អាស្រ័យដោយគុណសម្បត្តិសម្បូរដោយអាស៊ីតខ្លាញ់ ប្រូតេអ៊ីន ជាតិសរសៃ សារធាតុប្រឆាំង អុកស៊ីតកម្ម polyphenol, vitamin និងសារធាតុរ៉ែមានប្រយោជន៍ សណ្ដែកដីត្រូវបានចាត់ទុកជាអាហារសម្បូរជីវជាតិនិងអាចរួមចំណែកបង្កើនសុខភាព។ ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រអេស្ប៉ាញ រកឃើញថា ការហូបសណ្ដែកដីច្រើនមានគុណប្រយោជន៍បង្កើនសុខភាពសរសៃឈាម។
រូបជាឧទាហរណ៍។
ដើម្បីវាយតម្លៃផលប៉ះពាល់នៃសណ្តែកដីដល់សុខភាពអ្នកហូប ក្រុមអ្នកឯកទេសនៅមហាវិទ្យាល័យ Barcelona បានសំណូមពរអ្នកដែលមានសុខភាពមាំទាំ៦៣នាក់ ចាប់តាំងពីអាយុ១៨ដល់៣៣ឆ្នាំ បំប៉នជារៀងរាល់ថ្ងៃមួយចំណែកផលិតផលធ្វើពីសណ្ដែកដីចូលទៅក្នុងរបបអាហារធម្មតារបស់ពួកគេ រយៈពេល៦ខែ។ លទ្ធផលចុងក្រោយបានបង្ហាញថា មានការកើនឡើងគួរឱ្យកត់សម្គាល់នៃសារធាតុ phenolic ក្នុងទឹកនោមចំពោះមនុស្សវ័យជំទង់ដែលហូបសណ្តែកដី និងប័រសណ្តែកដីជារៀងរាល់ថ្ងៃ បើប្រៀបធៀបទៅនឹងក្រុមត្រួតពិនិត្យដែលសំណូមពរឱ្យហូបការ៉េមគ្មានជាតិសរសៃ ឬ polyphenol។ អ្នកដែលបានហូបសណ្តែកដីក៏មានកម្រិត prostacyclin I2 ប្រសើរឡើង និងសមាមាត្ររវាង thromboxane A2 និង prostacyclin I2, Eicosanoids - សញ្ញាជីវសាស្រ្តនៃសុខភាពសរសៃឈាម។
ការរកឃើញខាងលើ បានពង្រឹងសម្មតិកម្ម ដែលក្រុមអ្នកសិក្សាស្រាវជ្រាវលើកឡើងមុននោះ អំពីប្រសិទ្ធភាពការពារនៃសារធាតុ poly phenols លើសុខភាពសរសៃឈាមបេះដូងចំពោះមនុស្សពេញវ័យ ក៏ដូចជាលើសរសៃឈាមផងដែរ។ យោងតាមក្រុមអ្នកសិក្សាស្រាវជ្រាវ polyphenols គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាសមាសធាតុមួយប្រឆាំងការរលាកដ៏សំខាន់នៅក្នុងរបបអាហារ។ នេះក៏ជាការសិក្សាអន្តរាគមន៍ផ្នែកអាហារូបត្ថម្ភលើកដំបូងដើម្បីបញ្ជាក់ថា សុខភាពសរសៃឈាមមានភាពប្រសើរឡើងមានការទាក់ទិនជាមួយនឹងការប្រឆាំងឈាមកកដែរឬទេ (កាត់បន្ថយការបង្កើតកំណកឈាម) និងមានប្រសិទ្ធភាពធ្វើឱ្យយឺតសរសៃឈាមចំពោះមនុស្សវ័យក្មេងដែលមានសុខភាពមាំទាំក្រោយពីហូបសណ្តែកដី៕
យោងតាម: ឌិញញី (បកប្រែពី Theo Study Finds)