ក្នុងការប្រកួតជើងឯកកីឡាប៉េតង់ពិភពលោកលើកទី១៩ ឆ្នាំ២០២៣ បានរៀបចំឡើងនៅប្រទេសថៃ អត្តពលិកថាច់ធីអាញ់ឡាង បានយកឈ្នះលើអត្តពលិកពូកែៗជាច្រើន ដើម្បីនាំយកមេដាយមាសជូនវៀតណាម។
អត្តពលិកថាច់ធីអាញ់ឡាង
អត្តពលិកថាច់ធីអាញ់ឡាង កើតឆ្នាំ១៩៩៤ ក្នុងគ្រួសារមានអាជីពជាគ្រូបង្រៀន។ អាញ់ឡាង កើតនៅភូមិអូរទទឹង ឃុំចូវដៀង ស្រុកកូវកែ ខេត្តត្រាវិញ។ ថាច់ធីថាញឡង ជាបងស្រីបង្កើតរបស់អាញ់ឡាង ឱ្យដឹង៖ “ឪពុកម្តាយនិងសមាជិកក្នុងគ្រួសារទាំងអស់សុទ្ធតែជាគ្រូបង្រៀន ប៉ុន្តែយើងខ្ញុំមិនដែលបង្ខំអាញ់ឡាង ចាំបាច់ត្រូវតែប្រកបរបរគ្រូបង្រៀនដូចសមាជិកក្នុងគ្រួសារនោះទេ”។ តាំងពីកុមារភាព អាញ់ឡាងចូលចិត្តលេងកីឡា ដូច្នេះ ម្តាយឪពុកនិងសមាជិកក្នុងគ្រួសារទាំងអស់បានគាំទ្រ និងលើកទឹកចិត្តឡាង ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ពីព្រោះចំណង់ចំណូលចិត្តនិងការស្រឡាញ់កីឡានោះ។ ប៉ុន្តែ ក៏បានរំលឹកប្អូនថា ក្រៅពីចំណង់ចំណូលចិត្តត្រូវតែខិតខំព្យាយាមសិក្សារៀនសូត្រឱ្យបានចប់ចុងចប់ដើម”។
ថាច់ធីអាញ់ឡាង ឱ្យដឹង៖ “ឆ្នាំ២០០៨ ពេលកំពុងរៀនថ្នាក់ទី៨ ខ្ញុំត្រូវបានជ្រើសរើសចូលក្រុមបាល់ទាត់ទេពកោសល្យនារីរបស់ខេត្ត។ ប៉ុន្តែបន្ទាប់ពីហ្វឹកហាត់បាន៦ខែ ក្រុមបាល់ទាត់នារីក៏រំសាយ។ បន្ទាប់មក ខ្ញុំបានគ្រូបង្វឹកលើកទឹកចិត្តឱ្យប្តូរទៅហាត់កីឡាប៉េតង់ដែលខ្ញុំមិនធ្លាប់ស្គាល់។ ប្តូរមកវិញ្ញាសាថ្មី តែដោយសារចំណូលចិត្តលេងកីឡា ម៉្លោះហើយ ខ្ញុំស៊ូលំបាកហ្វឹកហាត់ហើយចាប់យកវាបន្តិចម្តងៗក៏ថ្នឹកនឹងវិញ្ញាសាកីឡាប៉េតង់នេះ”។
ឆ្នាំ២០១១ ថាច់ធីអាញ់ឡាង ត្រូវបានជ្រើសរើសចូលក្រុមទេពកោសល្យកីឡាប៉េតង់ត្រាវិញ។ ផ្ដើមពីនោះ ថាច់ធីអាញ់ឡាង បានចូលរួមប្រកួតនៅថ្នាក់តំបន់និងទូទាំងប្រទេសជាច្រើនលើក។ អាញ់ឡាង ប្រកួតបានយ៉ាងល្អនិងឈ្នះមេដាយជាច្រើនជូនខេត្ត។ អាស្រ័យដោយស្នាដៃសម្រេចបានជាច្រើន ឆ្នាំ២០១២ អាញ់ឡាង ត្រូវបានជ្រើសរើសចូលក្រុមជម្រើសជាតិ។ អាញ់ឡាង ឱ្យដឹងបន្ថែម៖ “ពេលបានជ្រើសរើសចូលក្រុមជម្រើសជាតិ ខ្ញុំត្រូវផ្តោតលើការហ្វឹកហាត់ច្រើនជាង ព្រោះវិញ្ញាសាកីឡាប៉េតង់ គឺជាវិញ្ញាសាកីឡាមួយក្នុងចំណោមវិញ្ញាសាកីឡាដែលលំបាកបំផុត ក្រៅពីម៉ោងហ្វឹកហាត់ ខ្ញុំឆ្លៀតពេលរៀនវប្បធម៌បន្ថែម និងប្រឡងយកសញ្ញាបត្រវិទ្យាល័យ ដើម្បីមានឱកាសបានចូលរៀនមហាវិទ្យាល័យនៅថ្ងៃអនាគត”។
ប្អូនស្រីឡេផាមធ្វីហ្វិញ អាយុ១៨ឆ្នាំ ជាអត្តពលិកទេពកោសល្យកីឡាប៉េតង់ត្រាវិញ ឱ្យដឹង៖ “បងស្រីអាញ់ឡាង មិនត្រឹមតែជាអត្តពលិកកីឡាប៉េតង់ពូកែ ល្បីល្បាញថ្នាក់តំបន់ និងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងជាបងស្រីគំរូ រួសរាយរាក់ទាក់ ចុះសម្រុងនិងជិតស្និទ្ធជាមួយមនុស្សគ្រប់គ្នា តែងស្វាហាប់និងពោរពេញដោយសមត្ថភាព។ លើសពីនេះ បងស្រីអាញ់ឡាង តែងតែជួយប្អូននិងមិត្តភ័ក្តិក្នុងការហ្វឹកហាត់ផងដែរ ហើយបានអ្នកទាំងឡាយស្រឡាញ់រាប់អាន និងជាគំរូដ៏ភ្លឺស្វាងសម្រាប់អត្តពលិកដទៃទៀតយកតម្រាប់តាម”។
លោកង្វៀងបាវឡុង គ្រូបង្វឹកទទួលបន្ទុកក្រុមជម្រើសកីឡាប៉េតង់ត្រាវិញ ឱ្យដឹង៖ “អាញ់ឡាង មានស្មារតីសាមគ្គីល្អ ស៊ូលំបាកក្នុងការហ្វឹកហាត់ តែងជួយមិត្តរួមអាជីពនិងពោរពេញទៅដោយក្ដីសង្ឃឹម។ រយៈពេលកន្លង អាញ់ឡាង បានឈ្នះមេដាយប្រមាណ១៥គ្រឿង ក្នុងការប្រកួតជើងឯក ពិភពលោក ទ្វីបអាស៊ី តំបន់អាស៊ីអាគ្នេយ៍ និងមេដាយជាច្រើនគ្រឿងទៀតនៅក្នុងប្រទេស។ បច្ចុប្បន្ន ថាច់ធីអាញ់ឡាង ជានិស្សិតឆ្នាំទី៣នៃមហាវិទ្យាល័យផ្នែកកីឡាអប់រំកាយ ក្រុងហូជីមិញ”៕
រូបនិងអត្ថបទ៖ ទីទុយ