ប៉ុន្មានឆ្នាំកន្លង ឃុំថាញ់ហ្វាសើុង ស្រុកកូវង៉ាង ខេត្តត្រាវិញ ទទួលបានការយកចិត្តទុកដាក់ពីគ្រប់ថ្នាក់ គ្រប់ផ្នែក ឧបត្ថម្ភលំនៅឋានដល់ប្រជាជន ពិសេសគឺគ្រួសារជនរួមជាតិខ្មែរ។
ក្ដីរីករាយជាមួយផ្ទះថ្មីទើបសាងសង់របស់លោកថាច់ឌឿន (ឆ្វេង)។
ពូថាច់ឌឿន នៅភូមិមេរងថ្មី ឱ្យដឹង៖ “ដោយជីវភាពក្រីក្រ ខ្ញុំបានទៅធ្វើកម្មករសំណង់ ដើម្បីជួយកូនៗខ្ញុំចិញ្ចឹមចៅរៀនសូត្រ។ ប្រពន្ធខ្ញុំនៅផ្ទះមើលថែចៅដើម្បីឱ្យកូនៗស្ងប់ចិត្តទៅធ្វើការងារឈ្នួលនៅខេត្តដុងណាយ ប៊ិញយ៉ឿង។ ដើមឆ្នាំ ២០២២ ពេលបានរដ្ឋាភិបាលមូលដ្ឋាន ពិនិត្យឧបត្ថម្ភគ្រួសារចំនួនទឹកប្រាក់ ៤០ លានដុងដើម្បីសង់ផ្ទះ ខ្ញុំអរដល់ស្រក់ទឹកភ្នែក”។ ទន្ទឹមនឹងទឹកប្រាក់ឧបត្ថម្ភ គ្រួសារលោកពូថាច់ឌឿន នៅទាំងបានបង្កលក្ខណៈឱ្យបុលប្រាក់ ៥០ លានដុងពីធនាគារគោលនយោបាយសង្គមស្រុក និងកូនៗសនែ្សសន្សំផ្ញើមកបន្ថែមជាង ៥០ លានដុងទៀត ដើម្បីសង់បានផ្ទះសមរម្យ។
លោកថាច់បើ អនុប្រធានរណសិរ្សមាតុភូមិ ឃុំថាញ់ហ្វាសើុង ឱ្យដឹង៖ “ការងារគិតគូរដល់គ្រួសារជួបការលំបាកឱ្យមានផ្ទះសម្បែងសមរម្យ ត្រូវបានគណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនឃុំថាញ់ហ្វាសើុងអនុវត្តនិងនាំមកប្រសិទ្ធភាពជាក់ស្តែងក្នុងរយៈពេល ៥ ឆ្នាំកន្លង។ ឆ្នាំ ២០២២ ភូមិភាគទទួលបានទឹកប្រាក់ ១.០៥០ ពាន់លានដុង ដើម្បីឧបត្ថម្ភសង់លំនៅឋានជូនគ្រួសារជួបការលំបាក ២៥/២៦គ្រួសារ ក្នុងនោះ មាន ៥ ខ្នងឧបត្ថម្ភថវិកា ៥០.០០០.០០០ ដុងក្នុងមួយខ្នង ២០ ខ្នង ឧបត្ថម្ភថវិកា ៤០.០០០.០០០ដុងក្នុងមួយខ្នង។ ដោយឡែកនៅឆ្នាំ ២០២៣ ផ្ដើមពីប្រភពមូលនិធិសុខុមាលភាពសង្គមខេត្ត រណសិរ្សមាតុភូមិខេត្តឧបត្ថម្ភសាងសង់លំនៅឋានជូនគ្រួសារជួបការលំបាក ១៨ គ្រួសារ ភាគច្រើនជាគ្រួសារជនរួមជាតិខ្មែរ។ គណៈកម្មាធិការប្រជាជនឃុំក៏បានកៀរគរសប្បុរសជនឧបត្ថម្ភសាងសង់លំនៅឋានជូនគ្រួសារមានការលំបាកខាងលំនៅឋាន ៣ គ្រួសារទៀត ក្រៅពីគ្រួសារបានទទួលផលគោលនយោបាយ”។
ការអនុវត្តយ៉ាងប្តូរផ្តាច់ ប្រកបដោយប្រសិទ្ធភាពទាន់ពេលវេលានៃការឧបត្ថម្ភលំនៅឋានដល់គ្រួសារក្រីក្រដែលជួបលំបាកខាងលំនៅឋាន បានជួយគ្រួសារក្រីក្រជាច្រើនលុបបំបាត់ផ្ទះបណ្ដោះអាសន្ន បង្ហាញពីការយកចិត្តទុកដាក់គិតគូររបស់គ្រប់ថ្នាក់ គ្រប់ផ្នែក និងទូទាំងសង្គម រួមដៃគ្នាជួយអ្នកក្រីក្រ រួមចំណែកក្នុងការអនុវត្តល្អនូវគោលនយោបាយសុខុមាលភាពសង្គមតំបន់ជនរួមជាតិខ្មែរ៕
សឺនម៉ាល័យ-ទីទុយ