|
យុវតីសិស្ស ក្វាច់មិញអាញ។ |
ប្អូនក្វាច់មិញអាញ សិស្សថ្នាក់ទី១២C៣ វិទ្យាល័យជនជាតិអន្តេវាសិកកាម៉ាវ គឺជាសិស្សគំរូម្នាក់ក្នុងការរៀនសូត្រនិងបំផុសចលនា។ ជាមួយនឹងស្នាដៃសម្រេចបានរបស់ខ្លួន ប្អូនគឺជាក្តីមោទនៈរបស់សិស្សជនជាតិភាគតិចនៅខេត្តកាម៉ាវ។
ក្វាច់មិញអាញ កើតក្នុងគ្រួសារដែលមានឪពុកជានគរបាល ម្តាយជាគ្រូបង្រៀន ម្ល៉ោះហើយប្អូនទទួលបានយកចិត្តទុកដាក់និងគិតគូរការរៀនសូត្របានយ៉ាងល្អ។ ចំណុចត្រង់នេះហើយ ទើបមិញអាញ រៀនបានស្មើគ្រប់វិញ្ញាសាហើយតែងទទួលបានលទ្ធផលល្អក្នុងការរៀនសូត្រ។ តាំងពីកម្រិតបឋមសិក្សាដល់អនុវិទ្យាល័យ ប្អូនតែងសម្រេចបានកិត្តិនាមជាសិស្សពូកែ។ ហើយស្នាដៃនេះ មិនត្រឹមតែប្អូនរក្សាបានល្អប៉ុណ្ណោះទេ តែនៅទាំងបានក្លាយជាសិស្សពូកែបំផុតក្នុងប្លុកនៅកម្រិតវិទ្យាល័យទៀតផង។ ពិសេស ឆ្នាំសិក្សា២០២២-២០២៣ ប្អូនទទួលបានជ័យលាភីលេខ៣ លើវិញ្ញាសាភូមិវិទ្យាក្នុងសម័យប្រឡងសិស្សពូកែថ្នាក់ខេត្ត។ និយាយពីវិធីសាស្រ្តរៀនពូកែរបស់ខ្លួន ប្អូនមិញអាញ ចែករំលែក៖ “ក្នុងថ្នាក់ ប្អូនតែងយកចិត្តទុកដាក់ស្តាប់លោកគ្រូ អ្នកគ្រូពន្យល់មេរៀន និងខិតខំក្តាប់មេរៀន រៀនមេរៀននៅក្នុងថ្នាក់។ ហើយកន្លែងណាមិនទាន់យល់ ប្អូនសួរលោកគ្រូអ្នកគ្រូភ្លាម។ លុះពេលមកផ្ទះ ប្អូនពង្រឹងចំណេះដឹងបន្ថែមដោយធ្វើលំហាត់ក្នុងសៀវភៅសិក្សា និងនៅតាមគេហទំព័រដែលគួរជាទីទុកចិត្តជាដើម”។
ប្អូនក្វាច់មិញអាញ (អង្គុយក្បាលតុទី២) យកចិត្តទុកដាក់កត់មេរៀនដែលអ្នកគ្រូពន្យល់។
ប្អូនហាគឹមង៉ឹង រៀនថ្នាក់ជាមួយមិញអាញ ឱ្យដឹង៖ “ក្នុងក្រសែភ្នែកមិត្តភ័ក្តិមិញអាញ ជាយុវតីសិស្សម្នាក់រៀនពូកែនិងស្រស់ស្អាតណាស់។ ទោះជាដូច្នោះក្តី មិត្តជាមនុស្សម្នាក់ រួសរាយរាក់ទាក់ សុភាពរាបសារ និងត្រៀមជួយមិត្តរួមថ្នាក់ជានិច្ច ម្ល៉ោះហើយតែងបានមិត្តរួមថ្នាក់និងលោកគ្រូអ្នកគ្រូស្រឡាញ់ទុកចិត្ត”។
លោកគ្រូ លីហឺវយ៉ុយ លេខាសម្ព័ន្ធយុវជនសាលា បញ្ជាក់ឱ្យដឹង៖ “ប្អូនមិញអាញ មិនត្រឹមតែរៀនពូកែប៉ុណ្ណោះទេ នៅទាំងជាអ្នកដឹកនាំដ៏ស្វាហាប់ សកម្មចូលរួមនិងសម្រេចបានស្នាដៃខ្ពស់ជាច្រើនក្នុងចលនារបស់សម្ព័ន្ធយុវជនសាលាទៀតផង។ ប្អូនទើបទទួលបានជ័យលាភីលេខ១ ក្នុងសម័យប្រឡងវោហារស័ព្ទ អាស្រ័យសាលារៀបចំឡើង។ល។ ដោយបានដឹងថា ប្អូនជាសិស្សជនជាតិភាគតិចដំបូងបង្អស់របស់សាលានិងទូទាំងខេត្តកាម៉ាវ បានចូលរួមពិធីស្ងើចសរសើរសិស្ស និស្សិតនិងយុវជនជាជនរួមជាតិភាគតិចឆ្នើម ដែលដឹកនាំដោយគណៈកម្មាធិការជនជាតិ សហការជាមួយនឹងក្រសួងអប់រំនិងបណ្តុះបណ្តាល និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ រៀបចំឡើងនៅចុងឆ្នាំ២០២៣។ អាចនិយាយបានថា ប្អូនមិញអាញ ជាគំរូសម្រាប់សិស្សរបស់សាលាយកតម្រាប់តាម និងជាក្តីមោទនៈរបស់គ្រួសារ មិត្តភ័ក្តិ និងលោកគ្រូអ្នកគ្រូ”។
យើងមានឱកាសបានជួប និងសំណេះសំណាលជាមួយយុវតីសិស្សមិញអាញ ខណៈពេលដែលប្អូនមមាញឹករៀនមេរៀនត្រៀមដល់សម័យប្រឡងបញ្ចប់កម្រិតវិទ្យាល័យ។ ទោះបីដូច្នោះក្តី យើងខ្ញុំនៅតែមានចំណាប់អារម្មណ៍ បាននូវថាមពលជាវិជ្ជមាន និងសុទិដ្ឋិនិយមរបស់ប្អូនមិញអាញ អំពីផែនការអនាគត។ “ឪពុកតែងជាអ្នកបំផុសគំនិតនិងផ្តល់កម្លាំងចិត្តដល់ប្អូនក្នុងការរស់នៅ។ ប្អូននឹងស្នងបន្តការងារឪពុក និងប្តេជ្ញាចិត្តប្រឡងចូលមហាវិទ្យាល័យសន្តិសុខប្រជាជន។ ប្អូនដឹងថា ដើម្បីអនុវត្តបាននូវក្តីសុបិនរបស់ខ្លួន ប្អូនមិនត្រឹមតែរៀនឱ្យពូកែប៉ុណ្ណោះទេ នៅទាំងត្រូវឱ្យមានសុខភាពល្អទៀតផង។ ព្រោះហេតុនោះ ក្រៅពីការចំណាយពេលសិក្សាវប្បធម៌ ប្អូននៅទាំងរៀបចំពេលវេលាលេងកីឡា លត់ដំកាយសម្បទា ដើម្បីសម្រេចនូវក្តីសុបិន បំណងប្រាថ្នារបស់ខ្លួនក្នុងពេលខាងមុខផងដែរ” - ប្អូនមិញអាញ បានឱ្យដឹងដូច្នេះ៕
ថាញ់ឡុង-វិមាន