ការវិនិយោគកសិដ្ឋានបណ្ដុះផ្សិតចំបើងក្នុងផ្ទះកញ្ចក់លើផ្ទៃដី ៥០០ម២ របស់បងស្រី ង្វៀងហ្វាងង៉ុកអៀង អាយុ ៣៣ ឆ្នាំនៅឃុំភូហឹង ស្រុកភូតឹង ខេត្តអាងយ៉ាង ប្រមូលផលផ្សិតពី១០-២៥ គីឡូក្រាមរៀងរាល់ថ្ងៃ ផ្ដល់ប្រាក់ចំណូលលំនឹង។
បងស្រី ង្វៀងហ្វាងង៉ុកអៀង ឧទ្ទេសនាមពីផលិតផលផ្សិតចំបើងដែលបណ្ដុះក្នុងផ្ទះកញ្ចក់។
នៅខែកញ្ញា ឆ្នាំ ២០២០ បងអៀងនិងស្វាមីបានសម្រេចចិត្តលាឈប់ពីការងារ ហើយត្រឡប់ទៅស្រុកកំណើតបង្កើតកសិដ្ឋានបណ្ដុះផ្សិត ដោយមានឈ្មោះថា តាយផាក នៅលើដីរបស់គ្រួសារ។ ការចំណាយលើការបង្កើតកសិដ្ឋាននិងវិនិយោគសរុបជាង ២០០ លានដុង ចំនួនទឹកប្រាក់ទាំងនេះគឺអាស្រ័យ បងស្រីនិងស្វាមីសន្សែសន្សំ និងខ្ចីឪពុកម្ដាយ។ “ដីធ្វើកសិដ្ឋានខ្ចីឪពុកម្ដាយក្មេក ចំណែកប្រាក់វិនិយោគសាងសង់គឺខ្ចីបន្ថែមពីឪពុកម្ដាយបង្កើតនាងខ្ញុំ។ ការបណ្ដុះសាកល្បងចំណាយ ពេលជិតកន្លះឆ្នាំ កែកុនផ្ទះបណ្ដុះផ្សិតឱ្យសមស្របទៅនឹងសីតុណ្ហភាពនិងបរិស្ថាននៅជនបទ។ កាលនោះ ការបណ្ដុះផ្សិតមិនធ្លាក់ដល់ការខាតបង់ក៏ពិតមែន ប៉ុន្តែមិនចំណេញ។ ក្រោយៗមកនៅពេលស្រាវជ្រាវហ្មត់ចត់អំពីសីតុណ្ហភាពនិងសំណើមសមស្រប ទើបម្ចាស់ការបានការផលិតសម្រេចដោយជោគជ័យ” បងអៀង បានរ៉ាយរ៉ាប់ដូច្នោះ។
រហូតដល់ដើមឆ្នាំ ២០២៣ បងអៀងនិងស្វាមី បានបើកទូលាយផ្ទៃដីកសិដ្ឋានដល់ទៅ៥០០ម២ ដោយមានផ្ទះបណ្ដុះផ្សិតចំនួន ៨ ផ្ទះនីមួយៗ ទំហំ៣០-៦០ម២។ ផ្ទះបណ្ដុះផ្សិតទាំងនេះត្រូវបានសង់បិទជិតខាងក្នុងមានធ្វើធ្នើរដែក៣ថ្នាក់ សម្រាប់ផ្ទុកចំបើងបណ្ដុះផ្សិត រួមជាមួយនឹងគ្រឿងចក្រ ឧបករណ៍ទំនើបៗជាច្រើនសម្រាប់រក្សាសំណើមនិងសីតុណ្ហភាពសមស្របដើម្បីផ្សិតលូតលាស់។ តាមសម្ដីបងស្រីអៀង ការបណ្ដុះផ្សិតក្នុងផ្ទះកញ្ចក់អាចជម្នះរាល់ចំណុចខ្សោយនៃវិធីសាស្រ្តបណ្ដុះតាមប្រពៃណី ការប្រើប្រាស់ផ្ទៃដីនិងចំបើងតិច អាចម្ចាស់ការលើជំងឺនិងសីតុណ្ហភាព សំណើមសមស្រប និងបណ្ដុះបានពី ១៥-១៦ រដូវក្នុងមួយឆ្នាំ។ល។ បងស្រីអៀង ឱ្យដឹង៖ “មុនដំបូង ខ្ញុំរៀបចំបើងដោយរបៀបបញ្ឈរ ប៉ុន្តែក្រោយរយៈពេលបណ្ដុះ សង្កេតឃើញមានផលវិបត្តិ ព្រោះថានៅពេលពង្រីកទម្រង់បណ្ដុះតាមបែបឧស្សាហកម្ម គឺទម្រង់នេះមិនអាចឆ្លើយតបបាន។ ក្រោយមក ខ្ញុំក៏ផ្លាស់មកបណ្ដុះតាមរបៀបរៀបជាធ្នើរវិញ ធ្នើរនីមួយៗមានប្រវែងពី៦-៧ ម៉ែត្រ ផ្ទុកចំបើងបណ្ដុះមានប្រសិទ្ធភាពជាង”។
ផ្សិតបណ្ដុះប្រមាណពី២០-២២ថ្ងៃគឺអាចប្រមូលផលបាន។ រៀងរាល់ថ្ងៃ បងអៀង ប្រមូលផលពី១០-១៥ គីឡូក្រាម គាប់ជួនថ្ងៃខ្លះ អាចកើនដល់២០-២៥ គីឡូក្រាម។ ផ្សិតត្រូវបានបងអៀង លក់ឱ្យម៉ូយនៅតាមផ្សារក្នុងតម្លៃ ៦៥.០០០ ដុង/គីឡូក្រាម នាំមកប្រាក់ចំណូលពីរាប់រយពាន់ដុងដល់ជាង ១ លានដុង/ថ្ងៃ៕
កាសែតកឹងធើ - ថាច់ធី