ប៉ុន្មានឆ្នាំកន្លង ប្រព័ន្ធនយោបាយខណ្ឌនិញកេវ ក្រុងកឹងធើ តែងតែយកចិត្តទុកដាក់អនុវត្តល្អគោលនយោបាយ ដើម្បីជួយជនរួមជាតិភាគតិចលើកស្ទួយជីវភាព អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។ គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សគ្រប់លំដាប់ថ្នាក់ និងអង្គការនយោបាយ-សង្គម បានពង្រីកប្រជាធិបតេយ្យ កៀរគររាល់ប្រភពកម្លាំង និងចលនាជនរួមជាតិភាគតិច រួមចំណែកកសាងភូមិស្រុកកាន់តែរីកចម្រើន។
ជូនអំណោយដល់គ្រួសារជនរួមជាតិខ្មែរដែលមានជីវភាពក្រលំបាកនៅខណ្ឌនិញកេវ។
ខណ្ឌនិញកេវ មានជនជាតិភាគតិច២.៥៣៤គ្រួសារ រស់នៅលាយឡំក្នុងសហគមន៍នៅសង្កាត់ចំនួន១១។ ក្នុងនោះ ជនជាតិចិនមាន១.៩២៤គ្រួសារ ជនជាតិខ្មែរមាន៥៥៩គ្រួសារ និងជនជាតិភាគតិចផ្សេងទៀត៥១គ្រួសារ។ រយៈពេល៥ឆ្នាំកន្លង គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សគ្រប់លំដាប់ថ្នាក់ និងអង្គការនយោបាយ-សង្គម ខណ្ឌបង្កើនការឃោសនាផ្សព្វផ្សាយនូវគោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ស្តីពីការងារជនជាតិ។ បង្កលក្ខណៈងាយស្រួលសម្រាប់ជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច រៀនសូត្រ ប្រជុំជីវភាពវប្បធម៌ សិល្បៈ កីឡា អភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ។ ទន្ទឹមនឹងនោះ ក៏ចលនាសាងសង់និងជួសជុលផ្ទះមហាសាមគ្គីបាន១៥ខ្នង ជូនជនរួមជាតិភាគតិចដែលនៅជួបលំបាកខាងលំនៅឋាន។ យកចិត្តទុកដាក់ដោះស្រាយការងារធ្វើ; ឧបត្ថម្ភទុនដល់ជនរួមជាតិភាគតិចដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ បងតាថាញសើុង ជាជនជាតិខ្មែរនៅសង្កាត់ហ៊ឹងឡើយ ចែករំលែក៖ “ខ្ញុំជាជាងសំណង់ប្រពន្ធធ្វើការឱ្យហាងលក់គ្រឿងទេស ប្រាក់ចំណូលមិនលំនឹង។ ចំណែកផ្ទះប្រើប្រាស់ជញ្ជាំងរួមនឹងផ្ទះអ្នកសងខាង ដំបូលប្រក់ស័ង្កសីចាស់និងធារទាប ដូច្នេះពេលមានភ្លៀងខ្លាំងទឹកស្រក់ និងហូរចូលលិចផ្ទះ។ ខ្ញុំរីករាយណាស់ដែលទទួលបានការឧបត្ថម្ភពីកម្មាភិបាលគ្រប់លំដាប់ថ្នាក់ឧបត្ថម្ភប្រាក់ធ្វើជញ្ជាំងប្រក់ស័ង្កសីថ្មី និងបង្កើនធារផ្ទះ”។
រៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំ និងបុណ្យសំខាន់ៗរបស់ជនរួមជាតិភាគតិច ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ តែងរៀបចំការជួបជុំ បង្កើតក្រុមប្រតិភូមកជូនពរនិងជូនអំណោយជាង១.០០០ ចំណែកតម្លៃសរុបជាង៤០៤លានដុង។ លោកយ័ញឌឿ ជាជនជាតិខ្មែរនៅសង្កាត់អាងហ្វា ឱ្យដឹង៖ “ខ្ញុំប្រកបរបរប៉ះកង់ ប្រពន្ធលក់ឆ្នោត ប្រាក់ចំណូលមិនលំនឹង។ ខ្ញុំសប្បាយចិត្តណាស់នៅពេលកម្មាភិបាលគ្រប់លំដាប់ថ្នាក់ រៀបចំការជួបជុំ អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងជូនអំណោយ”។
ការយកចិត្តទុកដាក់ឧបត្ថម្ភរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចរណសិរ្សគ្រប់លំដាប់ថ្នាក់ និងអង្គការនយោបាយ-សង្គម ក៏ដូចការខិតខំប្រឹងប្រែងរបស់ជនរួមជាតិ បានជួយឱ្យជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិភាគតិចនៅខណ្ឌនិញកេវ មានការរីកចម្រើននិងប្រសើរឡើងជាលំដាប់។ បច្ចុប្បន្ន ទូទាំងខណ្ឌមានគ្រួសារជនជាតិភាគតិចក្រីក្រចំនួន១៥គ្រួសារ ថយចុះ១៤គ្រួសារ បើធៀបនឹងឆ្នាំ២០១៩។ ជនរួមជាតិភាគតិចក៏បានរួមចំណែកជាក់ស្តែងជាច្រើន ក្នុងការជំរុញសេដ្ឋកិច្ច- សង្គមរបស់ខណ្ឌនិញកេវ កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕
ង៉ុកក្វៀង-មេងលី