យ័ញសារុំ ជាសិស្សដំបូងរបស់វិទ្យាល័យជនជាតិអន្តេវាសិកគៀងយ៉ាង បានរដ្ឋមន្ត្រីប្រធានគណៈកម្មាធិការជនជាតិជូនវិញ្ញាបនបត្រដោយសម្រេចបានសមិទ្ធផលឆ្នើមក្នុងការសិក្សានិងបណ្តុះបណ្តាល ឆ្នាំ២០២៣។ សមិទ្ធផលនេះ ជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីដំណាក់កាលរៀនសូត្រអស់រយៈពេល១២ឆ្នាំ របស់សិស្សជនជាតិខ្មែរនៅឃុំឌិញហ្វា ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង។
សារុំ ចូលរួមពិធីស្ងើចសរសើរជូនរង្វាន់នៅហាណូយ។
យ័ញសារុំ បង្ហើបឱ្យដឹង៖ “ជាសិស្សរស់នៅក្នុងឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករ ជាក់ស្ដែងខ្ញុំមិនជួបលំបាកច្រើនក្នុងដំណើរការសិក្សានោះទេ ពីព្រោះ ឪពុកគាត់ជាគ្រូបង្រៀនចំណែកម្តាយជាបុគ្គលិក ពេទ្យរបស់សាលា។ តាំងពីថ្នាក់ទី៦ ឪពុកម្តាយបានបញ្ជូនទៅរៀនសាលាជនជាតិអន្តេវាសិក ដូច្នេះទើបស្មារតីនៃការសិក្សានិងការលត់ដំ របស់ខ្ញុំ បានលោកគ្រូអ្នកគ្រូសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្គក្វាវ ហ្វឹកហាត់តាំងពីកុមារម៉្លេះ។ បន្ទាប់ពីរៀនអនុវិទ្យាល័យ ខ្ញុំបន្តទទួលបានការណែនាំអប់រំពីលោកគ្រូអ្នកគ្រូវិទ្យាល័យជនជាតិអន្តេវាសិកគៀងយ៉ាង ដើម្បីអភិវឌ្ឍវប្បធម៌និងការសិក្សា។ នៅពេលដែលខ្ញុំត្រឡប់មកលេងផ្ទះ ឪពុកម្តាយតែងសាកសួរ ណែនាំនិងលើកទឹកចិត្តរស់នៅឱ្យចុះសម្រុងជាមួយមិត្តភ័ក្តិ និងការរស់នៅត្រូវចេះទីពឹងខ្លួនឯង ដើម្បីអនាគតរៀនខ្ពស់ជាងទៀតនិងឈានទៅមុខទៀតលើវិថីសិក្សា”។
ដោយរស់នៅឆ្ងាយពីផ្ទះតាំងពីតូច សារុំមានភាពក្លាហាននិងសម្របខ្លួនបានយ៉ាងឆាប់រហ័សជាមួយបរិស្ថានសហគមន៍។ លោកយ័ញលូយ ឪពុករបស់យ័ញសារុំ និយាយទាំងសប្បាយថា៖ “ប្តីប្រពន្ធខ្ញុំយល់ឃើញថា ការយកចិត្តទុកដាក់ដល់កូន ត្រូវបង្កបរិយាកាសដើម្បីកូនអភិវឌ្ឍដោយមិនទុកឱ្យកូនក្លាយជា “មាន់ឧស្សាហកម្ម” ជាការពិតយើង មិនអាចចិញ្ចឹមការពារកូនអស់មួយជីវិតនោះទេ។ ត្រូវបង្រៀនកូនពីរបៀបរស់ “ទោះនៅទីណាក៏ដោយ” ត្រូវចេះរស់នៅដោយខ្លួនឯង ទើបជាការអប់រំសម្រេចជោគជ័យរបស់គ្រួសារ។ ដើម្បីឱ្យកូនមានភាពជឿជាក់លើខ្លួនឯងដូចសព្វថ្ងៃនេះ ប្តីប្រពន្ធលោកយ័ញ លូយ “ខ្លោចចិត្ត” នៅពេលបញ្ជូនកូនទៅរៀនសាលាអន្តេវាសិក ដែលកូនអាយុទើបតែ១២ ឆ្នាំ។ ពេលខ្លះនឹកកូនពេក ពីរនាក់ប្តីប្រពន្ធឈរសម្លឹងពីចម្ងាយព្រោះខ្លាចកូនឃើញសុំមកផ្ទះ ខ្លាចសង្កត់ចិត្តមិនបានព្រមតាមបំណងកូន។ មួយពីរសប្តាហ៍ដំបូង លំបាកទាំងឪពុកម្តាយនិងកូន ប៉ុន្តែសន្សឹមៗរួមគ្នាឆ្លងកាត់បាន។ សារុំសម្របខ្លួនបន្តិចម្ដងៗ ហើយមិនចង់ចាកចេញពីសាលាអន្តេវាសិកទៀត។
ដោយមានពេលវេលាច្រើននិងខិតខំរៀនសូត្រ យ័ញសារុំ ទទួលបានកិត្តិនាមជាសិស្សរៀនពូកែច្រើនឆ្នាំបន្តបន្ទាប់។ ទន្ទឹមនឹងនោះ សារុំក៏ទទួលបានរង្វាន់លេខ៣វិញ្ញាសាភាសាអង់គ្លេស រង្វាន់លេខ ១ វិញ្ញាសាគីមីវិទ្យាថ្នាក់ស្រុក និងរង្វាន់លេខ៣ វិញ្ញាសាគីមីវិទ្យាថ្នាក់ ខេត្ត។ រហ័សរហួន រួសរាយនិងជាសិស្សពូកែភាសាអង់គ្លេស ប៉ុន្តែ សារុំបានជ្រើសរើសរៀនផ្នែកវិទ្យាសាស្រ្តធម្មជាតិនៅពេលរៀនវិទ្យាល័យ។ បំភ្លឺពីការជម្រើសនេះ សារុំ រៀបរាប់៖ “ដោយសារឪពុកជាគ្រូបង្រៀនវិញ្ញាសាគីមីវិទ្យានៅវិទ្យាល័យជនជាតិអន្តេវាសិកហ្គក្វាវ។ លើសពីនេះទៀត រៀនពូកែវិញ្ញាសាគីមីវិទ្យា គឺជាមូលដ្ឋានគ្រឹះសម្រាប់ខ្ញុំអនុវត្តបំណងប្រាថ្នារបស់ម្តាយក្លាយទៅជាវេជ្ជបណ្ឌិត”។
ដោយមានដើមទុនពីឪពុកដើម្បីរៀនវិញ្ញាសាវិទ្យាសាស្ត្រធម្មជាតិ ប៉ុន្តែចង់ក្លាយជាវេជ្ជបណ្ឌិតតាមក្តីបំណងរបស់ម្តាយ តើត្រូវតាមក្តីបំណងរបស់អូនទេ? ដោយឮពួកខ្ញុំសួរដូច្នេះ សារុំ លើកឡើង៖ “ដោយសារស្ថានភាពលំបាក ម្តាយខ្ញុំរៀនបានត្រឹមតែគ្រូពេទ្យ ខ្ញុំមិនត្រឹមតែឈានបន្តក្តីប្រាថ្នារបស់ម្តាយទេ គឺតាំងពីតូចដល់ធំ ខ្ញុំបានឃើញសាច់ញាតិ និងអ្នកជិតខាងស្លាប់ដោយសារតែជំងឺជាច្រើន ដូច្នេះ ខ្ញុំចង់ក្លាយជាវេជ្ជបណ្ឌិតដើម្បីព្យាបាលជំងឺឱ្យ អ្នករាល់គ្នា ជាពិសេស អ្នកជំងឺដែលមានស្ថានភាពក្រលំបាក។
ជាសិស្សធ្លាប់សិក្សានៅសាលាជនជាតិអន្តេវាសិកយូរឆ្នាំ ទើបសារុំ ជាបង្អែកសម្រាប់មិត្តភ័ក្តិ។ ប្អូនត្រឹងហាយដាង គឺជាមិត្តរួមថ្នាក់របស់ សារុំ នៅក្នុងអន្តេវាសិកដ្ឋានសាលាវិទ្យាល័យជនជាតិអន្តេវាសិកគៀងយ៉ាង និយាយ៖ “សារុំ មានភាពរួសរាយរាក់ទាក់ជាមួយមិត្តក្នុងបន្ទប់ មិនដែលលើកខ្លួនជាសិស្សរៀនពូកែនោះទេ ទោះជាស្នាដៃរបស់មិត្ត “ធំធេងក៏ដោយ” ក្នុងនាមជាកម្មាភិបាលសម្ព័ន្ធយុវជន មិត្តតែងរិះរកពិធីលេងល្បែងកម្សាន្តល្អៗជាច្រើន ដើម្បីធ្វើឱ្យពួកខ្ញុំមានអារម្មណ៍សប្បាយបំភ្លេចនឹកផ្ទះនិងខ្វះមនោសញ្ចេតនាពីគ្រួសារ។ សារុំ រៀនពូកែគ្រប់មុខវិជ្ជា មិនថាពួកខ្ញុំត្រូវការសួរមុខវិជ្ជាណាទេ មិត្តក៏បង្ហាញមេរៀនដល់ពួកខ្ញុំបានទាំងអស់”។
អ្វីដែលយើងខ្ញុំបានឃើញតាមរយៈការប្រាស្រ័យទាក់ទងជាមួយសារុំ នោះគឺប្អូនមានអត្តចរិតស្លូតបូត ចេះថ្លឹងថ្លែងគ្រប់ពាក្យសម្ដីដែល និយាយទៅកាន់អ្នកធំ។ ការកត់សម្គាល់របស់ខ្ញុំនេះ ក៏ដូចអ្នកគ្រូវ៉ធីប៊ិចធ្វី គ្រូបន្ទុកថ្នាក់ទី ១២A ដែរ។ អ្នកគ្រូធ្វី មានប្រសាសន៍៖ “សារុំស្លូតបូតហើយរៀនពូកែគ្រប់មុខវិជ្ជា។ សារុំ គឺជាសិស្សដំបូងរបស់សាលា បានក្លាយជាសមាជិកនៃក្រុមសិស្សជម្រើសរៀនពូកែថ្នាក់ជាតិ។ សារុំ បានមិត្តភ័ក្តិទំនុកចិត្ត និងស្រឡាញ់រាប់អាន ព្រោះប្អូនរស់នៅចុះសម្រុង និងចេះជួយមិត្តភ័ក្តិតាំងពីការសិក្សារហូតដល់ការហូបចុករស់នៅក្នុងអន្តេវាសិកដ្ឋាន។ មិន មតែឧស្សាហ៍ព្យាយាមនិងរៀនពូកែប៉ុណ្ណោះទេ សារុំ ក៏ជាលេខាសាខាសម្ព័ន្ធយុវជនស្វាហាប់និងអស់ពីចិត្តជាមួយចលនាសម្ព័ន្ធយុវជន តែងសម្រេចល្អភារកិច្ចដែលបានប្រគល់ឱ្យ”៕
ហាថាញ-ត្រឹងរ៉ូន