តាមស្ថិតិរបស់ផ្នែកទេសចរណ៍ ក្រោយរយៈពេល ៩ ថ្ងៃបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីវៀតណាម ភ្នំបាឌាងទទួលបានភ្ញៀវទេសចរជាង ៥៩៥ ពាន់លើកនាក់ ច្រើនបំផុតក្នុងទូទាំងប្រទេស។
ព្រះបដិមាសាងពីស្ពាន់ខ្ពស់បំផុតទ្វីបអាស៊ី។
ចំនួនភ្ញៀវទេសចរដែលធ្វើដំណើរទៅកាន់ប្រជុំមណ្ឌលទេសចរណ៍ភ្នំបាឌាង បានកើនឡើង រួមចំណែកញុាំងឱ្យផ្នែកទេសចរណ៍តីនិញ មានការរីកចម្រើនឡើងក្រោយពីរយៈពេលអនុវត្តគម្លាតសង្គមដោយសារជំងឺ COVID-១៩។ ក្នុងចំណោមភ្ញៀវទេសចរធ្វើដំណើរទៅកាន់ភ្នំបាឌាងនិយាយដោយឡែកនិងតីនិញនិយាយរួម គឺមានភ្ញៀវដែលស្នាក់នៅ ៦៥% ម្ល៉ោះហើយប្រព័ន្ធផ្ទះសំណាក់ សណ្ឋាគារ និងសេវាហូបចុក៘ ក៏ទាក់ទាញបានភ្ញៀវច្រើន។
ប្រជុំមណ្ឌលទេសចរណ៍បែបជំនឿនៅភ្នំបាឌាង មានទំហំប្រមាណ ២៤គ.ម ដែលមានភ្នំចំនួន ៣។ ខ្ពស់បំផុត គឺភ្នំបាឌាង ដែលមានកម្ពស់ ៩៨៦ ម៉ែត្របើប្រៀបនឹងផ្ទៃទឹកសមុទ្រ។ ភ្នំនេះបានគេហៅថាដំបូលផ្ទះនៅអាស៊ីអាគ្នេយ៍។ រមណីយដ្ឋាននេះនៅមានភាពរហោស្ថាននៅឡើយ ដោយមានជ្រោះនិងល្អាងភ្នំស្អាត់ៗ។ មានល្អាងភ្នំជាច្រើនត្រូវបានគេកសាងទៅជាកន្លែងទីសក្ការបូជាដ៏ស័ក្តិសិទ្ធិ ដូច៖ វត្តហាង ល្អាងវាយោ ល្អាងថាញឡុង និងល្អាងអុងហូ ៘
កំពូលភ្នំបាឌាង។
ភ្ញៀវទេសចរអាចឡើងភ្នំដោយកន្រ្តកខ្សែកាប ឬក៏ថ្មើរជើង។ ទោះបីខ្ពស់ជាងភ្នំឯទៀតនៅដុងណាមបូក៏ដោយ ប៉ុន្តែភ្នំបាឌាង មានផ្លូវថ្មើរជើងឡើងភ្នំជាច្រើន។ ភ្ញៀវទេសចរវ័យក្មេងមានជម្រើសជាច្រើនសម្រាប់ឡើងភ្នំតាមផ្លូវផ្សេងៗ ដូច៖ តាមផ្លូវវត្ត ផ្លូវបង្គោលអគ្គិសនី ផ្លូវបំពង់ទឹក ឬផ្លូវម៉ាថៀងឡាញ់៘ បើតាមភ្ញៀវទេសចរដែលឡើងភ្នំដោយថ្មើរជើងបានឱ្យដឹង តាមដងផ្លូវឡើងភ្នំមានរុក្ខាលតា វល្លិប្លែកៗ មានផ្លែផ្កាសាយក្លិនពិដោរគួរជាទីមនោរម្យ៘ ធ្វើឱ្យភ្ញៀវទេសចរមិនស្តាយកម្លាំងពេលថ្មើរជើងឡើងភ្នំ។
រយៈពេលថ្មីៗនេះ ប្រជុំមណ្ឌលទេសចរណ៍ ភ្នំបាឌាង ត្រូវបានវិនិយោគកសាងសំណង់ធំៗជាច្រើន ម្ល៉ោះហើយទាក់ទាញភ្ញៀវទេសចរច្រើនកុះករ។ លេចធ្លោបំផុតគឺព្រះបដិមាសាងពីស្ពាន់ខ្ពស់បំផុតនៅវៀតណាម។ ព្រះបដិមាភ្នំបាឌាងបំបែកឯតទគ្គកម្មចំនួន ២ គឺ៖ ព្រះបដិមាស្ពាន់ដែលខ្ពស់បំផុតនៅវៀតណាម និងព្រះបដិមាស្ពាន់ដែលខ្ពស់បំផុតនៅទ្វីបអាស៊ី បានកសាងនៅលើកំពូលភ្នំ។ ពិធីសក្ការបូជានៅភ្នំបាឌាង ត្រូវបានប្រារព្ធឡើងក្រោយពីបុណ្យចូលឆ្នាំថ្មីវៀតណាមរហូតដល់ពាក់កណ្ដាលខែមួយ (ចន្ទគតិ) ជារៀងរាល់ឆ្នាំ គឺជាសកម្មភាពវប្បធម៌គោរពបូជាទាក់ទាញភ្ញៀវទេសចរច្រើនកុះករ។
លើកំពូលភ្នំមានវិហារថៀងសើុង។ ឈរនៅវិហារនេះ ភ្ញៀវទេសចរអាចសម្លឹងឃើញសំណង់ស្រះទឹកយ៉ូវតៀង ដែលស្ងប់ស្ងាត់បាត់រលក។ ក្រៅពីនេះនៅមានកន្លែងថតរូបស្អាតៗ លើកំពូលភ្នំជាច្រើនទៀតដូច៖ កូអរដោនេ ភ្នំបាឌាង ផ្ទាំងថ្មលើកំពូលភ្នំ រានអណ្តែតកណ្តាលនភាល័យ៘ គោលដៅដែលគួរទៅភ្នំបាឌាង មានភាពទាក់ទាញដោយសភាពគួរឱ្យគោរពនិងភាពមហិមា ស័ក្តិសមធ្វើដំណើរទៅទស្សនកិច្ច៕
ហាថាញ- លីសៀ