មិនទុកចំបើងចោលទទេៗ ឬដុតចោលក្នុងវាលស្រែ កសិករជាច្រើននៅក្រុងកឹងធើ បានប្រមូលយកចំបើងដើម្បីបណ្តុះផ្សិតនិងច្នៃធ្វើជីកំប៉ុសបន្ទាប់ពីបណ្តុះផ្សិតរួច។ ដំណើរការនេះ មិនត្រឹមតែជួយកសិករបង្កើនខ្សែសង្វាក់តម្លៃដើមស្រូវប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការបង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូលដល់ពលករជាច្រើននៅជនបទទៀតផង។
ម៉ាស៊ីនមូរចំបើង។
ប៉ុន្មានឆ្នាំមកនេះ កសិករធ្វើស្រែអាចប្រមូលចំបើងបានងាយស្រួល ដោយសារមានម៉ាស៊ីនមូរចំបើង និងសេវាកម្មប្រមូលចំបើងដោយតម្លៃជួលមូរប្រមាណពី ៩.០០០-១០.០០០ ដុង/ដុំ។ កសិករអាចប្រមូលចំបើងបានពី ១៤០-១៦០ ដុំក្នុងមួយហិកតា។ ចំបើងប្រមូលបានមកក្រោយពីធ្វើស្រូវ កសិករទុកសម្រាប់បណ្ដុះផ្សិតឬលក់ចំបើងក្នុងតម្លៃ ២០.០០០-២៦.០០០ ដុង/ដុំ ឬខ្ពស់ជាង។ អាស្រ័យដោយពង្រីកការបណ្ដុះផ្សិតចំបើង ពលករជាច្រើននៅតាមជនបទមានឱកាសបង្កើនប្រាក់ចំណូលដោយការចូលរួមក្នុងដំណើរការបណ្ដុះផ្សិត ប្រមូលផលទិញ និងលក់ផ្សិតចំបើង។ ចំពោះតម្លៃជួលកម្មករបណ្ដុះនិងប្រមូលផលផ្សិតចំបើងពី ២៥.០០០- ៣០.០០០ ដុង/ម៉ោង។ រដូវកាលបណ្ដុះផ្សិតចំបើងមានរយៈពេលប្រមាណ ១ ខែប៉ុណ្ណោះ ហើយចំបើង ១ ដុំនៅពេលយកទៅបណ្ដុះផ្សិត អាចផ្តល់ទិន្នផលរហូតដល់ ១,៥-២ គីឡូក្រាម។ ប្រសិនបើតម្លៃលក់ផ្សិតចំបើងនៅកម្រិតពី ៥០.០០០-៦០.០០០ ដុង/គីឡូក្រាម ក្នុងចំបើង ១ដុំៗ អាចជួយបង្កើនប្រាក់ចំណូលបានខ្ពស់ពីការបណ្ដុះផ្សិតនេះ។ ចំបើងបន្ទាប់ពីបណ្ដុះផ្សិតរួច ត្រូវហាលឱ្យស្ងួតដើម្បីច្នៃធ្វើជីកំប៉ុសបានយ៉ាងល្អ កសិករអាចប្រើសម្រាប់ដាក់បន្លែ ផ្កា លម្អ និងដាំដំណាំផ្សេងៗ។ តម្លៃចំបើងបន្ទាប់ពីបណ្ដុះផ្សិតរួច បច្ចុប្បន្នលក់ក្នុងតម្លៃប្រមាណ ១០០.០០០ ដុង ក្នុងមួយបាវទម្ងន់ ៤០ គីឡូក្រាម។
ចំបើងបណ្ដុះផ្សិត។
ដោយការគាំទ្រពីផ្នែកកសិកម្មក្រុងកឹងធើ និងអង្គភាពពាក់ព័ន្ធ បច្ចុប្បន្នកសិករនៅក្រុមសហករណ៍កសិដ្ឋានបៃតងនៅសង្កាត់តឹងហុឹង ខណ្ឌថូកណូក បានប្រើប្រាស់ចំបើងគួបផ្សំនឹងអនុផលផ្សេងៗក្នុងការដាំដុះនិងចិញ្ចឹមសត្វ ដើម្បីច្នៃធ្វើជីកំប៉ុសចម្រុះ។ ក្រុមសហករណ៍កសិដ្ឋានបៃតងបានធ្វើការវេចខ្ចប់ផលិតផលដាក់ជាបាវ ២០ គីឡូក្រាម និងកញ្ចប់ ២,៥ គីឡូក្រាមលក់ក្នុងតម្លៃ ៨០.០០០ ដុង/ការុង និង ១២.០០០ ដុង/កញ្ចប់៕
វ៉ាន់កុង-ទីទុយ