ក្រោយរយៈពេលជាច្រើនឆ្នាំផ្សព្វផ្សាយអនុវត្តនូវគោលនយោបាយជនជាតិ ឃើញថាមុខមាត់ជនបទតំបន់ជនរួមជាតិខ្មែរ នៅស្រុកទីវកឹង ខេត្តត្រាវិញ កំពុងមានការវិវឌ្ឍយ៉ាងល្អប្រសើរ។ មានកម្មវិធី គម្រោងជាច្រើនបានវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ធ្វើឱ្យមុខមាត់តំបន់ជនបទមានភាពផ្លាស់ថ្មី រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។
ដងផ្លូវនៅភូមិចុង-ង ឃុំហ៊ីវទឺ កំពុងដំណើរការកសាង។
លោកថាច់ហ៊ុង ប្រធានការិយាល័យជនជាតិស្រុកទីវកឹង ឱ្យដឹង៖ “ស្រុកទីវកឹង មានជនរួមជាតិខ្មែររស់នៅប្រមាណជាង ៣៣%។ អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០២៥ ទីវកឹង បានទទួលផលពីគម្រោងចំនួន ៤ ប្រភពទុនថវិកាមជ្ឈិមជាង ៨,៤៦៧ ពាន់លានដុង។ ឆ្នាំ ២០២២ ស្រុកផ្តុំកម្លាំងអនុវត្តគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បម្រើការផលិត ការរស់នៅរបស់ប្រជាជនក្នុងតំបន់ជនរួមជាតិភាគតិចនិងអង្គភាពបម្រើបុព្វហេតុរដ្ឋខាងវិស័យជនជាតិ ដោយប្រភពថវិកាចំនួន ៦,១៧២ ពាន់លានដុង”។
គម្រោងបានរំសាយថវិកាដើម្បីវិនិយោគ កសាងផ្លូវគមនាគមន៍តំបន់ជនរួមជាតិខ្មែរ សរុបដើមទុន ៥,៩៦៨ ពាន់លានដុង រួមមាន៖ កសាងផ្លូវកាត់វាលស្រែនៅភូមិដៃទទឹង ឃុំតឹបង៉ាយ ផ្លូវក្រាលកៅស៊ូទំហំ ៣,៥ ម៉ែត្រ ប្រវែង ៦៧០ ម៉ែត្រ សរុបថវិកាចំនួន ២ ពាន់លានដុង; កសាងផ្លូវកាត់វាលស្រែនៅភូមិដាយត្រឿង តភ្ជាប់ភូមិអូរតាឯក ឃុំភូកឹង ផ្លូវក្រាលកៅស៊ូទំហំ ៣,៥ ម៉ែត្រ ប្រវែង ១.០០០ ម៉ែត្រ សរុបថវិកាចំនួន ៣ ពាន់លានដុង។ ទន្ទឹមនឹងនោះ គម្រោងក៏បានថែរក្សានិងជួសជុលផ្លូវជនបទនិងដំណាក់សុខាភិបាល សរុបដើមទុន ២០៤ ពាន់លានដុង។ ក្រោយពីផ្លូវកសាងសម្រេចរួចរាល់ បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូនកសិផលរបស់ប្រជាជននៅភូមិភាគ។
ដោយបានការឧបត្ថម្ភរបស់រដ្ឋ និងការជួយជ្រោមជ្រែងយ៉ាងសកម្មពីសំណាក់ជនរួមជាតិខ្មែរ ផ្លូវជនបទលើភូមិសាស្ត្រស្រុក ត្រូវបានកសាងយ៉ាងរឹងមាំ ស្អាតបាត។ ស្រុកក៏បានផ្សព្វផ្សាយចលនាប្រជាជនរួមព្រួតដៃជាមួយរដ្ឋអំណាចភូមិភាគក្នុងការបរិច្ចាគដី សម្ភារៈ កម្លាំងពលកម្ម ដើម្បីជួយកាត់បន្ថយថវិកាពេលធ្វើផ្លូវ។ ផ្តើមពីនោះ ជួយឱ្យស្រុកមានប្រភពកម្លាំងបន្ថែម ដើម្បីបន្តការបើកទូលាយ តភ្ជាប់ពីផ្លូវមួយទៅផ្លូវមួយ។ បន្ទាប់ពីផ្សព្វផ្សាយ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ជនរួមជាតិខ្មែរ មាមីងស្ម័គ្រចិត្តបរិច្ចាគដី ឈើដំណាំ កម្លាំងពលកម្មដើម្បីកសាងផ្លូវជនបទ។
លើភូមិសាស្ត្រស្រុកទីវកឹង បច្ចុប្បន្នសុទ្ធសឹងមានផ្លូវគមនាគមន៍ដែលរថយន្តអាចបើកបរទៅដល់ឃុំ ភូមិដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ជនបទ រួមចំណែកងាយស្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផល លើកកម្ពស់ប្រជាបញ្ញា កាត់បន្ថយអត្រាគ្រួសារក្រីក្រក្នុងតំបន់ជនរួមជាតិខ្មែរ។ ឆ្នាំ ២០១៥ អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិខ្មែរលើភូមិសាស្ត្រស្រុកគឺ ៣,៣២% គ្រួសារប្រកៀកបន្ទាត់ក្រគឺ ៧,៥៣% រហូតមកទល់នឹងបច្ចុប្បន្ន គ្រួសារក្រីក្រកាត់បន្ថយនៅ ១,៦៤% គ្រួសារប្រកៀកបន្ទាត់ក្រកាត់បន្ថយនៅ ៤,៣៦%។ ចំណូលមធ្យមភាគលើមនុស្សម្នាក់នៅឆ្នាំ ២០២២ របស់ស្រុកសម្រេចប្រមាណ ៦២ លានដុង/ម្នាក់/ឆ្នាំ៕
សឺនម៉ាល័យ-មុនី