ជាភូមិដាច់ស្រយាល មានស្ថានភាពនៅលំបាកច្រើន ប៉ុន្តែជាមួយនឹងភាពរវាសរវៃ និងការប្តេជ្ញាចិត្តឈានឡើង បងស្រីធីសារ៉ាន ប្រធានសាខាសមាគមនារីភូមិវិញថាញ់ ឃុំផុងដុង ស្រុកវិញធ្វឹង ខេត្តគៀងយ៉ាង បានរួមជាមួយនឹងសមូហភាពចេញមុខបង្កើតក្រុមសហការផលិត បង្កើតការងារធ្វើដល់បងប្អូននារីជាច្រើនមានជីវភាពលំនឹង...។
បងស្រីធីសារ៉ាន ប្រធានសាខាសមាគមនារីភូមិវិញថាញ់ ឧទ្ទេសនាមផលិតផលត្បាញ
ពីកំប្លោករបស់ក្រុមសហការ។
បងស្រីធីសារ៉ាន ចែករំលែក៖ “រយៈពេលកន្លង ដោយសារនៅតំបន់ជនបទខ្វះការងារធ្វើ ម្ល៉ោះហើយបងប្អូននារីជាច្រើនបានចំណាកស្រុកទៅក្រុងហូជីមិញ ប៊ិញយឿង ដុងណាយ។ល។ ដើម្បីរកការងារធ្វើ។ មានករណីខ្លះពេលមានគ្រួសារនិងមានកូនតូច ប៉ុន្តែពួកគាត់នៅតែទុកកូនឱ្យយាយតាជួយមើលថែទាំ ដើម្បីទៅធ្វើការឆ្ងាយស្រុក។ កុមារដែលរស់នៅជនបទជាមួយយាយតា ជួនកាលខ្វះក្តីស្រឡាញ់ ខ្វះសម្ភារៈ ឃើញគួរឱ្យអាណិតណាស់។ ផ្តើមពីប្រការទាំងនេះ ទើបសាខាសមាគមនារីភូមិវិញថាញ់ បានពិភាក្សាគ្នា និងប្តេជ្ញាបង្កើតការងារធ្វើបន្ថែមដល់បងប្អូននារីមួយចំនួន ទាក់ទាញពួកគាត់រស់នៅស្ថិរភាព លើទឹកដីដែលពួកគាត់កើតនិងធំដឹងក្តី”។
សាខាសមាគមនារីភូមិវិញថាញ់ នៅទាំងបង្កើតក្រុមសហករណ៍ធ្វើឆៃប៉ូវ។ ទន្ទឹមនឹងនោះ សហការជាមួយសមាគមនារីគ្រប់លំដាប់ថ្នាក់ និងធនាគារគោលនយោបាយសង្គម ឧបត្ថម្ភដល់បងប្អូននារីខ្មែរជាច្រើនរបស់ភូមិ បានកៀកជិតនឹងប្រភពទុន ដើម្បីវិនិយោគក្នុងការធ្វើស្រែ ចិញ្ចឹមសត្វ លក់ដូរជាលក្ខណៈគ្រួសារ ឬប្រកបមុខរបរផ្សេងៗបន្ថែមទៀត។ លោកស្រីយ័ញធីប៊ូខ្វា អនុប្រធានគណៈកម្មាធិការប្រជាជនឃុំផុងដុង ឱ្យដឹង៖ “នៅលើភូមិសាស្រ្តឃុំ បានវិនិយោគប្រភពកម្ចីពីធនាគារគោលនយោបាយសង្គមជូនប្រជាជនជាង៩៩០គ្រួសារ គិតជាទឹកប្រាក់ចំនួន៤១ពាន់លានដុង។ ក្នុងនោះ វិនិយោគនៅភូមិវិញថាញ់ មានចំនួន២៥០គ្រួសារ គិតជាទឹកប្រាក់ជាង១០ពាន់លានដុង ផ្តុំកម្លាំងជួយបងប្អូននារីខ្មែរបុលបានដើមទុន។ អាស្រ័យហេតុនោះ ចំនួនគ្រួសារក្រីក្រពី៣,០៤% កាលពីឆ្នាំ២០២២ ថយចុះនៅត្រឹមតែ១,៨៩% នៅឆ្នាំ២០២៣ ចំនួនគ្រួសារធូរធារនិងមានបានកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកជំរុញសេដ្ឋកិច្ច-សង្គម របស់ភូមិភាគអភិវឌ្ឍន៍និងសម្រេចបានល្អនូវទិសដៅកសាងជនបទថ្មី…”។
បងស្រីធីសារ៉ាន ប្រធានសាខាសមាគមនារីភូមិវិញថាញ់ ឱ្យដឹងបន្ថែម៖ ពីមុន ការចលនាបងប្អូននារីខ្មែរចូលរួមសមាគមមិនទាន់បានច្រើនទេ ប៉ុន្តែតាំងពីមានក្រុមសហការបានបង្កលក្ខណៈងាយស្រួលដល់សាខាសមាគមនារីភូមិ ជួបប្រាស្រ័យទាក់ទងជាមួយបងប្អូននារីកាន់តែច្រើនឡើង។ តាមរយៈនោះ កាន់តែយល់គ្នាជាងទៀត ហើយបងប្អូននារីស្ម័គ្រចិត្តចូលរួមសាខាសមាគមកាន់តែច្រើនឡើងដែរ។ មកដល់ពេលនេះ ទូទាំងភូមិមានក្រុមនារី៧ក្រុម មានសមាជិក២៦១នាក់។
តាមប្រសាសន៍លោកចូវង៉ុកកឹង លេខាគណៈកម្មាធិការបក្សឃុំផុងដុង នៅពេលខាងមុខ ឃុំនឹងបន្តផ្សព្វផ្សាយមានប្រសិទ្ធភាពនូវកម្មវិធី គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច។ អនុវត្តគម្រោងរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ ឆ្ពោះទៅរកសេដ្ឋកិច្ចកសិកម្ម។ យកចិត្តទុកដាក់អនុវត្តវិទ្យាសាស្ត្របច្ចេកទេស និងបច្ចេកវិទ្យាថ្មីក្នុងការផលិត ថែរក្សានិងប្រើប្រាស់ផលិតផល។ លើកកម្ពស់គុណភាពតំបន់ជំនាញផលិតស្រូវគុណភាពខ្ពស់; អនុវត្តមានប្រសិទ្ធភាពនូវទម្រង់ បង្កង-ស្រូវ ឬគួបផ្សំបង្កង - ក្តាម-ត្រី និងប្រភេទជលផលផ្សេងទៀត ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ដើម្បីបង្កើនប្រាក់ចំណូលលើផ្ទៃដីបង្កបង្កើនតែមួយ៕
កាសែតកឹងធើ-វិមាន