ប្រសិនបើមិត្តគ្មានពេលវេលាច្រើន ប៉ុន្តែចង់មានរយៈពេលសម្រាកលម្ហែកាយប្រកបដោយគុណភាព សូមអញ្ជើញមកខេត្តគៀងយ៉ាង។
ចំពោះឆ្នេរងូតដាច់ដោយឡែករបស់សណ្ឋាគារធំៗតែងមានភាពជ្រះស្អាតនិងសុវត្ថិភាព។
នៅតាមផ្ទះវីឡាដាច់ពីគ្នា ភ្ញៀវទេសចរមានបរិយាកាសដោយឡែក
សម្រាប់សម្រាកលម្ហែកាយ។
ខេត្តគៀងយ៉ាងបានធម្មជាតិអំណោយផល ដោយមានទេសភាពដ៏ស្រស់ស្អាតគួរជាទីមនោរម្យជាច្រើន ក្នុងនោះ មានទាំងព្រៃភ្នំ កោះសមុទ្រផង។ ពេលរំលឹកដល់ទេសចរណ៍ខេត្តគៀងយ៉ាង ភ្ញៀវទេសចរតែងនឹកឃើញដល់ក្រុងភូក្វឹកភ្លាម។ នេះធាតុពិតជា កោះពេជ្រដែលមានរមណីយដ្ឋានទេសចរណ៍ សម្រាកលម្ហែកាយដ៏ប្រណីត សក្ដិសមសម្រាប់ភ្ញៀវទេសចរលំដាប់អភិជន និងទាំងសាមញ្ញ។
ចំពោះភ្ញៀវទេសចរលំដាប់អភិជន គឺមានសណ្ឋាគារ និងរីស៊ក (resort) លំដាប់ផ្កាយ ៥ជាច្រើន ជាមួយនឹងសេវាកម្មកម្រិតខ្ពស់ ដូច៖ ឆ្នេរងូតឯកជនហាងបារក្បែរអាង ហែលទឹក ផ្ទះវីឡាដាច់ពីគ្នាតាមមាត់សមុទ្រ ព្រលានវាយកូនបាល់ អាងហែលទឹកគ្មានព្រំដែន បន្ទប់សោណា ម៉ាស្សាជាដើម។ ពេលភ្ញៀវកក់បន្ទប់នៅកន្លែងទាំងនេះ នឹងមានសេវាកម្មដែលរៀបរាប់ខាងលើផងដែរ។ គ្មានអ្វីអស្ចារ្យជាងនៅពេលភ្ញៀវទេសចរសម្រាកកាយ លើរានហាល អានសៀវភៅល្អៗ ស្រូបយកខ្យល់ត្រជាក់បកមកអំពីសមុទ្រនោះទេ។ ពេលព្រឹកព្រលឹមនិងពេលរសៀលត្រជាក់ ភ្ញៀវទេសចរអាចដើរជើងទទេលើខ្សាច់ ហើយសន្សឹមៗ ចុះទៅកាន់ឆ្នេរសមុទ្រនៅខាងមុខ ដើម្បីប្រលែងលេងជាមួយនឹងទឹករលក។ ផ្ទះវីឡាដាច់ពីគ្នាតាមមាត់សមុទ្រសុទ្ធតែមានអាងហែលទឹកដោយឡែក ម្ល៉ោះហើយឯកជនភាពត្រូវបានធានា ប្រសិនបើភ្ញៀវទេសចរមិនចង់ទៅកាន់ឆ្នេរដែលមានមនុស្សម្នាច្រើន។
ខេត្តគៀងយ៉ាង ទាក់ទាញភ្ញៀវទេសចរសាមញ្ញជាច្រើនដែលចង់សម្រាកលម្ហែកាយ ជាលក្ខណៈគ្រួសារ។ ចំពោះតម្រូវការនេះ ភ្ញៀវទេសចរត្រូវបានបំពេញតាមបំណងជាមួយនឹងសណ្ឋាគារចាប់ពីផ្កាយ១ដល់ផ្កាយ៤ មានផ្ទះសំណាក់ប្រកបដោយផាសុកភាពរាប់រយនៅលើកោះបណ្ដោយតាមផ្លូវមាត់សមុទ្រនឹងបំពេញតម្រូវការរបស់លោកអ្នក។ ថ្មីៗនេះ ផ្ទះសំណាក់បណ្ដោយតាមឆ្នេរហ្គាញយូវ មានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារតម្លៃសមរម្យនិងសម្រស់ធម្មជាតិសុទ្ធសាធ។ នៅតាមផ្ទះសំណាក់ទាំងនេះ ពេលរាត្រី ភ្ញៀវទេសចរអាចស្តាប់សូររលកបោកច្រាំងឥតស្រាកឡើយ។
ប្រសិនបើភ្ញៀវទេសចរមានអារម្មណ៍ថា ភូក្វឹកឆ្ងាយពេក គឺមិនចាំបាច់ឆ្លងសមុទ្រទេ ចូរនៅលេងនឹងក្រុងហាតៀងក៏បាន។ បន្ទាប់ពីហែលទឹកនៅឆ្នេរមូយណាយ ភ្ញៀវទេសចរអាចទស្សនាវត្តភូយ៉ុង ទស្សនាប្រាង្គបញ្ចុះសពម៉ាកគឺវ ចូលទស្សនាថាច់ដុង។ល។ ពេលរសៀល ភ្ញៀវទេសចរទៅកាន់ហាងកាហ្វេប៉ម សម្លឹងមើលព្រះអាទិត្យអស្ដង្គតជាសន្សឹមៗលើផ្ទៃសមុទ្រ និងគយគន់ពន្លឺភ្លើងពណ៌ភ្លឺចិញ្ចាចលើស្ពានកូតូ។ ប្រសិនមានចំណង់ចំណូលចិត្ត ភ្ញៀវទេសចរអាចដើរទៅកាន់ផ្សាររាត្រីហាតៀង ឈានចូលហាងមាត់ផ្លូវពិសាគ្រឿងសមុទ្រស្រស់ៗ។ល។ លុះព្រឹកឡើង ធ្វើដំណើរតាមផ្លូវជាតិលេខ៨០ ចូលទៅទីប្រជុំជនបាហង ដើម្បីទស្សនារូងក្រពើ កោះភូតឺ វត្តហាងជាដើម។ បើមានពេលវេលា សូមទៅលេងបាហងដឹមដើម្បីងូតទឹកសមុទ្រ។ ទឹកនៅបាហងដឹមថ្លាឆ្វេង គ្រឿងសមុទ្រស្រស់ៗនិងឆ្ងាញ់ខ្លាំងណាស់៕
ហាថាញ-ថាច់ធី