មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

25/07/2023 - 10:04

ធ្វើ​មាន​ផ្តើម​ពី​ចិញ្ចឹម​គោ​ទឹក​ដោះ​

បង​ថាច់​ហាក់ នៅ​ភូមិ​ត្រា​បេប ឃុំ​ថាម​ដូង​ ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ ធ្វើ​មាន​ដោយ​ទម្រង់​ចិញ្ចឹម​គោ​ទឹក​ដោះ​ និង​ដាំ​ដំ​ណាំ​ឈើ​ហូប​ផ្លែ។​

បង​ហាក់ កំ​ពុង​ស្រោប​ផ្លែ​ត្របែក​ ម្ល៉ោះ​ហើយ​ផ្លែ​ត្របែក​មាន​គុណ​ភាព​ឆ្ងាញ់។​

ក្រោយ​ពី​៣ឆ្នាំ​ធ្វើ​ជា​អ្នក​បើក​បរ​ប្រាក់​ ចំ​ណូល​មិន​លំ​នឹង​ បង​ថាច់​ហាក់ ក៏​សម្រេច​ចិត្ត​វិល​មក​ស្រុក​កំ​ណើត​រក​ស៊ី​វិញ។​ ដោយ​សារ​បាន​សម្ព័ន្ធ​យុវ​ជន​ឃុំ​ថាម​ដូង​ ឧបត្ថម្ភ​រៀន​វគ្គ​ចិញ្ចឹម​សត្វ​ និង​ដាំ​ដុះ​ គាត់​ក្តាប់​បាន​បច្ចេក​ទេស ម្ល៉ោះ​ហើយ​ក៏​ជ្រើស​ទម្រង់​ចិញ្ចឹម​គោ​ទឹក​ដោះ​ដើម្បី​ធ្វើ​មាន។​ ឆ្នាំ​២០១៤ គាត់​វិនិ​យោគ​ចិញ្ចឹម​គោ​ទឹក​ដោះ​៣​ក្បាល​ ក្រោយ​ពី​ជាង​១ឆ្នាំ​ គោ​ចាប់​ផ្តើម​ផ្តល់​ទឹក​ដោះ។​ បង​ថាច់​ហាក់ ឱ្យ​ដឹង៖ “ចិញ្ចឹម​គោ​ទឹក​ដោះ​ហត់​ណាស់​ ផ្ទុយ​មក​ពេល​គោ​ផ្តល់​ទឹក​ដោះ​គឺរក​បាន​ប្រាក់​ចំ​ណូល​រាល់​ថ្ងៃ។​ ក្នុង​មួយ​ថ្ងៃ​យក​ទឹក​ដោះ​២​លើក​ មធ្យម​ភាគ​ក្នុង​១​ក្បាល​ផ្តល់​ទឹក​ដោះ​ពី​១៣​ដល់​២៥​គីឡូ​ក្រាម​/ថ្ងៃ​ លក់​ដោយ​តម្លៃ​១៦.៥០០​ដុង​/គីឡូ​ក្រាម​ អូស​បន្លាយ​ពី​១​ឆ្នាំ​ដល់​១​ឆ្នាំ​កន្លះ​ (អា​ស្រ័យ​ទៅ​លើ​ពូជ​គោ)។​ បច្ចុប្បន្ន​ គោ​៥​ក្បាល​ កំ​ពុង​ផ្តល់​ទឹក​ដោះ​ ក្រោយ​ពី​ទូទាត់​រួច​ស្រេច​ខ្ញុំ​នៅ​ចំ​ណេញ​ជាង​៥លាន​ដុង​/សប្តាហ៍”។​

ទម្រង់​ចិញ្ចឹម​គោ​ទឹក​ដោះ​ បាន​ជួយ​ឱ្យ​បង​ថាច់​ហាក់​ធ្វើ​មាន​នៅ​តំ​បន់​ជន​បទ។​

ផ្តើម​ពី​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​មាន​នៅ​លើ​ទឹក​ដី​ ស្រុក​កំ​ណើត​នៅ​ពេល​សម្ព័ន្ធ​យុវ​ជន​ឃុំ​បង្ក​លក្ខណៈ​ឱ្យ​បុល​ទុន​១០០​លាន​ដុង​ បង​ហាក់ ក៏​បាន​ពង្រីក​រោង​ចិញ្ចឹម​គោ។​ បច្ចុប្បន្ន​ គាត់​មាន​គោ​ទឹក​ដោះ​ឡើង​ដល់​១១​ក្បាល​ ក្នុង​នោះ​ គោ​៦​ក្បាល​ជិត​កើត​កូន​ និង​៥​ក្បាល​កំ​ពុង​ផ្តល់​ទឹក​ដោះ។​ តាម​សម្ដី​បង​ហាក់ ចិញ្ចឹម​គោ​ទឹក​ដោះ​ ត្រូវ​ឧស្សាហ៍​ព្យា​យាម​ ស៊ូ​ទ្រាំ​លំ​បាក​ក្នុង​ការ​ថែ​ទាំ ទើប​គោ​ធំ​ធាត់​ល្អ​និង​ផ្តល់​ទឹក​ដោះ​ច្រើន​ ជា​និច្ច​កាល​រោង​គោ​ត្រូវ​ស្អាត​បាត​ ស្រ​ឡះ​ស្រ​ឡំ ចំ​ណី​ត្រូវ​ធានា​មាន​ជាតិ​បំ​ប៉ន​គ្រប់​គ្រាន់​ ហេតុ​នោះ​ ក្រៅ​ពី​ឱ្យ​ស៊ី​ចំ​ណី​សត្វ​តាម​ការ​កំ​ណត់​របស់​ក្រុម​ហ៊ុន​ ត្រូវ​តែ​ធានា​មាន​ស្មៅ​ស្រស់​ឱ្យ​ស៊ី​ទៀត​ផង។​ បង​ហាក់ ឱ្យ​ដឹង​៖ “បច្ចុប្បន្ន​ ខ្ញុំ​ដាំ​ស្មៅ​៤​កុង​សម្រាប់​ឱ្យ​គោ​ស៊ី​ ហេតុ​នោះ​ ពេល​ព្រឹក​ ក្រោយ​ពី​លក់​ទឹក​ដោះ​រួច​ ខ្ញុំ​ទៅ​កាត់​ស្មៅ​រហូត​ដល់​ម៉ោង​ប្រ​ហែល​១១​ទើប​មក​ផ្ទះ​វិញ។​ ក្រៅ​ពី​នោះ​ រោង​គោ​ចាំ​បាច់​ត្រូវ​កម្ចាត់​មេរោគ​ជា​រឿយ​ៗ​ និង​ចាក់​ថ្នាំ​បង្ការ​ជំ​ងឺ​ច្រើន​ប្រ​ភេទ​ ដូច​ជា៖ ជំ​ងឺ​កកឈាម​ អុត​ក្តាម និង​ជំ​ងឺ​ដុំ​ពក​ស្បែក។ល។​ ដោយ​ថែ​ទាំ​គោ​យ៉ាង​ហ្មត់​ចត់​ ហេតុ​នោះ​ពេល​គោ​មាន​រោគ​សញ្ញា​គឺព្យា​បាល​បាន​ទាន់​ពេល។​ ក្នុង​អំ​ឡុង​ពេល​ព្យា​បាល​គោ​ ចាំ​បាច់​ត្រូវ​ប្រើ​ប្រ​ភេទ​វ៉ាក់​សាំង​និង​ថ្នាំ​ដែល​មិន​រង​ផល​ប៉ះ​ពាល់​គុណ​ភាព​ទឹក​ដោះ”។​ ក្រៅ​ពី​នោះ​ មុន​ពេល​យក​ទឹក​ដោះ​ ត្រូវ​អនា​ម័យ​រោង​និង​គោ​ឱ្យ​បាន​ស្អាត​បាត​ យក​កន្សែង​ជ្រ​លក់​ទឹក​ក្តៅ​ឧណ្ហៗ​ជូត​ដោះ​គោ​ឱ្យ​ជ្រះ​ស្អាត​ រួច​ទើប​ច្រ​បាច់​ទឹក​ដោះ​; ធុង​ដាក់​ទឹក​ដោះ​ក៏​ត្រូវ​លាង​ឱ្យ​ជ្រះ​ស្អាត​ និង​កម្ចាត់​មេ​រោគ​តាម​ការ​កំ​ណត់​របស់​ក្រុម​ហ៊ុន​ផង​ដែរ។​ ប្រ​សិន​បើ​មិន​ធានា​ជ្រះ​ស្អាត​ ទឹក​ដោះ​មាន​សារ​ធាតុ​កខ្វក់​ មិន​គ្រប់​គុណ​ភាព​ គឺក្រុម​ហ៊ុន​មិន​ទិញ​ឡើយ។​

ក្រៅ​ពី​នោះ​ បង​ហាក់​នៅ​ទាំង​ដាំ​ត្រ​បែក​ជិត​២​កុង​ដី​ គួប​ផ្សំ​ជា​មួយ​នឹង​ចិញ្ចឹម​មាន់​ ទា និង​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​បន្ថែម​ទៀត​ផង។​ បង​ហាក់ ឆ្លៀត​ប្រើ​ប្រាស់​លា​មក​គោ​ធ្វើ​ជី​សម្រាប់​ដាក់​ដើម​ត្រ​បែក​ ហេតុ​នោះ​ដើម​ត្រ​បែក​លូត​លាស់​ល្អ​ ផ្លែ​ច្រើន​ និង​មាន​រស​ផ្អែម​ឆ្ងាញ់។​ ទម្រង់​ចិញ្ចឹម​គោ​និង​ដាំ​ដំ​ណាំ​ឈើ​ហូប​ផ្លែ​ ជួយ​ឱ្យ​បង​ហាក់ រក​បាន​ប្រាក់​ចំ​ណូល​រាប់​រយ​លាន​ដុង​/ឆ្នាំ​ ម្ល៉ោះ​ហើយ​ត្រូវ​បាន​សម្ព័ន្ធ​យុវ​ជន​ឃុំ​ជ្រើស​ធ្វើ​ជា​គំ​រូ​ ដើម្បី​បើក​ទូលាយ​ដល់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ខ្មែរ​ដទៃ​ទៀត៕​

                                លីធាន​-វិមាន

ចែករំលែកអត្ថបទ