បុគ្គលិកដំណាក់សុខាភិបាលឃុំថាញ់ក្វើយ ស្រុកមីស្វៀង ខេត្តសុកត្រាំង តែងខិតខំប្រឹងប្រែង ដើម្បីអនុវត្តល្អនូវភារកិច្ចថែទាំសុខភាពបឋមជូនប្រជាជន។
គ្រូពេទ្យដំណាក់សុខាភិបាលឃុំថាញ់ក្វើយ ពិនិត្យជំងឺជូនប្រជាជន។
មិនទាន់ដល់ម៉ោង៧ព្រឹកផង ប្រជាជនបានមកដល់ដំណាក់សុខាភិបាលឃុំថាញ់ក្វើយ រង់ចាំដល់វេនពិនិត្យជំងឺទៅហើយ ចំណែកបុគ្គលិកពេទ្យក៏កំពុងម្នីម្នាបំពេញភារកិច្ចពិនិត្យព្យាបាលជំងឺដែរ។ គ្រូពេទ្យ វ៉ភុកយ្វី ឱ្យដឹង៖ “មាមីងធ្វើស្រែ ធ្វើចម្ការ ម្ល៉ោះហើយ ពេលឈឺថ្កាត់ម្តងៗ ពួកគាត់តែងមកពិនិត្យជំងឺពីព្រលឹម ដើម្បីទៅធ្វើកិច្ចការផ្ទះទៀត។ ហេតុនោះ បុគ្គលិកដំណាក់សុខាភិបាល ក៏ឆាប់មានវត្តមានដែរ មិនទុកឱ្យមាមីងរង់ចាំយូរឡើយ”។ ដោយសារការអស់ពីចិត្តនោះ ទើបដំណាក់សុខាភិបាលតែងមានអ្នកជំងឺមកពិនិត្យព្យាបាលកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ បងស្រី តាំងធីគឹមតាវ មកដំណាក់សុខាភិបាលពិនិត្យជំងឺ ឱ្យដឹង៖ “ខ្ញុំមានអារម្មណ៍ហេវហត់ ឈឺក្បាល វិលមុខ ទើបមកដំណាក់សុខាភិបាលពិនិត្យជំងឺ វេជ្ជបណ្ឌិតបានប្រាប់ថា ខ្ញុំមានសម្ពាធឈាមចុះទាប មិនឱ្យទៅផ្ទះទេ ត្រូវទូរស័ព្ទហៅសាច់ញាតិមក។ វេជ្ជបណ្ឌិតបានឱ្យថ្នាំផឹកនិងបញ្ចូលសេរ៉ូម ឥឡូវសុខភាពខ្ញុំបានធូរស្រាលច្រើន”។ ចំណែកលោកវ៉ថាញ់ក្វឹង ឱ្យដឹង៖ “វេជ្ជបណ្ឌិតនៅដំណាក់សុខាភិបាល មានការទទួលខុសត្រូវខ្ពស់ ពេលពិនិត្យជំងឺឃើញថាវាហួសពីសមត្ថភាពព្យាបាល ក៏បញ្ជូនទៅមន្ទីរពេទ្យថ្នាក់លើភ្លាម ហេតុនោះខ្ញុំតែងមានទំនុកចិត្ត”។
ជាឃុំលំបាកខ្លាំង មានជនរួមជាតិខ្មែររស់នៅកុះករ និងប្រជាជនត្រូវបានផ្តល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ១០០% ម្ល៉ោះហើយចំនួនអ្នកមកដំណាក់សុខាភិបាលពិនិត្យជំងឺច្រើនបង្គួរ។ មធ្យមភាគក្នុងមួយខែ ដំណាក់សុខាភិបាលពិនិត្យជំងឺប្រមាណជាង៧០០លើកនាក់។ វេជ្ជបណ្ឌិតដាវខឿងណាម ប្រធានដំណាក់សុខាភិបាលឃុំថាញ់ក្វើយ ឱ្យដឹង៖ “រៀងរាល់ខែ ដំណាក់តែងធ្វើការត្រួតពិនិត្យ និងស្នើថ្នាក់លើផ្គត់ផ្គង់បរិក្ខារពេទ្យ និងថ្នាំព្យាបាល ដូចជា៖ គ្រុនក្តៅ ឈឺចុករោយ រលាកផ្លូវដង្ហើម រលាកពោះវៀន និងជំងឺទឹកនោមផ្អែម។ល។ ដើម្បីឆ្លើយតបនឹងតម្រូវការថែទាំសុខភាពជូនមាមីង។ ទន្ទឹមនឹងនោះ លើកទឹកចិត្តបុគ្គលិកដំណាក់សុខាភិបាលត្រូវតែមានអាកប្បកិរិយាល្អចំពោះអ្នកជំងឺ និងថែទាំសុខភាពជូនអ្នកជំងឺដូចជាសាច់ញាតិក្នុងគ្រួសារ ដើម្បីពួកគាត់នឹងនរចិត្តព្យាបាល”។
ទន្ទឹមនឹងនោះ ដំណាក់សុខាភិបាលឃុំថាញ់ក្វើយ នៅទាំងអនុវត្តល្អភារកិច្ចបង្ការប្រឆាំងជំងឺឆ្លងទៀតផង។ ចាប់ពីដើមឆ្នាំ ដំណាក់សុខាភិបាលបានកសាងផែនការដើម្បីសហការជាមួយនឹងអង្គការមហាជននានា ក្រុមសុខាភិបាល១២ក្រុម និងសហការី៥០រូប ជំរុញការឃោសនា ចលនាជនរួមជាតិខ្មែរបង្ការប្រឆាំងជំងឺឆ្លងរាលដាល ពិសេសគឺជំងឺគ្រុនឈាម ជំងឺពងដៃ - ជើង - មាត់; អនុវត្តល្អនូវកម្មវិធីទិសដៅជាតិអំពីសុខាភិបាល។ មកទល់ពេលនេះ នៅលើភូមិសាស្រ្តឃុំ កើតមានករណីជំងឺគ្រុនឈាម១១ករណី និងជំងឺពងដៃ - ជើង - មាត់២ ករណីប៉ុណ្ណោះ។ សម្បុករោគឆ្លងតូចៗសុទ្ធតែបានផ្តុំកម្លាំងវិនិច្ឆ័យហ្មត់ចត់ ម្ល៉ោះហើយ ស្ថានភាពជំងឺឆ្លងរាលដាលតែងបានគ្រប់គ្រងល្អ។ បច្ចុប្បន្ន ដំណាក់សុខាភិបាលឃុំថាញ់ក្វើយ គឺជាអង្គភាពមានករណីជំងឺគ្រុនឈាម និងជំងឺពងដៃ - ជើង - មាត់ទាបបំផុតរបស់ស្រុកមីស្វៀង៕
យ្វីអាញ - វិមាន