ខេត្តសុកត្រាំង តែងរៀបចំសមោសរ ពិធីប្រឡងសម្តែងវប្បធម៌ សិល្បៈជាប្រចាំ សំដៅបង្កលក្ខណៈដល់ស្រទាប់យុវវ័យចូលរួមប្រឡងសម្តែង រួមចំណែកអភិរក្សវប្បធម៌ ប្រពៃណីជនជាតិខ្មែរ។
របាំ “ ប្រណាំងទូក-ងសុកត្រាំង” សម្តែងដោយក្លឹបវត្តព្រះបួនព្រះភក្ត្រ។
បទចម្រៀង ចង្វាក់រាំរបស់ជនជាតិខ្មែរ តែងបានយុវវ័យជំនាន់ក្រោយអភិរក្សនិងពង្រីក។
ក្នុងពិធីសមោសរចម្រៀងទូរទស្សន៍ភាសាខ្មែរតំបន់ណាមបូ លើកទីមួយនៅខេត្តសុកត្រាំង ដែលស្ថានីយវិទ្យុនិងទូរទស្សន៍សុកត្រាំង សហការជាមួយនាយកដ្ឋានទូរទស្សន៍ ភាសាជនជាតិ (VTV៥) ស្ថានីយទូរទស្សន៍វៀតណាមរៀបចំឡើង គឺមានសិល្បករ-ការិនី មិនជំនាញជាង១០០នាក់របស់ក្លឹប និងក្រុមសិល្បៈ គ្រួសារ និងបុគ្គល មកពីខេត្តសុកត្រាំង ត្រាវិញ អាងយ៉ាង គៀងយ៉ាងចូលរួម។ បើតាមសិល្បករឆ្នើម ឡឹមវិញភឿង នាយករង ស្ថានីយវិទ្យុនិងទូរទស្សន៍សុកត្រាំង សមោសរ មានអ្នកចម្រៀង និងតន្ត្រីករចូលរួមច្រើនកុះករ ដោយមានគ្រប់វ័យ ចំណែកបទចម្រៀងមានតាំងពីបទប្រពៃណីរហូតដល់បទសម័យ។ ពិសេស អ្នកដែលចូលរួមមានមុខរបរផ្សេងៗគ្នា ដូច៖ កសិករ គ្រូបង្រៀន កម្មករ សិស្ស និស្សិត៘ ប្រការនេះកាន់តែបញ្ជាក់ច្បាស់នូវតម្លៃវប្បធម៌ខ្មែរបាននិងកំពុងបានជនរួមជាតិខ្មែរលើកកម្ពស់ អភិរក្សនិងមានភាពសាយភាយយ៉ាងខ្លាំងក្នុងជីវភាព ហើយត្រូវបានយុវវ័យជំនាន់ក្រោយស្នងបន្ត។
សិស្សវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿងសុកត្រាំង ប្រគំភ្លេងពិណពាទ្យ។
បងស្រីលីគីមក្វៀង នៅស្រុកកេសាច់ ឈ្នះរង្វាន់លេខមួយក្នុងសមោសរសិល្បៈ ឱ្យដឹង៖ “នាងខ្ញុំពេញចិត្តរបាំចម្រៀងតាំងពីកុមារភាព ម្ល៉ោះហើយតែងចូលរួមក្រុមសិល្បៈរបស់វត្តខ្សាច់។ នៅពេលរៀនចប់គរុកោសល្យចូលបង្រៀននៅសាលាអន្តេវាសិកស្រុកកេសាច់ នាងខ្ញុំនៅតែផ្សារភ្ជាប់នឹងសិល្បៈចម្រៀងរបាំ។ អាស្រ័យហេតុនោះ នៅពេលខេត្តរៀបចំសមោសរសិល្បៈ នាងខ្ញុំតែងចូលរួមនិងច្រៀងបទ ចម្រៀងស្ងើចសរសើរអ៊ំហូ ហេតុនោះ ពេលដណ្ដើមបានរង្វាន់លេខមួយខ្ញុំត្រេកអរណាស់។ បច្ចុប្បន្ន នៅសាលារៀននាងខ្ញុំក៏បង្ហាត់បង្រៀន របាំ ចម្រៀងដោយផ្ទាល់ដល់ក្រុមសិល្បៈរបស់សាលាផងដែរ”។ ចំណែកបងស្រីសើុងធីយ៉េវ ប្រធានក្លឹបសិល្បៈវត្តព្រះបួនព្រះភក្ត្រ ស្រុកចូវថាញ់ ឱ្យដឹង៖ “សមាជិកក្នុងក្លឹបវ័យនៅក្មេងៗ ម្ល៉ោះហើយអ្នកណាក៏ស្រឡាញ់ចូលចិត្ត ច្រៀងរាំដែរ ហេតុនេះ នៅពេលរាត្រី បន្ទាប់ពីត្រឡប់មកពីធ្វើការងារ យើងខ្ញុំតែងនាំគ្នាទៅវត្តព្រះបួនព្រះភក្ត្រហាត់សមរបាំប្រពៃណីរាំវង់ ម៉ាឌីស្សុន៘ និងហាត់ច្រៀងបទចម្រៀងសម័យ។ ភាគច្រើនសមាជិកក្នុងក្លឹបតែងស្រឡាញ់ចូលចិត្តនិងមានចិត្តស្នេហាសិល្បៈ ចង់ពាំនាំសិល្បៈប្រពៃណីរបស់ជនជាតិខ្មែរ បម្រើជូនមាមីងនិងបណ្តាជនជាតិជាបងប្អូនទស្សនា កម្សាន្ត ព្រួតដៃគ្នាអភិរក្សនិងពង្រីក”៕
លីធាន - លីសៀ