មានចរិយាសម្បត្តិស្រគត់ស្រគំ សមត្ថភាពរឹងមាំ តែងអស់ពីចិត្តនឹង អាជីព អ្នកគ្រូថាច់ធីជូ គ្រូបង្រៀននៅអនុវិទ្យាល័យប៊ិញធ្វី ខណ្ឌប៊ិញធ្វី ក្រុងកឹងធើ តែងបានសិស្ស អាណាព្យាបាលសិស្ស និងមិត្តរួមអាជីពគោរពស្រឡាញ់។ ការស្រឡាញ់អាជីពរបស់អ្នកគ្រូមិនត្រឹមតែពានរង្វាន់ប៉ុណ្ណោះទេ នោះគឺការវិវឌ្ឍន៍របស់សិស្ស។
ម៉ោងបង្រៀនរបស់អ្នក
អ្នកគ្រូថាច់ធីជូ ជាគ្រូបង្រៀនវិញ្ញាសាអប់រំពលរដ្ឋ ថ្នាក់ទី៦ និងទី៨។ អ្នកគ្រូតែងធ្វើបច្ចុប្បន្នភាពចំណេះដឹងជាក់ស្តែងនៅក្នុងជីវភាព ដើម្បីទាក់ទាញការចាប់អារម្មណ៍រៀនសូត្ររបស់សិស្ស។ អ្នកគ្រូជូ មិនត្រឹមតែរៀបចំគម្រោងមេរៀនហ្មត់ចត់ប៉ុណ្ណោះទេ គាត់ថែមទាំងប្រាប់មេរៀនឱ្យសិស្សមើលមុននៅផ្ទះ ដើម្បីម៉ោងបង្រៀនក្នុងថ្នាក់មានប្រសិទ្ធភាព។ ទម្លាប់នេះរបស់អ្នកគ្រូជូ មានមកក្នុងអំឡុងពេល១៧ឆ្នាំផ្សារភ្ជាប់ជាមួយអាជីព។ តាមប្រសាសន៍របស់អ្នកគ្រូថាច់ធីជូ គន្លឹះជួយឱ្យសិស្សយល់មេរៀនកាន់តែជ្រៅជ្រះនិងចងចាំបានយូរ គឺគ្រូបង្រៀនត្រូវប្រើវិធីបង្រៀន ជាច្រើន ហើយសមស្របនឹងសិស្សម្នាក់ៗ។ វិធីសាស្រ្តបង្រៀនដែលអ្នកគ្រូប្រើជាញឹកញាប់ គឺអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀន។ បញ្ចូលរឿងរ៉ាវ និងសភាពការណ៍ជាក់ស្តែងក្នុងជីវភាពទៅក្នុងមេរៀន; កាត់បន្ថយស្ថានភាពគ្រូបង្រៀនធ្វើការម្នាក់ឯង៖ គ្រូបង្រៀនពន្យល់ - សិស្សកត់ត្រា។ អ្នកគ្រូជូ បង្ហើប ឱ្យដឹង៖ “វិញ្ញាសាអប់រំពលរដ្ឋ ថាពិបាកក៏មិនពិបាក ប៉ុន្តែក៏មិនស្រួលដែរ។ ម៉្យាងវិញ្ញាសា នេះងាយនឹងអនុវត្តទៅក្នុងជីវិតប្រចាំថ្ងៃ។ ឧទាហរណ៍ មេរៀន “ស្រឡាញ់មនុស្ស” ខ្ញុំអាចបញ្ចូលវាទៅក្នុងសកម្មភាពសប្បុរសធម៌ ដើម្បីអប់រំសិស្សអំពីសេចក្តីស្រឡាញ់ ការគោរពនិងអាកប្បកិរិយា។ល។ ផ្តើមពីនោះ យើងមិនត្រឹមតែផ្តល់ចំណេះដឹង ថែមទាំងអប់រំចរិតលក្ខណៈដល់សិស្សទៀតផង។
ប្អូនផាមយឿងយ៉ាប៉ាវ សិស្សថ្នាក់ទី៨A២ អនុវិទ្យាល័យប៊ិញធ្វី បាននិយាយថា ប្អូនពិតជាចូលចិត្តម៉ោងបង្រៀនរបស់អ្នកគ្រូជូណាស់ ពីព្រោះអ្នកគ្រូមានភាពរួសរាយរាក់ទាក់ និងយកចិត្តទុកដាក់ចំពោះសិស្ស។ មានសិស្ស ខ្លះខិលខូច រៀនខ្សោយអ្នកគ្រូបានស្តីបន្ទោសពួកគេ ប៉ុន្តែក៏មានវិធានការជួយឱ្យពួកគេរៀនបានល្អប្រសើរឡើងដែរ។ ដូចជារៀបចំចលនា “មិត្តរួមការងារ” មិត្តរៀនពូកែជួយណែនាំមិត្តរៀនមធ្យម ខ្សោយ។ល។ ក្នុងពេលបង្រៀន អ្នកគ្រូតែងបញ្ចូលល្បែងកម្សាន្ត និងអនុវត្ត ម្មវិធីបច្ចេកវិទ្យាព័ត៌មានទៅក្នុងមេរៀន។ ប្អូនយ៉ាប៉ាវ បានចែករំលែក៖ “អ្នកគ្រូបាននិទានរឿងក្មេងស្រីម្នាក់រើសបានរបស់ដែលគេជ្រុះ។ ជំនួសឱ្យការប្រគល់កាបូបដែលនាងរើសបាន សងទៅគេវិញ នាងបែរជារក្សាទុកសម្រាប់ខ្លួនឯង ហើយមួយរយៈក្រោយមក ក្មេងស្រីនោះក៏បាត់ប្រាក់ស្មើនឹងចំនួនដែលរើសបាននោះដែរ។ ផ្តើមពីរឿងនេះ អ្នកគ្រូជូ បានអប់រំប្អូនៗអំពីភាពស្មោះត្រង់ រើសបានរបស់ដែលគេជ្រុះ គួរប្រគល់ទៅឱ្យគេវិញ។ អ្វីជារបស់ខ្លួន គឺនៅជារបស់ខ្លួនអ្វីមិនមែនជារបស់ខ្លួន ទេ ក៏គង់រលាយបាត់ទៅវិញ។
កើតនិងធំដឹងក្តីក្នុងគ្រួសារកសិករខ្មែរនៅខេត្តសុកត្រាំង អ្នកគ្រូថាច់ធីជូ ជាកូនស្រីពៅ ក្នុងគ្រួសារដែលមានបងប្អូនប្រុសស្រីចំនួន៧ នាក់ (ក្នុងនោះ មានបងស្រី២នាក់ ជាគ្រូង្រៀន)។ ឆ្នាំ២០០៦ បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកគរុកោសល្យអប់រំពលរដ្ឋនៅមហាវិទ្យាល័យគរុកោសល្យសុកត្រាំង អ្នកគ្រូជូ ត្រូវបានចាត់ទៅបង្រៀននៅអនុវិទ្យាល័យសង្កាត់៣ និងអនុវិទ្យាល័យនិងវិទ្យាល័យ ឡេហ៊ុងផុង ខេត្តសុកត្រាំង។ បន្ទាប់ពីបង្រៀននៅខេត្ត កំណើតអស់រយៈពេល៧ឆ្នាំ នៅឆ្នាំសិក្សា ២០១៣-២០១៤ អ្នកគ្រូជូ បានប្តូរមកបង្រៀននៅអនុវិទ្យាល័យចូវវ៉ាន់លីម ខណ្ឌអូរម៉ូង ក្រុងកឹងធើ។ បន្ទាប់មកទៀត បានបញ្ជូនមកបង្រៀននៅសាលាអនុវិទ្យាល័យប៊ិញធ្វី ខណ្ឌប៊ិញធ្វី ក្រុងកឹងធើ ចាប់ពីឆ្នាំសិក្សា២០១៧-២០១៨ រហូតដល់បច្ចុប្បន្ន។ ប៉ុន្មានឆ្នាំមកនេះ ទោះបីបំពេញការងារនៅទីណា ក្នុងមុខតំណែងអ្វី អ្នកគ្រូជូ តែងតែបំពេញបានល្អនូវភារកិច្ចរបស់ខ្លួន ហើយទទួលបានកិត្តិនាមជាគ្រូបង្រៀនពូកែគ្រប់កម្រិត។ លេចធ្លោ គឺក្នុងឆ្នាំសិក្សា ២០២១-២០២២ អ្នកគ្រូមានកិត្តិយសបានទទួលបានប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនក្រុងកឹងធើ។ ទទួលបានកិត្តិនាមគ្រូអចិន្ត្រៃយ៍ពូកែថ្នាក់ខណ្ឌប៊ិញធ្វី សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩; ទទួលបានកិត្តិនាមគ្រូបង្រៀនពូកែថ្នាក់ខណ្ឌប៊ិញធ្វី សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤។ គ្រប់ចលនាប្រឡងប្រណាំងរបស់សាលា និងផ្នែកអប់រំបានបំផុស គឺអ្នកគ្រូជូ តែងចូលរួមទាំងអស់។ កាលពីឆ្នាំសិក្សា កន្លងសិស្សដែលអ្នកគ្រូទទួលបន្ទុកបំប៉នបានចូលរួមសម័យប្រឡងទាំងពីរលើក សុទ្ធសឹង តែទទួលបានរង្វាន់៖ រង្វាន់លេខ៣ ក្នុងពិធីប្រឡងបង្ការគ្រោះថ្នាក់ពីបារីថ្នាក់ស្រុក។ រង្វាន់លើកទឹកចិត្តក្នុងពិធីប្រឡងបង្ការប្រឆាំងអំពើហិង្សានៅក្នុងសាលារៀនថ្នាក់ខណ្ឌ។ ជាច្រើនឆ្នាំមកនេះ គុណភាពអប់រំជាទូទៅត្រូវបានរក្សាលំនឹងនិងលើកកម្ពស់ ហើយអ្នកគ្រូជូក៏បានអនុវត្តគម្រោងគំនិតច្នៃប្រតិដ្ឋថ្នាក់សាលានិងថ្នាក់ខណ្ឌផងដែរ។
លោកឡេថាញតឹង នាយកអនុវិទ្យាល័យប៊ិញធ្វី បានវាយតម្លៃ៖ “អ្នកគ្រូជូ មានចរិយាសម្បត្តិស្រគត់ស្រគំ មានសមត្ថភាព ស៊ូទ្រាំលំបាករៀនសូត្រ និងបំប៉នមុខជំនាញវិជ្ជាជីវៈ។ ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងរបស់សាលា។ ជាពិសេស អ្នកគ្រូស្រឡាញ់សិស្សណាស់។ វិញ្ញាសាអប់រំពលរដ្ឋ សាលាមានគ្រូបង្រៀនពីរនាក់ដែលទទួលបន្ទុកបំប៉នសិស្សពូកែ ក្នុងនោះ គឺមានអ្នកគ្រូជូផងដែរ។ ស្ទើរតែគ្រប់ចលនាដែលអ្នកគ្រូទទួលបន្ទុកសុទ្ធសឹងមានសិស្សចូលរួមនិងឈ្នះបានរង្វាន់ជានិច្ច។ អាស្រ័យហេតុនោះ ការរួមចំណែករបស់អ្នកគ្រូជូ បានរួមចំណែក ជូនស្នាដៃរួមរបស់សាលាផងដែរ”៕
ង៉ឹង - បកប្រែ៖ សុផន