ជំងឺភ្នែកក្រហម (ឬហៅថា ជំងឺឈឺភ្នែក) កំពុងផ្ទុះឡើងនិងរាលដាលយ៉ាងឆាប់រហ័សនៅខេត្តសុកត្រាំង។
វេជ្ជបណ្ឌិត កំពុងពិនិត្យភ្នែកឱ្យអ្នកកើតជំងឺភ្នែកក្រហម។
យោងតាមប្រសាសន៍វេជ្ជបណ្ឌិត ឯកទេសកម្រិត II ង៉ីមវ៉ាន់ ប្រធានផ្នែកចក្ខុរោគនៃមន្ទីរពេទ្យពហុព្យាបាលខេត្តសុកត្រាំង ធម្មតាក្នុងមួយថ្ងៃបន្ទប់ពិនិត្យចក្ខុរោគនៃមន្ទីរពេទ្យគ្រាន់តែពិនិត្យជំងឺប្រមាណ៤០ករណីប៉ុណ្ណោះ ប៉ុន្តែប្រហែល២សប្តាហ៍មកនេះ ចំនួនអ្នកជំងឺមកពិនិត្យភ្នែកបានកើនឡើងពីរបីដង។ ភាគច្រើនកើតជំងឺភ្នែកក្រហមពិសេស គឺសិស្សសាលានិងកុមារ។
អ្នកមីងលីធីតឹម នៅសង្កាត់៥ ក្រុងសុកត្រាំង ឱ្យដឹង៖ “ចៅខ្ញុំទៅរៀនមកផ្ទះ លុះព្រឹកឡើង ស្រាប់តែភ្នែកក្រហមហើមប៉ោង ទើបខ្ញុំនាំទៅមន្ទីរពេទ្យពិនិត្យព្យាបាល។ ឥឡូវ ក្នុងគ្រួសារខ្ញុំ៤នាក់ឆ្លងទាំងអស់គ្នា ម៉្លោះហើយ មិនហ៊ានចេញក្រៅខ្លាចឆ្លងទៅអ្នកដទៃ”។ បងស្រីលីថាវង្វៀង នៅឃុំតឹងហឹង ស្រុកឡុងភូ ឱ្យដឹង៖ “ឃើញកូនយកដៃឈ្លីភ្នែកញឹកញាប់ ភ្នែកឡើងក្រហម ដូច្នេះ ខ្ញុំនាំទៅកាន់មន្ទីរពេទ្យពិនិត្យ។ កូនខ្ញុំអាយុទើបតែ១៧ខែ បានវេជ្ជបណ្ឌិតពិគ្រោះណែនាំ ប្តីប្រពន្ធខ្ញុំទិញទឹកអំបិល សរីរវិទ្យា មកអនាម័យភ្នែកដើម្បីបង្ការជំងឺ”។
យោងតាមប្រសាសន៍វេជ្ជបណ្ឌិត ង៉ីមវ៉ាន់ ជំងឺភ្នែកក្រហមបណ្តាលមកពីវីរុសបង្កឡើងធ្វើឱ្យរលាកកែវភ្នែក ឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស។ ជំងឺនេះច្រើនតែមានរោគសញ្ញា ដូចជា៖ ភ្នែកក្រហម រមាស់ភ្នែក មានអារម្មណ៍ថា ដូចមានវត្ថុអ្វីក្នុងភ្នែក ហូរទឹកភ្នែក ហើមភ្នែក។ល។ ក្រៅពីនោះ អ្នកជំងឺនៅទាំងភ្ជាប់ដោយរោគសញ្ញា ដូចជា៖ ក្អក ក្តៅខ្លួន រសេះរសោះ អស់កម្លាំង។ល។ ជំងឺនេះតែងចាប់ផ្តើមពីភ្នែកម្ខាង ពីរបីថ្ងៃក្រោយឆ្លងទៅភ្នែកម្ខាងទៀត។ ជំងឺភ្នែកក្រហមធ្វើឱ្យអ្នកជំងឺមានអារម្មណ៍ថាដូចមានវត្ថុអ្វីមួយក្នុងភ្នែក ហើយពេលភ្ញាក់ពីដំណេកភ្នែកស្អិតត្របកភ្នែក។ ធម្មតាជំងឺនេះអូសបន្លាយពី៥ថ្ងៃដល់៧ថ្ងៃ ហើយអាចបាត់ទៅវិញ ចួនកាលអូសបន្លាយពេលយូរ(យោងទៅតាមកម្រិតជំងឺ)។ ថ្វីបើដូច្នេះ អ្នកជំងឺមិនគួរមើលស្រាលឡើយ ពេលឈឺភ្នែកគប្បីទៅមូលដ្ឋានសុខាភិបាល ដើម្បីទទួលបានការពិនិត្យនិងព្យាបាលទាន់ពេល បង្ការអាការៈប្រែប្រួលគ្រោះថ្នាក់។ ករណីអ្នកមានជំងឺមានរោគសញ្ញា ដូចជា៖ ភ្នែកហើម ចុកចាប់ ខ្លាចពន្លឺ ហូរទឹកភ្នែកច្រើន ស្រវាំងភ្នែកជាដើម។ល។ គប្បីទៅមន្ទីរពេទ្យដើម្បីទទួលបានការពិនិត្យព្យាបាលទាន់ពេល។ ពីព្រោះជំងឺអាចប្រែប្រួល បណ្តាលឱ្យរលាកកែវភ្នែកនិងនាំឱ្យមានស្នាមនៅកែវភ្នែក ប៉ះពាល់ដល់សុខភាពភ្នែករបស់អ្នកជំងឺ។
វេជ្ជបណ្ឌិត ង៉ីមវ៉ាន់ ផ្តល់អនុសាសន៍៖ “ដើម្បីបង្ការរោគជំងឺក្រហម ប្រជាជនគប្បីឧស្សាហ៍លាងសម្អាតដៃដោយសាប៊ូ; កុំយកដៃឈ្លីភ្នែក ច្រមុះ មាត់; កុំប្រើប្រាស់របស់របររួមគ្នា ដូចជា៖ កន្សែង កែវទឹក ម៉ាស់។ល។ គួរពាក់វ៉ែនតាពេលទៅក្រៅម្តងម្កាល អនាម័យភ្នែកដោយប្រើទឹកអំបិលសរីរវិទ្យា; សម្លាប់មេរោគលើបរិក្ខាររបស់អ្នកជំងឺ ដូចជា៖ មុង ភួយ ខ្នើយ កន្សែង។ល។ ដើម្បីជៀសវាងការចម្លងមេរោគដល់សមាជិកក្នុងគ្រួសារ។ ពេលភ្នែកមានសញ្ញា ដូចជា៖ រកាំភ្នែក រមាស់ភ្នែក ហូរទឹកភ្នែក។ល។ ត្រូវទៅជួបវេជ្ជបណ្ឌិតឯកទេសចក្ខុរោគ ដើម្បីទទួលបានការពិនិត្យព្យាបាលទាន់ពេល បង្ការអាការៈប្រែប្រួលនៃជំងឺនេះ”៕
លីធាន-មុនី