មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

09/10/2023 - 16:06

ព្រះ​តេជ​ព្រះ​គុណ ថាច់​សុង​ អស់​ពី​ព្រះ​ទ័យ​ដើម្បី​សាសនា​និង​សង្គម

រយៈ​ពេល ៣៥ ព្រះ​វស្សា​សាង​ផ្នួស​បួស​រៀន ព្រះ​តេជ​ព្រះ​គុណ​ថាច់​សុង ព្រះ​ចៅ​អធិការ​វត្ត​ខ្សាច់​កណ្ដាល ឃុំ​ហ្វា​ធ្វឹង ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ ព្រះ​អង្គ​តែង​យក​អស់​ពី​ព្រះ​ទ័យ​ដើម្បី​សាសនា​និង​សង្គម។ ព្រះតេជ​ព្រះ​គុណ តែង​គិត​គូរ​ការ​ងារ​រៀន​សូត្រ​របស់​ព្រះ​សង្ឃ កូន​ចៅ ​ពុទ្ធ​បរិស័ទ​ខ្មែរ និង​ជួយ​ដល់​គ្រួសារក្រីក្រ​ជម្នះ​ការ​លំ​បាក​ក្នុង​ជីវ​ភាព។

 ព្រះ​តេជ​ព្រះ​គុណ ថាច់​សុង ព្រះ​ចៅ​អធិ​ការ​វត្ត​ខ្សាច់​កណ្ដាល។

នៅ​ឆ្នាំ ១៩៨៨ យុវ​ជន​ថាច់​សុង បាន​ចូល​សាង​ផ្នួស​បួស​រៀន​នៅ​វត្ត​ខ្សាច់​កណ្ដាល ដើម្បី​តប​ស្នង​សង​គុណ​ឪ​ពុក​ម្ដាយ។ ក្នុង​រយៈ​ពេល​បួស​រៀន ព្រះ​តេជ​ព្រះ​គុណ ថាច់​សុង ព្យា​យាម​សិក្សា​រៀន​សូត្រ​ធម៌​វិន័យ​ អក្សរ​សាស្រ្ត ក៏​ដូច​ជា​រួម​ចំ​ណែក​ជា​មួយ​នឹង​ព្រះ​សង្ឃ គណៈ​កម្ម​ការ​វត្ត​កសាង​វត្ត​អា​រាម កៀរ​គរ​ពុទ្ធ​បរិស័ទ​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស ច្បាប់​របស់​រដ្ឋ។ ឆ្នាំ​២០១១ ព្រះ​តេជ​ព្រះគុណ​ថាច់​សុង បាន​គណៈ​កម្ម​ការ​វត្ត និង​មាមីង​ពុទ្ធ​បរិស័ទ​ទំនុក​ចិត្ត​ តែង​តាំង​ជា​ព្រះ​ចៅ​អធិការ​វត្ត​ខ្សាច់​កណ្ដាល​រហូត​ទល់​សព្វ​ថ្ងៃ។

ពេល​ទទួល​តួនាទី​ជា​ព្រះចៅ​អធិការ​វត្ត ព្រះ​តេជ​ព្រះ​គុណ ថាច់​សុង បាន​កសាង​សាលា​ទាន ខ្លោង​ទ្វារ ព្រះ​វិហារ ឈា​បនដ្ឋាន របង​វត្ត​ជា​ដើម។ ក្រៅ​ពី​នោះ ព្រះតេជ​ព្រះគុណ នៅ​ទាំង​កៀរ​គរ​ពុទ្ធ​បរិស័ទ​និង​សប្បុ​រស​ជន​ក្នុង​និង​ក្រៅ​ខេត្ត ឧបត្ថម្ភ​កសាង​ផ្លូវ​បេតុង២ខ្សែ ដោយ​មាន​ប្រ​វែង​សរុប ៥០០ ម៉ែត្រ ទទឹង ២,៥ ម៉ែត្រ លើ​ផ្ទៃ​ដី​របស់​វត្ត សរុប​តម្លៃ​ទឹក​ប្រាក់​ជាង ៤០០ លាន​ដុង។ ក្នុង​នោះ ដោយ​ឡែក​ព្រះ​តេជ​ព្រះ​គុណ​ផ្ទាល់ បាន​ឧបត្ថម្ភ​ចំ​នួន​ទឹក​ប្រាក់៤០លាន​ដុង។ រៀង​រាល់​ឆ្នាំ ព្រះ​តេជព្រះ​គុណ ថាច់​សុង ថែម​ទាំង​កៀរ​គរ​សប្បុ​រស​ជន​ជូន​អំ​ណោយ​ដល់​អ្នក​ក្រ សិស្ស​ក្រីក្រ​សង្វាត​រៀន​សូត្រ សរុប​ទឹក​ប្រាក់​ជាង៧០លាន​ដុងទៀត​ផង។ ព្រះតេជ​ព្រះ​គុណ ថាច់​សុង មាន​ថេរ​ដីកា៖ “រយៈ​ពេល​កន្លង គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ ក្នុង​ការ​គិត​គូរ​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​បាន​យ៉ាង​ល្អ។ មាមីង​ខ្មែរ​សង់​បាន​ផ្ទះ​សម្បែង​សម​រម្យ កូន​ចៅ​មាន​ឱកាស​ទៅ​រៀន​សូត្រ។ល។ បច្ចុប្បន្ន អាត្មា​ភាព​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ខ្នះ​ខ្នែង​កៀរ​គរ​មាមីង​កសាង​ផ្នត់​រស់នៅ​ស៊ី​វិល័យ”។

លោក​ស្រី គឹម​ធីបុប្ផា អនុប្រធាន​គណៈ​កម្មា​ធិការ​ប្រជា​ជន​ឃុំ​ហ្វា​ធ្វឹង​ ឱ្យដឹង៖ “ព្រះ​តេជ​ព្រះ​គុណ ថាច់​សុង តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​ដល់​ការ​រៀន​សូត្រ​របស់​កូន​ចៅ​ពុទ្ធ​បរិស័ទ​ខ្មែរ។ ក្នុង​ឱកាស​វិស្ស​មកាល​ ព្រះ​តេជ​ព្រះ​គុណ​បាន​កៀរ​គរ​កូន​ចៅ​ពុទ្ធ​បរិស័ទ​ខ្មែរ​មក​វត្ត​រៀន​អក្សរ​ខ្មែរ។ ជា​មួយ​តួនាទី​ជា​ព្រះ​សង្ឃ​មាន​ប្រជា​ប្រិយ ជា​សមា​ជិក​ប្រ​ចាំ​ការ​នៃ​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ស្រុក​ចូវ​ថាញ់ ព្រះ​តេជព្រះគុណ ថាច់​សុង តែង​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ ​កៀរ​គរ​ពុទ្ធ​បរិស័ទ​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ ខ្នះ​ខ្នែង​ពលកម្ម​ផលិត។ ទន្ទឹម​នឹង​នោះ ព្រះ​អង្គ​នៅ​ទាំង​ចូល​រួម​សកម្ម​ភាព​សប្បុ​រស​ធម៌​សង្គម ដើម្បី​ជួយ​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​ល្អ​ប្រ​សើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ”៕

                         សើុង​ម៉ាល័យ - ថាច់​ធី​

ចែករំលែកអត្ថបទ