បុណ្យសែនដូនតា ជាពិធីបុណ្យដ៏សំខាន់មួយរបស់ជនរួមជាតិខ្មែរ ត្រូវបានរក្សាតាំងពីយូរលង់មក។ ប៉ុន្មានថ្ងៃនេះ មកកាន់ខេត្តកាម៉ាវ នឹងបានឃើញនូវទិដ្ឋភាពអ៊ូអរនៅគ្រប់ភូមិស្រុក មាមីងរៀបចំបាយទឹកនំចំណី ផ្ទះសម្បែងតុបតែងអាសនៈដើម្បីទទួលអំណរបុណ្យសែនដូនតា។
ពិធីដារបាយបិណ្ឌ នាឱកាសបុណ្យសែនដូនតា។
តាមទំនៀមទម្លាប់ ពិធីបុណ្យសែនដូនតាត្រូវបានប្រារព្ធក្នុងរយៈពេល ១៥ ថ្ងៃ ដោយមានពិធីកិច្ចសំខាន់ៗចំនួន ៤ បោះបាយបិណ្ឌ សែនដូនតា ភ្ជុំបិណ្ឌនិងជូនដូនតា។ រយៈពេលថ្មីៗនេះ ជនរួមជាតិខ្មែរប្រារព្ធពិធីបុណ្យសែនដូនតាសង្ខេបជាងមុន ដើម្បីសមស្របនឹងលក្ខណៈជាក់ស្តែង ប៉ុន្តែនៅតែរក្សាបានទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ។
ប៉ុន្មានថ្ងៃនេះ នៅតាមភូមិស្រុកពោរពេញទៅដោយបរិយាកាសបុណ្យសែនដូនតា ពិសេស គឺនៅតាមវត្តខ្មែរ។ ពិធីបុណ្យសែនដូនតា ៣ ថ្ងៃចុងក្រោយ ក្រៅពីបូជាគ្រឿងសក្ការៈនិងស្ពកសំណែននៅគេហដ្ឋាន ពិធីសំខាន់ៗត្រូវបានប្រារព្ធធ្វើនៅវត្តនិង “សាលាទាន” ក្នុងភូមិ។
ព្រះឧបជ្ឈាយ៍ ថាច់ហា ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្កកាម៉ាវ មានថេរដីកា៖ ជាសកម្មភាពមួយមិនអាចខ្វះបានរបស់ជនរួមជាតិខ្មែរក្នុងឱកាសនេះគឺទៅវត្តធ្វើបុណ្យឧទ្ទិសកុសលដល់ញាតិ ៧ សន្តានដែលបានចែកឋានទៅកាន់បរលោក និងបុព្វការីជនជួយចម្រុងចម្រើនថែរក្សាភូមិ ស្រុកបានសុខក្សេមក្សាន្ត សុភមង្គល សម្បូរសប្បាយ។ “ពិធីបុណ្យសែនដូនតា ៣ ថ្ងៃចុងក្រោយ វត្តតែងរៀបចំដង្វាយព្រះនិងស្ពកសំណែនសែនដូនតា ដារឧទ្ទិសកុសលរួមហើយ ក៏ចែកជូនដល់ពុទ្ធបរិស័ទក្នុងន័យទទួលយកកុសលរៀងៗខ្លួន រួមចំណែកជួយដល់មាមីងមានជីវភាពកាន់តែសម្បូរធូរធារ សុខដុរមនាសម្រាប់គ្រួសារមាមីងពុទ្ធបរិស័ទ” - ព្រះឧបជ្ឈាយ៍ ថាច់ហា មានថេរដីកាបន្ថែមដូច្នេះ។
លោក ឡឹមណុល អាយុ៨៤ឆ្នាំ ជនជាតិខ្មែរជាអ្នកមានប្រជាប្រិយនៅក្រុងកាម៉ាវ អតីតតំណាងរដ្ឋសភា នីតិកាល VI មានប្រសាសន៍៖ “ប៉ុន្មានឆ្នាំជិតៗនេះ ខេត្តបានខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងអនុវត្តល្អនូវកម្មវិធីទិសដៅជាតិ ឧបត្ថម្ភជនរួមជាតិបានទាន់ពេល លើកកម្ពស់សមត្ថភាពក្នុងការទប់ទល់នឹងផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ បន្សាំបន្តិចម្តងៗនិងបង្កើតទម្រង់រកស៊ីជាច្រើន មានប្រសិទ្ធភាព។ ពិសេស គ្រួសារក្រីក្រ គ្រួសារដែលជួបលំបាក បានរដ្ឋជួយឧបត្ថម្ភ យកចិត្តទុកដាក់បង្កលក្ខណសម្បត្តិ ដើម្បីឈានឡើងក្នុងជីវភាព។ ផ្តើមពីនោះ ធ្វើឱ្យមុខមាត់ភូមិស្រុកកាន់មានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ជីវភាពមាមីងត្រូវបានកែលម្អ ដូច្នេះ មាមីងទទួលអំណរបុណ្យសែនដូនតាប្រកបដោយភាពសប្បាយរីករាយ”៕
យោង៖ កាសែតជនជាតិនិងអភិវឌ្ឍ-មុនី