ដោយឆន្ទៈនិងការប្តេជ្ញាចិត្ត ប្អូនស្រីឌឿងធីត្វៀកត្រិន សិស្សថ្នាក់ទី ១១D នៃវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ខេត្តសុកត្រាំង បានជម្នះលើស្ថានភាពលំបាក បន្តដំណើរសិក្សារបស់ខ្លួន ដើម្បីសម្រេចនូវក្តីសុបិនចង់មានអនាគតល្អ។
ឌឿងធីត្វៀកត្រិន ឧស្សាហ៍ចូលបណ្ណាល័យ ស្វែងរកសៀវភៅអក្សរសិល្ប៍ល្អៗមកអាន។
តាមសំដី ត្វៀកត្រិន ដោយជីវភាពគ្រួសារលំបាក កាលប្អូននៅតូចឪពុកម្តាយបានទៅធ្វើកម្មករនៅខេត្តប៊ិញយឿង ទុកប្អូនឱ្យនៅជាមួយនឹងយាយតា។ រៀងរាល់ខែ ឪពុកម្តាយគ្រាន់តែផ្ញើប្រាក់ទៅផ្ទះ ត្វៀកត្រិន ដឹងពីស្ថានភាពគ្រួសារលំបាកដូច្នោះ ក៏បានតាំងចិត្តរៀនសូត្រឱ្យបានល្អ។ ក្នុងអំឡុងពេលសិក្សានៅអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាច់ ត្វៀកត្រិន ជាសិស្សពូកែរបស់សាលា។ ឆ្នាំ ២០២១ នៅពេលដែលឪពុករបស់ប្អូនទទួលមរណភាពដោយសារជំងឺ COVID-១៩ ជីវភាពគ្រួសារកាន់តែដុនដាប់ គ្រួសារចង់ឱ្យប្អូនឈប់រៀន។ ប៉ុន្តែដោយការប្តេជ្ញាចិត្តក្នុងការសិក្សា ត្វៀកត្រិន បានបញ្ចុះបញ្ចូលគ្រួសារដើម្បីឱ្យប្អូនបានបន្តការសិក្សារ។ ត្វៀកត្រិន សំណេះសំណាល៖ “ម្តាយម្នាក់ឯងរែកពុនរាល់ការចំណាយក្នុងគ្រួសារពិតជាលំបាកខ្លាំងណាស់ ប៉ុន្តែប្រសិនបើប្អូនបោះបង់ការសិក្សា អនាគតប្អូននឹងវេទនាដូចម្តាយដែរ។ ហេតុនេះ ប្អូនក៏បានសូមម្តាយផ្តល់ឱកាសឱ្យប្អូនប្រឡងចូលវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ប្រសិនបើប្អូនប្រឡងជាប់ប្អូននឹងបន្តការសិក្សា ប្រសិនបើបរាជ័យប្អូននឹងទៅធ្វើកម្មករជាមួយម្តាយ ជួយគិតគូរគ្រួសារ។ ព្រោះនេះជាសាលារដ្ឋចំណាយទាំងអស់លើការសិក្សា ហើយបើរៀនពូកែថែមទាំងបានទទួលអាហារូបករណ៍ទៀតផង“។ ចាប់ពីពេលនោះ ត្វៀកត្រិន បានតាំងចិត្តសិក្សារៀនសូត្រ ក្រៅពីម៉ោងរៀននៅក្នុងសាលា ប្អូនតែងចូលបណ្ណាល័យអានសៀវភៅ និងធ្វើលំហាត់តាមប្រព័ន្ធអ៊ីនធឺណែត ទីបំផុតប្អូនក៏បានប្រឡងជាប់ចូលវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ដូចបំណង។
ឆ្នាំសិក្សា ២០២២-២០២៣ ត្វៀកត្រិន ជាប់និទ្ទេសគ្រាន់បើរបស់សាលា ទទួលបានអាហារូបករណ៍តម្លៃ៥០លានដុង និងផ្ទះមួយខ្នង អាស្រ័យដោយសម្ព័ន្ធយុវជនខេត្តសុកត្រាំងឧបត្ថម្ភ។ ប្អូនត្វៀកត្រិន បានឱ្យដឹង៖ “អាហារូបករណ៍គឺជាការលើកទឹកចិត្ត ជំរុញស្មារតីដ៏ធំសម្រាប់ប្អូនបន្តការសិក្សា។ បានរៀននៅសាលាជនជាតិអន្តេវាសិកគឺសុភមង្គលធំបំផុត ព្រោះថាជានិច្ចកាលតែងមានលោកគ្រូ អ្នកគ្រូយកចិត្តទុកដាក់ ថែមទាំងបានរដ្ឋគិតគូររាល់ការចំណាយទាំងអស់។ ចំពោះមុខ ប្អូននឹងខិតខំសិក្សាឱ្យបានល្អ ដើម្បីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងចូលរៀនគរុកោសល្យកីឡា ព្រោះថារៀនផ្នែកគរុកោសល្យមិនចាំបាច់បង់ថ្លៃសិក្សា កាត់បន្ថយបន្ទុកឱ្យម្តាយផង“។ ដោយមានបំណងចង់រួចផុតពីភាពក្រីក្រតាមរយៈការសិក្សា ម៉្លោះហើយនៅក្នុងថ្នាក់រៀន ត្វៀកត្រិន តែងត្រងត្រាប់ស្តាប់លោកគ្រូ អ្នកគ្រូពន្យល់មេរៀន សរសេរមេរៀន គ្រោងមេរៀន និងធ្វើលំហាត់ពេញលេញ។ រីឯម៉ោងរៀនដោយខ្លួនឯង ប្អូនរួមធ្វើលំហាត់ពិបាកជាមួយមិត្តភ័ក្ដិ ពេលត្រឡប់មកបន្ទប់វិញគឺរកអត្ថបទល្អៗមកអាន ទើបប្អូនមានចំណេះដឹងច្រើនជំនួយដល់សិក្សារបស់ប្អូនបានល្អ។
មិនត្រឹមតែរៀនពូកែនោះទេ ត្វៀកត្រិន ថែមទាំងជាកូនឆ្លាត ជួយម្តាយរែកពុនក្នុងគ្រួសារ។ រៀងរាល់ឆ្នាំ ឱ្យតែរដូវវិស្សមកាលគឺប្អូនឡើងទៅប៊ិញយឿង រស់នៅជាមួយម្តាយ ដើម្បីធ្វើការជាអ្នករត់តុនៅភោជនីយដ្ឋាន ឬហាងកាហ្វេ ដើម្បីរកប្រាក់ជួយគ្រួសារ។ ថ្វីដ្បិតតែដូច្នោះ ប្អូននៅតែរក្សាលទ្ធផលសិក្សាបានល្អជានិច្ច។ លោកគ្រូគឹមវ៉ាន់ង៉យ នាយករងនៃវិទ្យាល័យជនជាតិអន្តេវាសិក ហ្វិញកឿង មានប្រសាសន៍៖ “ប្អូនឌឿងធីត្វៀកត្រិន ជាសិស្សឆ្លាត មានសមិទ្ធផលសិក្សាល្អ និងសកម្មចូលរួមចលនាសិល្បៈ និងកីឡារបស់សាលា។ ឆ្នាំ ២០២៣ ប្អូនម្នាក់ឯងទទួលបានមេដាយមាសចំនួន ២ គ្រឿង ក្នុងការប្រឡងរត់ស៊ូទ្រាំ និងលោតចម្ងាយ ហើយបច្ចុប្បន្នប្អូននៅក្នុងក្រុមជម្រើសរបស់សាលា។ ដោយឆន្ទៈ ថាមពល និងការតាំងចិត្តជម្នះស្ថានភាពលំបាក ខ្ញុំជឿជាក់ថា ប្អូនអាចសម្រេចបាននូវក្តីសុបិនរបស់ខ្លួនគឺធ្វើជាគ្រូបង្រៀនវិញ្ញាសាកីឡា ដើម្បីមានអនាគតល្អ”៕
យ្វីអាញ់