ការប្រកួតកីឡាប៉េតង់ជើងឯកយុវវ័យថ្នាក់ជាតិ ឆ្នាំ២០២៣ ទើបតែប្រព្រឹត្តឡើងនៅខេត្តសុកត្រាំង ដោយទាក់ទាញអត្តពលិកជាង២០០នាក់។
អត្តពលិកទាំងឡាយកំពុងប្រមូលអារម្មណ៍ប្រកួត។
ការប្រកួតកីឡាប៉េតង់ជើងឯកយុវវ័យ ថ្នាក់ជាតិឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានកីឡាអប់រំកាយ ក្រោមឱវាទក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ដោយមានការចូលរួមពីអង្គភាពចំនួន១៤មក ពីបណ្តាខេត្តក្រុងនានា ដូច៖ រដ្ឋធានីហាណូយ ក្រុងហូជីមិញ ខេត្តបាកលីវ ដុងថាប ដុងណាយ ក្វាងប៊ិញ ថាញហ្វា ង៉ែអាង វិញឡុង ត្រាវិញ បារៀ-វ៉ុងតៅ ប៊ិញយឿង អង្គភាពកងទ័ព និងខេត្តសុកត្រាំង។ អត្តពលិកដែលចូលរួមប្រកួតមានពីរកម្រិតអាយុ (ចាប់ពីអាយុ ១១ដល់១៦ឆ្នាំ) ចូលរួមប្រកួតចំនួន៦ខ្លឹមសារ ដូចជា៖ ឯកត្តជនបុរស; ឯកត្តជននារី; គូបុរស; គូនារី; បច្ចេកទេសបុរស; បច្ចេកទេសនារី; រីឯអាយុចាប់ពី១៧ដល់២០ឆ្នាំ ចូលរួមប្រកួតចំនួន៨ខ្លឹមសារ រួមមាន៖ ឯកត្តជនបុរស; ឯកត្តជននារី; គូបុរស; គូនារី; បុរស៣នាក់; នារី៣នាក់; បច្ចេកទេសបុរស; បច្ចេកទេសនារី។ យោងតាមប្រសាសន៍លោកឡឹមហ្វាងយ៉ុង នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តសុកត្រាំង បានឲ្យដឹង៖ នេះជាការប្រកួតឋិតក្នុងប្រព័ន្ធប្រកួតថ្នាក់ជាតិ ក្នុងគោលបំណងបង្កលក្ខណៈសម្រាប់កីឡាករ-ការិនីវ័យក្មេង នៅតាមអង្គភាពនានាមានឱកាសប្រកួតប្រជែង រៀនសូត្រអភិវឌ្ឍមុខជំនាញ។ ខេត្តសុកត្រាំង មានកីឡាករ-កីឡាការិនីចូលរួមចំនួន១៥នាក់ ដោយដណ្ដើមបានមេដាយមាស២គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ៤គ្រឿង។ ភាគច្រើនជាអត្តពលិកខ្មែរ ព្រោះកីឡានេះរីកចម្រើននៅតាមភូមិស្រុកតំបន់ជនជាតិខ្មែរ។
អត្តពលិកកៅលីហ៊ុងអឹង នៅខេត្តសុកត្រាំង បានឱ្យដឹង៖ “ប្អូនចូលរួមប្រកួតខ្លឹមសារឯកត្តជននារីនិងខ្លឹមសារគូនារី ថ្វីដ្បិតឈ្នះបានតែមេដាយប្រាក់និងមេដាយសំរឹទ្ធ ប៉ុន្តែប្អូនស្រង់បានបទពិសោធន៍ជាច្រើនក្នុងការប្រកួត។ នៅពេលខាងមុខ ប្អូននឹងប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីមានបច្ចេកទេសប្រកួតកាន់តែល្អនាពេលអនាគត”។ ចំណែកអត្តពលិក ត្រាលឺវវ៉ូវឡាម មកពីខេត្តបាកលីវ បានឱ្យដឹង៖ “លើកដំបូងឈ្នះបានមេដាយមាស ប្អូនរីករាយនិងមានកិត្តិយសណាស់។ នេះជាការប្រកួតដែលប្រមូលផ្តុំកីឡាករពូកែៗជាច្រើន ដូច្នេះក្នុងពេលប្រកួត ប្អូនបានប្រមូលអារម្មណ៍ វិនិច្ឆ័យរាល់ជំហានបានល្អនិងគោរពតាមបទប្បញ្ញត្តិនៃគណៈចាត់តាំង ទើបអាចទទួលបានលទ្ធផលល្អ”។
តាមប្រសាសន៍លោកដងត្វឹងអាញ ប្រធាននាយកដ្ឋានកីឡាប៉េតង់ អគ្គនាយកដ្ឋានកីឡាអប់រំកាយ ការប្រកួតនេះសំដៅវាយតម្លៃពីគុណភាពបណ្ដុះបណ្តាលអត្តពលិកនៅតាមខេត្ត ក្រុងក្នុងទូទាំងប្រទេស។ ព្រមទាំងបង្កលក្ខណៈឱ្យកីឡាករ-ការិនីបានចូលរួមប្រកួតប្រជែង ដកស្រង់បទពិសោធន៍ ដើម្បីការហ្វឹកហាត់កាន់តែបានល្អប្រសើរជាងទៀត៕
យ៉ីអាញ - បកប្រែ៖ សុផន