មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

20/11/2023 - 15:27

ដំ​ណើរ​នៃ​ការ​បង្រៀន​អក្សរ​ខ្មែរ ២៩ ឆ្នាំ

អស់​រយៈ​ពេល ២៩ ឆ្នាំ​កន្លង លោក​គ្រូ​គឹម​សាល តែង​យក​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​បង្ហាត់​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ និង​ព្រះ​សង្ឃ​ក្នុង​វត្ត។ បច្ចុប្បន្ន មាន​សិស្ស​ជា​ច្រើន​មាន​វ័យ​វឌ្ឍនា​ការ ប៉ុន្តែ​លោក​គ្រូ​នៅ​តែ​បន្ត​ការ​ងារ​បង្ហាត់​បង្រៀន និង​បណ្ដុះ​ពន្លក​សិស្ស​ជំ​នាន់​ថ្មីជា​លំ​ដាប់។

លោក​គ្រូ​គឹម​សាល។

លោក​គ្រូ​គឹម​សាល ស្នាក់​នៅ​អនុសង្កាត់ ១០ សង្កាត់ ៧ ក្រុង ត្រា​វិញ ខេត្ត​ត្រា​វិញ បាន​ផ្សារ​ភ្ជាប់​នឹង​ការ​ងារ​បង្ហាត់​បង្រៀន​អក្សរ​ខ្មែរ នៅ​វត្ត​ខ្ទឹង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ពី​មុន​លោក​គ្រូ​ជា​អនុប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​សង្កាត់ ៧ ក្រុង​ត្រា​វិញ ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ខ្ទឹង អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​តំបន់​ជន​រួម​ជាតិ​ខ្មែរ។ លោក​គ្រូ​គឹម​សាល ឱ្យ​ដឹង៖ “បាន​រួម​ចំ​ណែក​ផ្ដល់​ចំ​ណេះ​ដឹង​ជូន​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ និង​ព្រះ​សង្ឃ​ក្នុង​វត្ត គឺ​ក្ដី​មោទ​នៈសម្រាប់​រូប​ខ្ញុំ។ ការ​រួម​ចំ​ណែក​ជូន​សង្គម​គឺ​ករណីយ​កិច្ច​របស់​ប្រ​ជា​ជន​គ្រប់​រូប ចំពោះ​រូប​ខ្ញុំ​ក៏​ដូច្នោះ​ដែរ។ ខ្ញុំ​ចូល​រួម​បង្ហាត់​បង្រៀន​អក្សរ​ខ្មែរ​តាំង​ពី​ឆ្នាំ ១៩៩៤ មក​ម៉្លេះ បំ​ណង​របស់​ខ្ញុំ​គឺ​ជួយ​ដល់ព្រះ​សង្ឃ​និង​សិស្សា​នុសិស្ស​ចេះ​អក្សរ​សាស្រ្ត​របស់​ជាតិ​ខ្លួន និង​រួម​ចំ​ណែក​អភិរក្ស ពង្រីក​វប្ប​ធម៌​ខ្មែរ”។

លោក​គ្រូ​គឹម​សាល កំ​ពុង​បង្ហាត់​បង្រៀន​នៅ​វត្ត​ខ្ទឹង។

អស់​រយៈ​ពេល ២៩ ឆ្នាំ​កន្លង លោក​គ្រូ​គឹម​សាល បាន​ទៅ​វត្ត​បង្ហាត់​បង្រៀន​ដោយ​ទឹក​ចិត្ត​ជ្រះ​ថ្លា​របស់​ខ្លួន។ ប្រាក់​កម្រៃ​របស់​គ្រូ ពេល​ខ្លះ​គ្រាន់​តែ​ជា​កញ្ចប់​តែ ឬ​នំ​ដែល​វត្ត​និង​សិស្ស​ផ្ដល់​ជូន​ប៉ុណ្ណោះ។ ប៉ុន្តែ​លើស​ពី​ប្រាក់​កម្រៃ និង​សមិទ្ធ​ផល​ដែល​លោក​គ្រូ​គឹម​សាល រំពឹង​នោះ​គឺ​ភាព​ជោគ​ជ័យ​របស់​សិស្ស។ នៅ​ពេល​ដែល​រំលឹក​ដល់​រឿង​នេះ លោក​គ្រូ​បាន​រ៉ាយ​រ៉ាប់​យ៉ាង​ច្បាស់​អំពី​សិស្ស​ឆ្នើមៗ ដែល​កំ​ពុង​បំ​ពេញ​ការ​ងារ​ផ្នែក​វិស័យ​ជា​ច្រើន មាន​ដូច៖ កា​សែត សិល្បៈ អប់រំ​ជា​ដើម។ ភាព​ជោគ​ជ័យ​របស់​សិស្ស គឺ​ជា​អំ​ណោយ​មិន​អាច​កាត់​ថ្លៃ​បាន​សម្រាប់​គ្រូ​បង្រៀន​គ្រប់​រូប ចំ​ពោះ​គ្រូ​គឹម​សាល ក៏​ដូច្នោះ​ដែរ។

ព្រះ​តេជ​ព្រះ​គុណ ត្រឹង​យ៉ឹង ព្រះ​ចៅ​អធិការ​វត្ត​នាគ​វនា​រាម (ខ្ទឹង) បញ្ជាក់៖ “លោក​គ្រូ​គឹម​សាល រស់​នៅ​សា​មញ្ញ មាន​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះសង្គម និង​ជា​គ្រូ​បង្រៀន​ពោរ​ពេញ​ដោយ​ឆន្ទៈ។ តួនាទី​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត លោក​គ្រូ​តែង​ជិត​ដិត យក​ចិត្ត​ទុក​ដាក់​ដល់​ការ​រៀន​សូត្រ​របស់​ព្រះ​សង្ឃ​ក្នុង​វត្ត យក​ចិត្ត​ទុក​ដាក់​ដល់​ជីវ​ភាព​របស់​ពុទ្ធ​បរិស័ទ​ចំ​ណុះ​ជើង​វត្ត។ ទន្ទឹម​នឹង​នោះ លោក​គ្រូ​កៀរ​គរ​ពុទ្ធ​បរិស័ទ​ខ្មែរ​រស់​នៅ​អនុវត្ត​ល្អ​តាម​ច្បាប់ គិត​គូរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួសារ កៀរ​គរ​កុមារ​ទៅ​រៀន​ជា​ដើម ម្ល៉ោះ​ហើយ​ពុទ្ធ​បរិស័ទ​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​មាន​ការ​គោ​រព​រាប់​អាន”៕

                    សើុង​ម៉ា​ល័យ - ថាច់ធី

ចែករំលែកអត្ថបទ