ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក កំពុងអភិវឌ្ឍខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ បង្កើតឱកាសការងារជាច្រើនក្នុងប៉ុន្មានឆ្នាំជិតៗនេះ។
ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក កំពុងបង្កើតឱកាសការងារជាច្រើន។ (រូបជាឧទាហរណ៍)
ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកធំៗ ដូចជា Shopee, Lazada, TikTok Shop ។ល។ កំពុងទាក់ទាញអតិថិជនយ៉ាងច្រើន ផ្តើមពីនោះ បង្កើតឱកាសការងារជាមួយនឹងកម្រិតប្រាក់ខែទាក់ទាញអារម្មណ៍និស្សិតជាច្រើនដែលទើបបញ្ចប់ការសិក្សា។ ហើយក៏មានបេក្ខជនជាច្រើនមិនប្រាកដក្នុងចិត្តថា គួរតែសិក្សាមុខវិជ្ជាណាទើបអាចធ្វើការនៅទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកបាន។
មុខវិជ្ជាជួយ “រកលុយ” នៅទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក
ពាណិជ្ជកម្មអេឡិចត្រូនិក គឺជាសកម្មភាពអាជីវកម្មតាមរយៈខឿនអ៊ីនធឺណិត និងបណ្តាញកុំព្យូទ័រ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងដំណើរការជួញដូរតាមអ៊ីនធឺណិតរបស់អាជីវកម្ម។
លោកង្វៀងក្វាងទ្រុង អនុប្រធានការិយាល័យគ្រប់គ្រងការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យពាណិជ្ជកម្ម ឱ្យដឹង៖ បេក្ខជនអាចជ្រើសយកច្រើនមុខវិជ្ជាសិក្សា ដើម្បីមានឱកាសធ្វើការនៅទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក។ ក្នុងនោះ មានមុខវិជ្ជាគ្រប់គ្រងពាណិជ្ជកម្មអេឡិចត្រូនិក និងម៉ាឃីតធីង មានការទាក់ទងផ្ទាល់ដល់វិស័យនេះ ដែលបេក្ខជនជាច្រើនចង់ស្វែងរកសិក្សា។
ដើម្បីមានមុខតំណែងការងារនៅទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកឈានមុខគេនោះ បេក្ខជនក៏អាចស្វែងយល់បន្ថែមនូវមុខវិជ្ជាមួយចំនួនទៀត ដូចជា៖ Logistics និងគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់ប្រព័ន្ធព័ត៌មានគ្រប់គ្រង សារគមនាគមន៍ពហុមធ្យោបាយ គ្រប់គ្រងអាជីវកម្ម និងវិទ្យាសាស្ត្រទិន្នន័យ។
បន្ទាប់ពីបញ្ចប់ការសិក្សា ជាមួយនឹងចំណេះដឹងនិងឧត្តមភាពអំពីការកសាងយុទ្ធសាស្ត្រអាជីវកម្ម បំណិនវិជ្ជាជីវៈពាក់ព័ន្ធដល់វិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យានិងភាសាបរទេស និស្សិតអាចដាក់ពាក្យសុំធ្វើការនៅតាមក្រុមហ៊ុន សម្ព័ន្ធក្រុមហ៊ុនទាំងក្នុងនិងក្រៅប្រទេស។
កម្រិតប្រាក់ខែនៅទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក
តាមការកត់សម្គាល់ មុខតំណែងការងារនៅទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកកំពុងបាននិយោជកជាច្រើនរង់ចាំទទួល រួមមានមុខតំណែងការងារមួយចំនួន លោកអ្នកអាចស្វែងយល់បន្ថែមដូចជា៖ ជំនួយការពាណិជ្ជកម្មអេឡិចត្រូនិក គ្រប់គ្រងផលិតផលអនឡាញ ជំនាញវិភាគម៉ាឃីតធីង បុគ្គលិកខ្លឹមសារនិងផ្សាយពាណិជ្ជកម្ម។
សាកលវិទ្យាល័យដុងអា ផ្តល់ព័ត៌មាន៖ កម្រិតប្រាក់ខែដំបូងរបស់បុគ្គលិកលើវិស័យនេះក្នុងរង្វង់ពី៦-១០លានដុង/ខែ។ នៅពេលមានបទពិសោធន៍ការងារ ប្រាក់ខែរបស់លោកអ្នកអាចឡើងដល់១៥-២០លាន/ខែ។
ក្នុងនោះ ប្រាក់ខែខ្ពស់បំផុតបានទៅលើមុខតំណែងនាយកពាណិជ្ជកម្មអេឡិចត្រូនិក ស្ថិតក្នុងរង្វង់ពី៣០-៥០លាន/ខែ ឬខ្ពស់ជាងទៀតអាស្រ័យលើសមត្ថភាព។ ដើម្បីបានធ្វើការក្នុងមុខតំណែងនេះ ទាមទារលោកអ្នកត្រូវតែមានបទពិសោធន៍៦ឆ្នាំក្នុងមុខតំណែងស្រដៀងគ្នា និងបទពិសោធន៍គ្រប់គ្រង២ឆ្នាំ។
ក្រៅពីនោះ អ្នកដែលធ្វើការក្នុងផ្នែកនេះ អាចបង្កើនប្រាក់ចំណូលដោយវិធីទទួលការងារបន្ថែមម៉ោង ដូចជា៖ បុគ្គលិកពិគ្រោះផ្នែកលក់ទំនិញ ការបិទការបញ្ជាទិញតាមអនឡាញ ប្រចាំការទំព័រលក់ទំនិញអនឡាញ ម៉ាឃីតធីង អនឡាញ ច្នៃប្រតិដ្ឋខ្លឹមសារនិងដំណើរការផ្សាយពាណិជ្ជកម្ម។
បច្ចុប្បន្ន មានសាកលវិទ្យាល័យជាច្រើនបានបណ្តុះបណ្តាលមុខវិជ្ជាជួយដល់បេក្ខជនអាចធ្វើការនៅទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក៖ ដូចជា សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ, សាកលវិទ្យាល័យរដ្ឋធានីហាណូយ, វិទ្យាស្ថានបច្ចេកវិទ្យាប្រៃសណីយ៍និងទូរគមនាគមន៍ សាកលវិទ្យាល័យគរុកោសល្យបច្ចេកទេសក្រុងហូជីមិញ និងសាកលវិទ្យាល័យវ៉ាន់ឡាង៕
យោង៖ VTC News - បកប្រែ៖ វិមាន