ចាប់ពីថ្ងៃទី ២៤ ដល់ ២៦ ខែកញ្ញា ឆ្នាំ២០២២ គឺជនរួមជាតិខ្មែរណាមបូ ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌសែនដូនតា ៣ ថ្ងៃចុងក្រោយ។ នៅខេត្តសុកត្រាំង មាមីងជនរួមជាតិខ្មែរកំពុងរីករាយទទួលអំណរពិធីបុណ្យសែនដូនតាប្រកបដោយភាពសប្បាយរីករាយ កក់ក្តៅនិងសុភមង្គល។
ព្រះសង្ឃសូត្រដារបាយបិណ្ឌ។
ជនរួមជាតិខ្មែររៀបចំស្ពកសំណែនសែនក្នុងឱកាសបុណ្យសែនដូនតា។
ចាប់ពីថ្ងៃ ១ រោចខែភទ្របទ រៀងរាល់រាត្រី មាមីងជនរួមជាតិខ្មែរនាំគ្នាអញ្ជើញទៅវត្តស្តាប់ព្រះសង្ឃសូធ្យមន្ត និងវេលាទៀបភ្លឺទៅវត្តប្រារព្ធពិធីបោះបាយបុណ្យ ក្នុងគោលបំណងឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅកាន់បរលោក។ នេះគឺជាទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរត្រូវបានរក្សាតាំងពីយូរលង់មក។ អ្នកមីងលីធីតឹម នៅអនុសង្កាត់ ២ សង្កាត់ ៥ ក្រុងសុកត្រាំង ឱ្យដឹង៖ “ឆ្នាំមុន ដោយសារជំងឺ COVID-១៩ ទើបបុណ្យសែនដូនតាខ្ញុំមិនបានទៅវត្ត។ ឆ្នាំនេះ ចាប់ពីថ្ងៃ ១ រោចមក ខ្ញុំរៀបចំបាយទឹក នំនែក ផ្លែឈើ។ល។ យកទៅវត្តបោះបាយបុណ្យ ដាក់បាត្រព្រះសង្ឃជារហូត។ ខ្ញុំតែងរំលឹកកូនចៅក្នុងឱកាស ១៣ ថ្ងៃកាន់បិណ្ឌ ត្រូវទៅវត្តឱ្យបានទៀងទាត់ ដើម្បីរក្សាទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ”។ តាមការរៀបរាប់របស់អ្នកមីងតឹម បុណ្យសែនដូនតាគឺជាឱកាសដែលកូនចៅបំពេញនូវកត្តញ្ញូកតវេទីតាធម៌ចំពោះជីដូនជីតា ឪពុកម្តាយ ហើយក៏ជាឱកាសមួយដើម្បីជួបជុំគ្រួសារផងដែរ។
បុណ្យសែនដូនតា គឺជាឱកាសដែលកូនចៅ ទៅធ្វើការនៅស្រុកឆ្ងាយវិលមកផ្ទះជួបជុំគ្រួសារ និងធ្វើបុណ្យសុន្ទរ៍ទានឧទ្ទិសកុសលដល់បុព្វការីជន ដែលបានចែកឋានទៅកាន់បរលោក។ លោកលីថាញ់ហឹង នៅភូមិបឹងក្រចាប់ ឃុំតឹងហឹង ស្រុកឡុងភូ កំពុងរៀបចំផ្ទះសម្បែងដើម្បីទទួលអំណរបុណ្យសែនដូនតា។ លោកថាញ់ហឹង ឱ្យដឹង៖ “ខ្ញុំតែងអប់រំកូនចៅ ទោះបីទៅធ្វើការរកស៊ីនៅស្រុកឆ្ងាយ ដល់ថ្ងៃបុណ្យសែនដូនតា ត្រូវវិលមកផ្ទះសួរសុខទុក្ខជីដូនជីតា ឪពុកម្តាយអ្នកមានគុណ។ ព្រោះហេតុនេះ កូនចៅខ្ញុំមកជួបជុំគ្រួសារនៅថ្ងៃ ១៤ រោច រៀបស្ពកសំណែនដើម្បីសែនដូនតា។ ថ្ងៃ ១៥ រោច (ភ្ជុំបិណ្ឌ) យកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃ និងថ្ងៃ ១ កើត ខែអស្សុជ ធ្វើពិធីជូនដូនតា។ ក្រៅពីការតបស្នងសងគុណចំពោះឪពុកម្តាយ កូនចៅរបស់ខ្ញុំនៅទាំងទៅជូនអំណោយចាស់ព្រឹទ្ធាចារ្យក្នុងវង្សត្រកូល ដើម្បីទទួលបានសព្ទសាធុការពរ”។
នៅសុកត្រាំងថ្ងៃបុណ្យសែនដូនតា នៅរាត្រី ថ្ងៃ ១៤ រោច និងព្រឹកថ្ងៃ ១៥ រោច (ភ្ជុំបិណ្ឌ) នៅតាមវត្តអារាមមានរៀបចំសកម្មភាពវប្បធម៌ សិល្បៈ កីឡា ដើម្បីជនរួមជាតិខ្មែរមកវត្តលេងកម្សាន្តនៅថ្ងៃបុណ្យទៀតផង។ ចលនាទាំងនេះ តែងបានវត្តអារាមរក្សាតាំងពីយូរលង់មក ដើម្បីរួមចំណែកអភិរក្សវប្បធម៌ប្រពៃណីដ៏ថ្លៃថ្លារបស់ជនរួមជាតិខ្មែរ៕
លីធាន-មុនី