កីឡា - ទេសចរណ៍ ទេសចរណ៍

13/02/2023 - 16:04

វត្ត​ខ្មែរ​ជា​ច្រើន​នៅ​ខេត្ត​សុក​ត្រាំង​"ទាក់​ទាញ​"ភ្ញៀវ​ទេសចរ​

ខេត្ត​សុក​ត្រាំង​ មាន​វត្ត​ខ្មែរ​ ៩២ វត្ត​បាន​កសាង​យ៉ាង​ធំ​ទូលាយ​ស្អាត​បាត​ ក្នុង​នោះ​ មាន​វត្ត​ជា​ច្រើន​ កំ​ពុង​ទាក់​ទាញ​បាន​ភ្ញៀវ​ទេស​ចរ​ជាតិ​និង​អន្តរ​ជាតិ​មក​ទស្សនា​កម្សាន្ត​និង​គោ​រព​បូជា​។​

ព្រះ​ពុទ្ធ​បដិមាទ្រង់​បរិនិព្វាន​នៅ​វត្ត​សំ​រោង​។​

វត្ត​បទុម​វង្សា​សំ​រោង​ នៅ​សង្កាត់​ ៥ ក្រុង​សុក​ត្រាំង​ លេច​ធ្លោ​បំ​ផុត​គឺប្រា​សាទ​និង​សមណ​កុដិ​ជា​មួយ​ស្ថាបត្យ​កម្ម​និង​រំលេច​ពណ៌​ ស្រស់​ស្អាត​គ្មាន​ពីរ​នៅ​ខេត្ត​សុក​ត្រាំង​។​ ក្នុង​បរិវេណ​វត្ត​មាន​ព្រះ​ពុទ្ធ​បដិមា​ទ្រង់​បរិនិព្វាន​ ប្រ​វែង​ ៦៣ ម៉ែត្រ កម្ពស់​ ២២,៥ ម៉ែត្រ ទ្រង់​លើ​អា​សនៈ​កម្ពស់​ ២៨ ម៉ែត្រ។​  ក្រៅ​ពី​នេះ​ វត្ត​មាន​ដាក់​តាំង​សម្លៀក​បំពាក់​ខ្មែរ​សម្រាប់​បម្រើ​តម្រូវ​ការ​ភ្ញៀវ​ទេស​ចរ​ ដែល​ចង់​សាក​ល្បង​ស្លៀក​ពាក់​នូវ​សម្លៀក​បំពាក់​របស់​ជន​ជាតិ​ខ្មែរ​។​ ព្រះ​តេជ​ព្រះ​គុណ​ លីមិញ​ឌឹក ព្រះ​ចៅ​អធិ​ការ​វត្ត​សំ​រោង​ មាន​ថេរដី​កា​៖ “ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណា​ម ថ្ងៃ​ចុង​សប្តាហ៍​ វត្ត​មាន​ភ្ញៀវ​រាប់​សិប​ពាន់​នាក់​មក​ទស្សនា​កម្សាន្ត​ និង​គោ​រព​បូជា​។​ ដូច្នេះ​ គណៈ​កម្ម​ការ​វត្ត​សហ​ការ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ រក្សា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​ ចាត់​ចែង​កន្លែង​ចត​រថ​យ​ន្ត លក់​ដូរ​៘ ធានា​សុវត្ថិ​ភាព​ដល់​ភ្ញៀវ​ដែល​មក​ទស្សនា​កម្សាន្ត​”។​

ភ្ញៀវ​​ទេស​ចរ​​មក​​ទស្សនា​ និង​​ថត​រូប​​អនុស្សាវ​រីយ៍​​នៅ​​សួន​​ច្បារ​វត្ត​​ស្រ​ឡូង។

វត្ត​សិរី​សុខុម​សង្គម​មាន​ជ័យ​ស្រឡូង នៅ​ឃុំ​ដាយ​តឹម ស្រុក​មីស្វៀង​ ក៏​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ណាស់​ដែរ​។​ លក្ខណៈ​ពិសេស​របស់​វត្ត​នោះ​គឺជញ្ជាំង​បិទ​អំ​បែង​ចាន​ ចាន​ទាប​បុរាណ​មើល​ទៅ​អស្ចារ្យ​និង​ប្លែក​ភ្នែក​ខ្លាំង​ណាស់​។​ បង​ស្រី​ថាច់​ធីធ្វី​យ៉ីម មក​ទស្សនា​កម្សាន្ត​ ឱ្យ​ដឹង​៖ “វត្ត​នីមួយ​ៗ​មាន​ស្ថាបត្យ​កម្ម​ស្រស់​ស្អាត​និង​មាន​ចំ​ណុច​ពិសេស​ប្លែក​ពី​គ្នា​ទាំង​អស់​។​ វត្ត​សំ​រោង​មាន​ព្រះ​ពុទ្ធ​បដិមា​ទ្រង់​បរិនិព្វាន​ ចំ​ណែក​ឯវត្ត​ស្រឡូង ក្រៅ​ពី​ទស្សនា​ស្ថា​បត្យ​កម្ម​ដ៏​ស្រស់​ស្អាត​ ខ្ញុំ​នៅ​ទាំង​មក​ទស្សនា​ និង​ថត​រូប​អនុស្សាវ​រីយ៍​នៅ​សួន​ច្បារ​របស់​វត្ត​ទៀត​ផង​”។​

តាម​ថេរដី​កា​របស់​ព្រះ​តេជព្រះ​គុណ​ឌិញ​ហ្វាង​ស៊ឺ ព្រះ​ចៅ​អធិ​ការ​វត្ត​ពាម​បួន​ថ្មី​ សង្កាត់​ ៤ ក្រុង​សុក​ត្រាំង​៖ ព្រះ​អង្គ​មាន​គំ​និត​កសាង​វត្ត​មាន​ស្ថាបត្យ​កម្ម​ប្លែក​ពី​វត្ត​ខ្មែរ​ដទៃ​ទៀត​ក្នុង​តំ​បន់​ ដើម្បី​ឱ្យ​អ្នក​ទស្សនា​បាន​ដឹង​ពី​ភាព​សម្បូរ​បែប​នៃ​ស្ថាបត្យ​កម្ម​ខ្មែរ​។​ ក្រៅ​ពី​នោះ​ ព្រះ​អង្គ​បាន​ប្រ​មែ​ប្រ​មូល​សម្ភារៈ​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ​របស់​ជន​ជាតិ​ខ្មែរ​តាំង​ពី​ដើម​ៗ​ មក​ដាក់​តាំង​ ដើម្បី​បម្រើ​ភ្ញៀវ​ទេស​ចរ​ទស្សនា​និង​សិក្សា​ស្រាវ​ជ្រាវ​ពី​វប្បធម៌​ខ្មែរ​។​ តាំង​បង្ហាញ​ទូក​-ង​ឆ្លាក់​រូប​នាគ​វែង​ ពាំ​គុជ និង​មាន​ក្រុម​សិល្បៈ​សម្តែង​បង្ហាញ​ដូច​ជា​៖ របាំ រាំវង់​ ឡាំ​ឡាវ​ជា​ដើម​ ដើម្បី​បម្រើ​ភ្ញៀវ​ទេសចរ​។​ តាម​រយៈ​នោះ​ ក៏​រួម​ចំ​ណែក​ថែរក្សា​និង​លើក​ស្ទួយ​តម្លៃ​វប្បធម៌​ប្រ​ពៃណី​របស់​ជន​ជាតិ​ខ្មែរ​ទៀត​ផង​។​

តាម​លោក​ផាម​វ៉ាន់​ដូវ អនុប្រ​ធាន​មន្ទីរ​វប្ប​ធម៌​-កីឡា​ និង​ទេស​ចរណ៍​ខេត្ត​សុក​ត្រាំង​ វត្ត​ខ្មែរ​នីមួយ​ៗ​មាន​លក្ខណៈ​ពិសេស​ដោយ​ឡែក​ៗ​ ដូច្នេះ​ហើយ​ នេះ​គឺជា​ចំ​ណុច​លេច​ធ្លោ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជាតិ​និង​អន្តរ​ជាតិ​។​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម ខេត្ត​បាន​ទទួល​ភ្ញៀវ​ទេស​ចរ​ជាង​ ៤៣.០០០ លើក​នាក់។​ វត្ត​ដែល​ទាក់​ទាញ​ភ្ញៀវ​ច្រើន​ជាង​គេនោះ​គឺ៖ វត្ត​សំ​រោង​ វត្ត​ពាម​បួន​ថ្មី​ វត្ត​មហា​ទប់ វត្ត​ស្រឡូង​និង​វត្ត​ឃ្លាំង...៕​

                                   លីធាន​-លេង​មី

ចែករំលែកអត្ថបទ