ទូទាំងខេត្តសុកត្រាំង មានជាង១៦៤.០០០គ្រួសារត្រូវបានទទួលស្គាល់សម្រេចកិត្តិនាម “គ្រួសាររៀនសូត្រ” ក្នុងនោះ មានគ្រួសារលោកថាច់សន នៅភូមិសុកបឹង ឃុំថាញ់ភូ ស្រុកមីស្វៀង និងគ្រួសារលោកយ័ញនៅ នៅភូមិទ្រុងញឹក ឃុំឡឹមតឹង ស្រុកថាញ់ទ្រី ខេត្តសុកត្រាំង។
បច្ចុប្បន្ន ជនរួមជាតិខ្មែរនៅខេត្តសុកត្រាំង តែងយកចិត្តទុកដាក់គិតគូរ
ឱ្យកូនចៅបានទៅរៀនសូត្រ។
លោកថាច់សន នៅភូមិសុកបឹង បានជម្នះភាពក្រីក្រ ដើម្បីចិញ្ចឹមកូនទាំង៤នាក់ឱ្យរៀនសូត្រដល់ចប់មហាវិទ្យាល័យ។ លោកថាច់សន បានឱ្យដឹង៖ “គ្រួសារខ្ញុំមានដីស្រែត្រឹមតែ១០កុង ដូច្នេះការប្រកបរបរធ្វើស្រែចម្ការ ដាំដំណាំ ចិញ្ចឹមគោ និងជ្រូក។ល។ គឺលំបាកខ្លាំងណាស់ ហើយគ្រប់តែសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃប៉ុណ្ណោះ។ ម្ល៉ោះហើយខ្ញុំមិនចង់ឲ្យកូនលំបាកដូចខ្លួនទេ ទើបសម្រេចចិត្តចិញ្ចឹមកូនៗឱ្យរៀនសូត្រដល់ចប់មហាវិទ្យាល័យ។ ខណៈពេលដែលកូនរៀននៅមហាវិទ្យាល័យ ខ្ញុំបានបញ្ចាំដីស្រែបន្តិចម្តងៗ ដើម្បីគិតគូរការរៀនសូត្ររបស់កូនៗ។ ពេលកូន៤នាក់រៀនចប់ ខ្ញុំក៏បញ្ចាំដីអស់១០ កុងដែរ។ ជាការតបស្នងវិញកូនៗរបស់ខ្ញុំ ឥឡូវជាគ្រូបង្រៀនជាវេជ្ជបណ្ឌិត ហើយមានជីវភាពធូរធារ។ សព្វថ្ងៃ ខ្ញុំសប្បាយចិត្តណាស់ដែលឃើញកូនៗបានជោគជ័យ”។
ចំណែកគ្រួសារលោកយ័ញនៅ នៅភូមិទ្រុងញឹក ក៏បានជម្នះភាពក្រីក្រ ដើម្បីចិញ្ចឹមកូនរៀនសូត្របានជោគជ័យដែរ។ បើតាមលោកយ័ញនៅ កាលពីមុន គ្រួសារគាត់មានដីស្រែតែពីរបីកុងប៉ុណ្ណោះ ដូច្នេះដើម្បីមានប្រាក់គិតគូរឱ្យកូនៗរៀនសូត្រ ប្រពន្ធរបស់គាត់ ឈ្មោះសឺនធីឡាង បានក្រោកពីព្រលឹម ដើម្បីចម្អិនបបរលក់ឱ្យសិស្សសាលានិងមាមីងក្នុងភូមិស្រុក; ពេលថ្ងៃត្រង់ធ្វើបង្អែមនិងនំបញ្ចុករែកដើរលក់តាមភូមិស្រុក។ ជីវភាពគ្រួសារគាត់បានប្រព្រឹត្តទៅបែបនេះឯង ប្តីប្រព័ន្ធគាត់ខិតខំរកប្រាក់សម្រាប់ផ្គត់ផ្គង់ឱ្យកូន៣នាក់រៀនចប់មហាវិទ្យាល័យដែរ។ លោកយ័ញនៅ បានឱ្យដឹង៖ “បំណងប្រាថ្នាធំបំផុតរបស់ប្តីប្រព័ន្ធខ្ញុំ គឺគិតគូរឱ្យកូនៗបានរៀនសូត្រជោគជ័យ ដើម្បីបានចាកផុតពីភាពក្រីក្រ។ ពេលឃើញកូនរៀនបានលទ្ធផលល្អ ក៏បានផ្តល់កម្លាំងចិត្តដល់យើងខ្ញុំថែមទៀត ដើម្បីជម្នះជំងឺលើសឈាម ទឹកនោមផ្អែម។ល។ បន្តធ្វើការងាររកប្រាក់ចិញ្ចឹមកូន។ ប្តីប្រព័ន្ធខ្ញុំបានស្រុះស្រួលគ្នាក្នុងការគិតគូរចិញ្ចឹមកូន និងបានលើកទឹកចិត្តកូនឱ្យប្រឡងចូលមុខជំនាញនគរបាល ដើម្បីក្លាយជាយុទ្ធជននគរបាល ជួយការពារភូមិស្រុកនិងប្រទេសជាតិមាតុភូមិឱ្យបានសុខសាន្ត”។
ដោយការខិតខំឆ្លងកាត់ភាពក្រីក្រ និងការតស៊ូរកប្រាក់ផ្គត់ផ្គង់ការសិក្សារបស់កូនៗ ឥឡូវ គ្រួសាររបស់លោកយ័ញនៅនិងលោកថាច់សន ក៏បានប្រមូលផលផ្លែផ្កាសម្រាប់ជីវិត។ បច្ចុប្បន្ន កូនៗរបស់លោកទាំងពីរក៏បានក្លាយជាគ្រូបង្រៀន វេជ្ជបណ្ឌិត និងយុទ្ធជននគរបាល កំពុងបំពេញភារកិច្ចបានល្អ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការពារភាពសុខសាន្តជូនភូមិស្រុក ប្រទេសជាតិ៕
យ្វីអាញ - បកប្រែ៖ សុផន