​គ្រូ​បង្រៀន កម្មា​ភិបាល​គ្រប់​គ្រង​ផ្នែក​អប់រំ ៥៧៩​/១.៥៣៥​នាក់ ស្រូប​អត្រា​ជាង ៣៧,៧%។ លោក​គ្រូ​លីហ្វាង​ថុង នា​យក​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​មីស្វៀង ឱ្យ​ដឹង៖ “បច្ចុប្បន្ន សា​លា​ត្រូវ​បាន​វិនិ​យោគ​កសាង​យ៉ាង​សម​រម្យ ម្ល៉ោះ​ហើយ​សិស្ស​ស្នាក់​នៅ​អន្តេវា​សិក​ដ្ឋាន​១០០% ស្ងប់​អា​រម្មណ៍​រៀន​សូត្រ​បាន​ល្អ។ ម្យ៉ាង​ទៀត គ្រូ​បង្រៀន​របស់​សា​លា​មាន​កម្រិត​វិជ្ជា​មុខ​ជំ​នាញ​សម្រេច​បទដ្ឋាន និង​មាន​វិធី​សាស្រ្ត​បង្រៀន​សម​ស្រប​នឹង​សមត្ថ​ភាព​សិស្ស ហេតុ​នោះ គុណ​ភាព​កើន​ឡើង​ជា​លំ​ដាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ រៀង​រាល់​ឆ្នាំ អត្រា​សិស្ស​ឡើង​ថ្នាក់​សម្រេច ១០០% ក្នុង​នោះ សិស្ស​សម្រេច​និទ្ទេស​គ្រាន់​បើ​និង​ពូ​កែ ស្រូប​អត្រា​ជាង​៧០%”។ លោក​គ្រូ​យឿង​សា​ផល នា​យក​អនុ​វិទ្យា​ល័យ-វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថាញ់​ភូ ឱ្យ​ដឹង៖ “ឆ្នាំ​២០១៥ សា​លា​សម្រេច​បទដ្ឋាន​ជាតិ ទើប​មូល​ដ្ឋាន​សម្ភារៈ គ្រឿង​បរិក្ខារ​បង្រៀន​និង​រៀន​ត្រូវ​បាន​វិនិយោគ​គ្រប់​គ្រាន់។ កង​ជួរ​គ្រូ​បង្រៀន​មាន​កម្រិត​វិជ្ជា​សម្រេច​បទ​ដ្ឋាន​១០០%  ហើយ​សា​លា​ក៏​បាន​អនុវត្ត​គោល​នយោ​បាយ​គ្រប់​សព្វ​សម្រាប់​គ្រូ​បង្រៀន​និង​សិស្ស​ត្រូវ​តាម​កំ​ណត់ បង្ក​ជា​កម្លាំង​ចលករ​ជួយ​ជំ​រុញ​ស្មារតី​ក្នុង​ការ​បង្ហាត់​បង្រៀន​និង​រៀន​សូត្រ។ អា​ស្រ័យ​ហេតុ​នោះ គ្រូ​បង្រៀន​ជា​ច្រើន​មាន​វិធី​សាស្រ្ត​បង្រៀន​ល្អៗ សម​ស្រប​ជា​មួយ​នឹង​សិស្ស ហេតុ​នេះ​រៀង​រាល់​ឆ្នាំ​សិស្ស​ឡើង​ថ្នាក់​និង​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ជាប់​១០០%”។

មក​ទល់​ពេល​នេះ គុណ​ភាព​អប់រំ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​មី​ស្វៀង ត្រូវ​បាន​កើន​ឡើង មិន​មាន​គម្លាត បើ​ប្រៀប​ធៀប​នឹង​តំបន់​ទី​ក្រុង៕                         

  យ្វី​អាញ- លី​សៀ

ចែករំលែកអត្ថបទ