មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

29/08/2022 - 15:02

យក​អស់​ពីព្រះ​ទ័យ​បង្ហាត់​របរ​ចម្លាក់​

ព្រះ​តេជ​ព្រះ​គុណ​ ឡឹម​សាង​ គង់​នៅ​វត្ត​ការន្ត នៅ​ភូមិ​ ៤ ឃុំ​សាភៀង ស្រុក​ឡុង​មី ខេត្ត​ហូវ​យ៉ាង​ តែង​យក​អស់​ពី​ព្រះ​ទ័យ​បង្ហាត់​របរ​ចម្លាក់​ដល់​ព្រះ​សង្ឃ​ក្នុង​និង​ក្រៅ​ខេត្ត​ដែល​និមន្ត​មក​រៀន​។​

ព្រះ​តេជព្រះ​គុណ​ឡឹម​សាង​។​

កាល​ពីឆ្នាំ​ ២០០៦ ព្រះ​តេជ​ព្រះ​គុណ​ ឡឹម​សាង​ បាន​និមន្ត​ទៅ​កាន់​វត្ត​ស្រឡូង ស្រុក​មី​ស្វៀង​ ខេត្ត​សុក​ត្រាំង​ សិក្សា​រៀន​សូត្រ​ធម៌​អាថ៍វិន័យ​និង​រៀន​ចម្លាក់​ផង​ដែរ​។​ ក្រោយ​ពីសាង​ផ្នួស​បួស​រៀន​អស់​រយៈ​កាល​ ៤ ឆ្នាំ​ ព្រះ​អង្គ​បាន​ប្រ​ឡង​សញ្ញា​បត្រ​ពុទ្ធិក​មធ្យម​សិក្សា​បឋម​ភូមិ​ឆ្នាំ​ទី ៤ (បាលី​រង​) ហើយ​បាន​រៀន​ចម្លាក់​នៅ​ទីនោះ​។​ ក្រោយ​មក​ទៀត​ ព្រះ​អង្គ​បាន​និមន្ត​ទៅ​កាន់​វត្ត​កំ​ពង់​ជ្រៃ​ ខេត្ត​ត្រា​វិញ​ ដើម្បី​រៀន​បន្ថែម​របរ​ចម្លាក់​នេះ​។​ ឆ្នាំ​ ២០១៦ ព្រះ​តេជ​ព្រះ​គុណ​ ឡឹម​សាង​ បាន​ចេះ​របរ​ចម្លាក់​ ព្រះ​ចៅ​អធិការ​វត្ត​ការន្ត ក៏​បាន​និមន្ត​ព្រះ​អង្គ​ឱ្យ​មក​គង់​នៅ​វត្ត​វិញ​ ដើម្បី​ជួយ​បង្ហាត់​បង្រៀន​ដល់​ព្រះ​សង្ឃ​ក្នុង​វត្ត​។​ ព្រះ​តេជ​ព្រះ​គុណ​ ឡឹម​សាង​ មាន​ថេរ​ដី​កា​៖ “មក​ដល់​វត្ត​ អា​ត្មា​ភាព​បាន​ទំ​នាក់​ទំ​នង​តាម​វត្ត​នៅ​ខេត្ត​នានា​ ស្វែង​រក​គល់​ឈើ​ស្ងួត​ យក​មក​ឆ្លាក់​ និង​ទិញ​គល់​ឈើ​ស្ងួត​មួយ​ចំ​នួន​តាម​ភូមិ​ស្រុក​យក​មក​បង្រៀន​ដល់​ព្រះ​សង្ឃ​។​ អា​ត្មា​ភាព​មិន​សូវ​ជំនាញ​របរ​ចម្លាក់​ទេ ប៉ុន្តែ​ បំ​ណង​ចង់​បង្ហាត់​បង្រៀន​របរ​ប្រ​ពៃណី​ដល់​ព្រះ​សង្ឃ​ជួន​ជា​លា​ចាក​សិក្ខា​បទ​ទៅ​ក៏​មាន​របរ​ក្នុង​ដៃ​នឹង​គេ”។​

ព្រះ​តេជព្រះ​គុណ​ ឡឹម​សាង​ ( អង្គ​ឈរ​) ណែនាំ​ព្រះ​សង្ឃ​ពី​របៀប​ឆ្លាក់​គល់​ឈើ​។​

ចាប់​ពីឆ្នាំ​ ២០១៦ មក​ទល់​ពេល​នេះ​ ព្រះ​តេជ​ព្រះ​គុណ​ ឡឹម​សាង​ បាន​ទទួល​ឈើ​យក​មក​ឆ្លាក់​ជា​រូប​ផ្សេង​ៗ​ដូច​៖ សត្វ​តំ​ណាង​ឆ្នាំ​ទាំង​ ១២ រូប​សត្វ​នាគ​–តោ–អណ្តើក–ក្ងោក​ ឬ​សត្វ​សត្វ​ឥន្ទ្រីយ៍ ត្រី​ ៘ មាន​ព្រះ​សង្ឃ​ជា​ច្រើន​បាន​និមន្ត​មក​រៀន​ចម្លាក់​នៅ​វត្ត​ការន្ត។​ តាម​ថេរ​ដី​កា​ ព្រះ​តេជ​ព្រះ​គុណ​ ឡឹម​សាង​ មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​ មាន​ព្រះ​សង្ឃ​ ៥-៧ អង្គ​ ក្នុង​និង​ក្រៅ​ខេត្ត​និមន្ត​មក​រៀន​។​ ព្រះ​តេជ​ព្រះ​គុណ​ តាំង​ឌឿង កំ​ពុង​រៀន​ចម្លាក់​ ពិត​ឱ្យ​ដឹង​៖ “នេះ​ជា​វត្ត​ដំបូង​គេ​ក្នុង​ខេត្ត​ ដែល​បង្រៀន​របរ​ចម្លាក់​ ម្ល៉ោះ​ហើយ​អា​ត្មា​ភាព​ត្រេក​អរ​ណាស់​និង​ថ្លែង​អំ​ណរ​គុណ​ដល់​ព្រះ​តេជព្រះ​គុណ​ ឡឹម​សាង​ ដែល​បាន​ពាំ​នាំ​របរ​ចម្លាក់​មក​បង្ហាត់​បង្រៀន​ដល់​ព្រះ​សង្ឃ​និង​យុវ​ជន​ខ្មែរ​នៅ​ហូវ​យ៉ាង​។​ ម្យ៉ាង​ទៀត​ ព្រះ​តេជ​ព្រះ​គុណ​ ឡឹម​សាង​ បាន​បង្ហាញ​យ៉ាង​ហ្មត់​ចត់​ពី​វិធី​គូរ​រូប​ឆ្លាក់​លើ​គល់​ឈើ​ និង​របៀប​ឆ្លាក់​ដើម្បី​សម្រេច​បាន​ទៅ​ជា​វណ្ណ​កម្ម​។​ អ្វី​ដែល​អស្ចារ្យ​នៃ​របរ​នោះ​គឺ​ប្រើ​ប្រាស់​នូវ​គល់​ឈើ​ស្ងួត​ដែល​បោះ​បង់​ចោល​ ដើម្បី​យក​មក​ច្នៃ​បាន​ទៅ​ជា​វណ្ណ​កម្ម​ដ៏​ស្អាត​ ម្ល៉ោះ​ហើយ​អា​ត្មា​ភាព​មាន​ចំ​ណូល​ចិត្ត​នឹង​របរ​នេះ​ណាស់​”។​

លោក​ផាង​ហ្វាង​មិញ​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​សា​ភៀង ឱ្យ​ដឹង​៖ “និមន្ត​មក​វត្ត​មិន​ត្រឹម​តែ​បង្ហាត់​បង្រៀន​របរចម្លាក់​ដល់​ព្រះ​សង្ឃ​ប៉ុណ្ណោះ​ទេ ព្រះ​តេជ​ព្រះ​គុណ​ ឡឹម​សាង​ ថែម​ទាំង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ ក្នុង​រដូវ​វិស្សមកាល​ដល់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ឃុំ​ចូល​មក​រៀន​ទៀត​ផង​។​ ពិសេស​ ព្រះ​អង្គ​កសាង​ធ្លុង​មហា​សាមគ្គី​ជន​ជាតិ​ ចលនា​មាមីង​ខ្មែរ​ព្រួត​ដៃ​កសាង​វត្ត​អា​រាម​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ភាព​សម​រម្យ​ ព្រម​ទាំង​កសាង​ភូមិ​ស្រុក​សុខ​សាន្ត។​ ទឹក​ព្រះ​ទ័យ​នៃ​ព្រះ​តេជព្រះ​គុណ​ ឡឹម​សាង​ គួរ​ជា​ទី​គោ​រព​ខ្លាំង​ណាស់​”៕​

                                  យ្វី​អាញ-លីសៀ

ចែករំលែកអត្ថបទ