ដំណាំស្អំត្រូវបានកសិករខ្មែរនៅឃុំវិញត្រាច់ដុង ក្រុងបាកលីវ ខេត្តបាកលីវ និយមដាំច្រើន ជួយកសិករបង្កើនប្រាក់ចំណូល លំនឹងជីវភាព។
ដំណាំស្អំចេញផ្កាពណ៌លឿងស្រស់ស្អាត។
តាមប្រសាសន៍លោកស្រីយឿងធីអាងទីវ ប្រធានគណៈកម្មាធិការប្រជាជន ឃុំវិញត្រាច់ដុង ទូទាំងឃុំមានផ្ទៃដីដាំស្អំជាង ៥០ ហិកតា ហើយចំនួនផ្ទៃដីដាំដំណាំនេះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ភាគច្រើនពូជដំណាំស្អំគឺបានមកពីអាជីវកម្មផ្គត់ផ្គង់ ហើយធានាប្រមូលទិញ ម្ល៉ោះហើយច្រកចេញដំណាំនេះលំនឹង ថ្លៃលក់ពី ៨០.០០០-១៥០.០០០ ដុង/គ.ក ក្រោយពីទូទាត់រួចស្រេច កសិកររកបានប្រាក់ចំណេញខ្ពស់។ បានដឹងថា ដំណាំស្អំត្រូវបានដាំសម្រាប់ធ្វើជាគ្រឿងទេសឬធ្វើជាថ្នាំ។ ស្អំមិនត្រឹមតែសម្បូរទៅដោយវីតាម៉ីន A និងវីតាម៉ីន C ប៉ុណ្ណោះទេ ថែមទាំងមានផ្ទុកវីតាម៉ីនសំខាន់ៗជាច្រើនប្រភេទផ្សេងទៀត ជួយទប់ស្កាត់និងកាត់បន្ថយការរលាកផង។ តាមប្រសាសន៍គ្រូពេទ្យបុរាណ ស្អំមានរសជាតិល្វីងបន្តិច ភាពផ្សើមធុំក្លិនឆួល មិនពុល មានប្រសិទ្ធភាពជួយបង្កើនតម្រងនោម ព្យាបាលឈឺពោះ ជួយរំញោចអាការៈប្រព័ន្ធទឹកនោម ជួយសម្រួលដំណើរការរបស់ក្រពះ។
បងថាច់សាវុឌ្ឍ នៅភូមិបៀងដុង B ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលដាំស្អំរយៈពេលជាង ៦ ឆ្នាំកន្លង ហើយរកបានប្រាក់ចំណូលលំនឹង។ បើតាមបងសាវុឌ្ឍ ចាប់ពីចុះគ្រាប់ពូជរហូតដល់ប្រមូលផល ដំណាំស្អំមានរយៈពេលប្រមាណ ៣,៥ ខែ។ មុនពេលបណ្តុះពូជ ត្រូវធ្វើដីឱ្យផុសម៉ដ្ឋ លើករងខ្ពស់ដើម្បីចៀសវាងទឹកលិច។ អាស្រ័យហេតុនោះ បងសាវុឌ្ឍតែងដាំឆ្លាស់នឹងស្ពៃក្រញាញ់ ដាំខ្ទឹមស្លឹកដើម្បីបង្កើនប្រាក់ចំណូលបន្ថែមផង ផ្តល់ជាម្លប់ដើម្បីដើមតូចៗលូតលាស់បានល្អផង។ បងសាវុឌ្ឍ ឱ្យដឹង៖ “ខ្ញុំឃើញថាដំណាំស្អំងាយដាំចំណេញក៏បានខ្ពស់ទៀតផង។ ដំណាំស្អំគឺបណ្តុះគ្រាប់ដូចជាគ្រាប់សាឡាតអ៊ីចឹងដែរ ម្ល៉ោះហើយដំណាក់ការបណ្តុះគ្រាប់ត្រូវការម្លប់ត្រជាក់ដើម្បីលូតលាស់ល្អ។ ម្យ៉ាងទៀត ដំណាំស្អំដាំសមស្របនឹងរដូវក្តៅ កាន់តែក្តៅកាន់តែល្អ ងាយថែទាំចំណាយដើមទុនតិចបើប្រៀបធៀបនឹងដំណាំរួមផ្សំឯទៀត។ ពិសេស ផ្សិបង្កជំងឺសំខាន់គឺស្នាមអុចជាំ មមាចត្នោច ក្នុងដំណាក់កាលដំណាំលូតលាស់ គឺកាត់បន្ថយស្រោចទឹកនិងដាក់ជីអ៊ុយរ៉េ សំខាន់គឺប្រើជី NPK គ្រប់ល្មមបានហើយ។ ពេលស្អំនៅតូច ស្រោចទឹក ២ ដង/ថ្ងៃ ធំបន្តិច ឬចេញផ្កាស្រោចទឹក ២ ដង/សប្តាហ៍”។
បើតាមបងសាវុឌ្ឍ ដំណាំស្អំដាំបានតែ ១ ដង /ឆ្នាំ (បណ្តុះគ្រាប់ក្នុងរវាងខែកត្តិក)។ ស្អំចេញផ្កាពណ៌លឿងស្រស់ស្អាត ស្របក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម ម្ល៉ោះហើយទាក់ទាញភ្ញៀវទេសចរមកទស្សនា ឬថតរូបកម្សាន្ត។ ទិន្នផលគ្រាប់មធ្យមភាគសម្រេចប្រមាណ ២០០ គ.ក/កុង លក់ក្នុងតម្លៃពី ៧០.០០០-៨០.០០០ ដុង/គ.ក ដែលដេប៉ូលក់សម្ភារៈកសិកម្ម កន្លែងផ្គត់ផ្គង់គ្រាប់ពូជ និងប្រមូលទិញ។ ក្រោយពីទូទាត់រួចស្រេច កសិករចំណេញបានជាង ១២ លានដុង/កុង។ ក្រៅពីទទួលបានប្រាក់ចំណេញពីការដាំស្អំ បងសាវុឌ្ឍ រកបានប្រាក់ចំណូលពីការដាំស្ពៃក្រញាញ់ ខ្ទឹមស្លឹកជួយគ្រួសារគាត់បង្កើនប្រាក់ចំណូល លំនឹងជីវភាព៕
យ្វីអាញ-លីសៀ