ការរស់នៅប្រិតសំចៃ ស៊ូទ្រាំលំបាកប្រកបការងាររកស៊ី បងស្រីឡឹមធីផល នៅភូមិបៀងដុង B ឃុំវិញត្រាច់ដុង ក្រុងបាកលីវ ខេត្តបាកលីវ បានឈានឡើងចាកភាពក្រីក្រ មានជីវភាពលំនឹង។
បងស្រីឡឹមធីផល ត្រៀមប្រមូលផលសាឡាត់។
ក្រោយពីរៀបការ បងស្រីឡឹមធីផល បានឪពុកម្តាយចែកដី ១ កុងដាំដំណាំរួមផ្សំ ប្ដីប្រពន្ធបងក៏សង់ខ្ទមនៅបណ្ដោះអាសន្ន។ ក្រៅពីដាំដំណាំរួមផ្សំ ប្ដីប្រពន្ធគាត់ទៅធ្វើការឈ្នួលរកប្រាក់បន្ថែមសម្រាប់គិតគូរជីវភាពប្រចាំថ្ងៃ។ ពិនិត្យឃើញប្ដីប្រពន្ធបងស្រីស៊ូទ្រាំប្រកបការងាររកស៊ី រដ្ឋអំណាចភូមិភាគបានឧបត្ថម្ភសង់ផ្ទះមហាសាមគ្គី ផ្សំជាមួយនឹងប្រាក់សន្សំសំចៃពីការដាំដំណាំរួមផ្សំ ធ្វើការឈ្នួល ប្ដីប្រពន្ធបងសង់បានផ្ទះឥដ្ឋមួយខ្នងយ៉ាងសមរម្យ។ បងស្រីផល ឱ្យដឹង៖ “មានផ្ទះនៅ ប្ដីប្រពន្ធខ្ញុំត្រេកអរណាស់ ! តាំងពីពេលនេះទៅ គ្មាននៅបារម្ភខ្លាចផ្ទះរលំ ភ្លៀងស្រក់ទៀត។ ហេតុនោះ ប្ដីប្រពន្ធខ្ញុំប្រឹងប្រែងធ្វើការរកស៊ីដើម្បីចាកផុតពីភាពក្រីក្រ លំនឹងជីវភាព”។ ទន្ទឹមនឹងនោះ បងស្រីផលនៅទាំងបានអង្គការមហាជនជំនួយបុលទុន ៤០ លានដុង សម្រាប់ដាំដំណាំរួមផ្សំ។ ផ្ដើមពីនោះ បងស្រីជួលដី ១ កុងបន្ថែមទៀតសម្រាប់ពង្រីកផ្ទៃដីដាំដំណាំរួមផ្សំ។ បច្ចុប្បន្ន នៅលើផ្ទៃដី ២ កុង បងស្រីបានរៀបចំដាំបន្លែជាច្រើនប្រភេទ មានដូច៖ សាឡាត់ ស្ពៃចង្កឹះ ស្ពៃក្រញាញ់ ត្រសក់។ល។ ដើម្បីបង្កើនប្រាក់ចំណូល។
តាមសម្ដីបងស្រីផល ក្នុងផ្ទៃដីមួយកុងគឺ បែងចែកធ្វើជាច្រើនរងដាំបន្លែច្រើនប្រភេទ ដើម្បីងាយស្រួលប្រមូលផល ហើយមានបន្លែលក់ជាប្រចាំ ដើម្បីកែលម្អជីវភាព។ បងស្រីផល ឱ្យដឹង៖ “កូនខ្ញុំពីរនាក់នៅតូច ម្ល៉ោះហើយ ការរៀបចំដី ថែទាំនិងប្រមូលផល គឺអាស្រ័យប្ដីប្រពន្ធខ្ញុំធ្វើដោយផ្ទាល់។ បន្លែក្រោយពីប្រមូលផលរួច ក៏ដឹកទៅផ្សារក្រុងបាកលីវបោះឱ្យម៉ូយ ម្ល៉ោះហើយការងារនេះហត់នឿយខ្លាំងណាស់ ស៊ូទ្រាំលំបាកទើបធ្វើបាន។ ចាប់តាំងពីដាំដំណាំរួមផ្សំ គឺប្ដីប្រពន្ធខ្ញុំធ្វើការគ្មានពេលទំនេរ។ ខ្ញុំទើបប្រមូលផលស្ពៃចង្កឹះ ស្ពៃក្រញាញ់ អំបើស លក់បានជាង ៣០ លានដុង។ សព្វថ្ងៃកំពុងប្រមូលផលសាឡាត់លក់ក្នុងតម្លៃ ៧.០០០ ដុង/គីឡូក្រាម ប្រសិនបើលក់អស់ប៉ុន្មានរងនេះទៀតអាចរកបានប្រាក់ចំណូលប្រមាណ ១០ លានដុង”។ បន្ទាប់ពីប្រមូលផលហើយភ្លាម ប្ដីប្រពន្ធបងបន្តចុះពូជស្ពៃក្រញាញ់ ខាត់ណា សាឡាត់។ល។ ដើម្បីត្រៀមដាំរដូវបន្ទាប់ទៀត។ ពេញមួយឆ្នាំវិលវល់នឹងការដាំដុះ រកបានប្រាក់ចំណូលលំនឹង ម្ល៉ោះហើយ គ្រួសារបងស្រីចុះឈ្មោះចាកផុតពីភាពក្រីក្រ។
តាមប្រសាសន៍លោកស្រី យឿងធីអាងទីល ប្រធានគណៈកម្មាធិការប្រជាជនឃុំវិញត្រាច់ដុង ឃុំបានពិនិត្យអាទិភាពដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ បុលទុនពីធនាគារគោលនយោបាយសង្គមសម្រាប់បង្កបង្កើនផល; ឧបត្ថម្ភសាងសង់ផ្ទះដើម្បីជួយប្រជាជនឆាប់លំនឹងជីវភាព។ ទន្ទឹមនឹងនោះ បើកវគ្គហ្វឹកហ្វឺនបច្ចេកទេសក្នុងការផលិតកម្ម ដាំបន្លែ បង្ការ ចិញ្ចឹមសត្វដល់ប្រជាជន។ ផ្ដើមពីនោះ ប្រជាជនចេះប្រើប្រាស់បច្ចេកទេស បង្កើនប្រាក់ចំណូល លំនឹងជីវភាព។ ក្នុងនោះ បងស្រីឡឹមធីផល គឺជាបុគ្គលគំរូ ជាមួយនឹងស្មារតីជម្នះលំបាកប្រកបការងាររកស៊ី ឈានឡើងចាកផុតពីភាពក្រីក្រដោយកម្លាំងរបស់ខ្លួន។ គំរូជម្នះលំបាករបស់បងស្រីឡឹមធីផល ពិតគួរឱ្យសរសើរ៕
យ្វីអាញ - ថាច់ធី