នៅកឹងធើ មានផ្ទាំងគំនូរទេសភាព រូបថត រូបគំនូរជីវចល។ល។ គូរលើជញ្ជាំងមានទំហំរាប់សិបម៉ែត្រ មានផ្ទាំងខ្លះមានទំហំជិត ១០០ ម៉ែត្រក៏សឹងមានរូបគំនូរមានភាពរស់រវើកនិងបត់បែនដូចរូបពិត។ វណ្ណកម្មទាំងនេះ គឺជាស្នាដៃរបស់វិចិត្រការិនី យ័ញធីហុងដាវ ជានារីខ្មែរ កើតឆ្នាំ ១៩៩០ ទាំងដែលគាត់មិនមែនជាអ្នកធ្លាប់បានឆ្លងកាត់សាលាបណ្តុះបណ្តាលផ្នែកវិចិត្រសិល្បៈនោះផង។
បងស្រីដាវ គូរផ្ទាំងគំនូរនៅទីលានតីន្និស សង្កាត់កៃខេ ខណ្ឌនិញកេវ។ រូបថត៖ យ្វីខោយ
ក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាមកន្លងហើយ ភ្ញៀវទេសចរជាច្រើនពេលទៅកម្សាន្តនៅមណ្ឌលទេសចរណ៍លើភូមិសាស្រ្តស្រុកផុងដៀង បានចាប់អារម្មណ៍នឹងផ្ទាំងគំនូរនៅលើជញ្ជាំងដ៏ស្រស់ស្អាត។ ផ្ទាំងជញ្ជាំងមិនសូវបានជាស្មើ ត្រូវបានវិចិត្តការិនីរូបនេះ រចនាគំនូរទេសភាពលក្ខណៈភូមិស្រុក រូបពិតដល់ថ្នាក់មនុស្សជាច្រើននឹកស្មានថាជារូបថត។ នោះគឺទិដ្ឋភាពផ្សារនៅជនបទ អ្នកស្រែចម្ការ អង្គុយលើកន្ទេលច្រៀងដើងកាតាយទឺ ផ្សារអណ្តែតកៃរាំង សកម្មភាពលក់ដូរ ជាងដំដែក កសិករបោកស្រូវកាលពីអតីត ។ល។ រូបគំនូរទាំងនេះ បានទាក់ទាញភ្នែកទេសចរ។ សាកសួរទើបដឹងថា អ្នកគូរគំនូរនោះគឺវិចិត្តការិនី យ័ញធីហុងដាវ។
យើងខ្ញុំទាក់ទងទៅជួបបងស្រី បានគាត់ណាត់ជួបនៅទីលានតីនិ្នស នៅមណ្ឌលកោះកៃខេ ខណ្ឌនិញកេវ ពីព្រោះបងស្រីកំពុងទទួលគូរគំនូរលើជញ្ជាំងនៅទីនោះ។ យើងខ្ញុំមើល បងស្រីគូរដោយផ្ទាល់ រូបគំនូរមានភាពរស់រវើក ទាក់ទាញអារម្មណ៍។ រូបគំនូរកីឡាករវាយកូនបាល់លំដាប់កំពូលពិភពលោក ត្រូវបានបងស្រីដាវ គូរលើជញ្ជាំងមានភាពរស់រវើកតាំងពីពណ៌សម្បុរទឹកមុខ រហូតកាយវិការលេងបាល់។ល។ បងស្រីខំប្រឹងលាយថ្នាំពណ៌ សម្អាត ជញ្ជាំង។ល។ ដើម្បីបន្តគូរនៅផ្ទាំងជាបន្ទាប់។ លោកង្វៀងផាកដាក ប្រជាជននៅខណ្ឌនិញកេវ ឱ្យដឹង៖ “ខ្ញុំឃើញក្មួយស្រីនេះមានថ្វីដៃប៉ិនប្រសប់ទើបឆៀងចូលមើល។ គូរផ្ទាំងគំនូរខ្នាតធំដូចរូបពិត ពូកែណាស់”។
***
ជួបបងស្រី យ័ញធីហុងដាវ ការពិតគឺជាអ្នកស្គាល់។ ប្រហែលជា ១០ ឆ្នាំមុន ពេលដាវនៅជានិស្សិតមហាវិទ្យាល័យគរុកោសល្យរូប វិទ្យានៃសកលវិទ្យាល័យកឹងធើ យើងខ្ញុំស្គាល់ដាវ នៅពេលដែលនាងសហការជាមួយគ្រូឧទ្ទេស ឡេឌិញប៊ិច ដើម្បីបង្រៀនកម្មវិធី “វគ្គសិក្សាត្រូពិក” សម្រាប់និស្សិតបរទេស។ ក្នុងម៉ោងរៀនរបស់គ្រូឧទ្ទេស ឡេឌិញប៊ិច ឧទ្ទេសនាមពីលក្ខណៈវប្បធម៌ណាមបូ ក្នុងនោះមានវប្បធម៌ខ្មែរណាមបូ ហុងដាវសម្តែងបង្ហាញពីក្បាច់របាំខ្មែរ ឧទ្ទេសនាមពីម៉ូដសម្លៀកបំពាក់របស់ជនរួមជាតិខ្មែរ ។ល។ ក្រោយមកមិនយូរប៉ុន្មាន ដាវបានចាប់យកអាជីពសរសេរអក្សរ ក្បាច់សាមញ្ញប័ដ លើផ្លែឈើ លើថ្ម និងឈើ ។ល។ ដើម្បីធ្វើវត្ថុអនុស្សាវរីយ៍។
បែកគ្នារយៈកាលជិត ១០ ឆ្នាំឥឡូវ យ័ញធី ហុងដាវ ក្លាយជាវិចិត្តការិនីមានទេពកោសល្យជំនាញខាងគូរគំនូរលើជញ្ជាំង។ បងស្រី ឱ្យដឹង ការគូរគំនូរលើជញ្ជាំងអាស្រ័យនាងស្វ័យសិក្សា សំខាន់គឺតាមរយៈបណ្តាញ YouTube ។ ស្រាវជ្រាវតាំងពីផ្ទាំងគំនូរខ្នាតតូចពី ១-២ ម៉ែត្រការ៉េ រហូតមកទល់នឹងពេលនេះ បងស្រីដាវ អាចគូរផ្ទាំងគំនូរខ្នាតធំ មានផ្ទាំងខ្លះទំហំជិត ១០០ ម៉ែត្រការ៉េ ។
ថ្វីដៃគំនូររបស់បងស្រីដាវ ត្រូវបានមនុស្សជាច្រើនដឹងឮ នៅពេលដែលភោជនីយដ្ឋាន កន្លែងទេសចរណ៍ សាលារៀន ។ល។ នៅកឹងធើនិងខេត្តមួយចំនួននៅតំបន់វាលរាបទន្លេគឺវឡុង បានចុះកិច្ចសន្យាដាក់ឱ្យនាងគូរ។ បងស្រីដាវ ឱ្យដឹង៖ បច្ចុប្បន្នខ្ញុំបានចុះកិច្ចសន្យាទទួលគូរគំនូរលើជញ្ជាំងខ្នាតធំ ឱ្យបណ្ណាល័យខេត្តដុងថាប និងភោជនីយដ្ឋានមួយចំនួននៅកឹងធើ។ល។ ដូច្នេះមមាញឹកណាស់។ ចែករំលែក អំពីផ្ទាំងគំនូរស្អាត បើតាមបងស្រីដាវ ក្រៅពីការប៉ិនប្រសប់ ភ្នែកមុតរបស់អ្នកគូរ សំខាន់បំផុតគឺការវាស់វែងបែងចែកខ្នាតសមស្រប។ ពីព្រោះសម្រាប់ផ្ទាំងគំនូរខ្នាតធំ គ្រាន់តែគូរខុសខ្នាតបន្តិចអាចធ្វើឱ្យខូចផ្ទាំងគំនូរទាំងស្រុង ត្រូវចាប់ផ្តើមគូរសាជាថ្មី ពិសេសគឺពេលគូររូបថត។
ពេលឃើញបងស្រីដាវ គូរគំនូរលើជញ្ជាំង ទើបដឹង “ការលះបង់ដើម្បីសិល្បៈគំនូរ” របស់ គាត់។ សហការនេះជាមួយនឹងបងស្រីមានតែជំនួយការម្នាក់ប៉ុណ្ណោះ ហេតុនោះកិច្ចការស្ទើរតែទាំងអស់គឺបងដាវជាអ្នកធ្វើ។ ក្រៅពីគូរគំនូរ បងស្រីធ្វើទាំងកិច្ចការផាតពណ៌ កោសជូត សម្អាតជញ្ជាំង រៀបឥដ្ឋឬបូកស៊ីម៉ងត៍។ល។ “ពេលខ្លះចង់បានជញ្ជាំងរលីងដូចបំណង ខ្ញុំត្រូវប៉ាតស៊ីម៉ងត៍រាប់ម៉ោង ជាំអស់ម្រាមដៃ។ ការនៅហាលថ្ងៃឬលីសែងគឺធម្មតា”។ បងស្រីដាវ រៀបរាប់ដូច្នេះ។
ប្រាក់ចំណូលបានមកពីការគូរគំនូរលើជញ្ជាំង បច្ចុប្បន្ន ជួយឱ្យបងស្រីដាវ មានជីវភាពល្អប្រសើរ ប៉ុន្តែសំខាន់គឺគាត់ធ្វើការងារដែលខ្លួនស្រឡាញ់ចូលចិត្ត។ បងស្រី និយាយកំប្លែងលេង៖ “ខ្ញុំស្រឡាញ់ចូលចិត្តសិល្បៈគំនូរខ្លាំងណាស់ ប្រហែលជាដល់ចាស់ ដៃកាន់ជក់លែងជាប់ ទើបឈប់គូរមើលទៅ !” ។ អាស្រ័យការស្រឡាញ់ចូលចិត្ត បានផ្តល់ជាកម្លាំងចិត្តក្នុងការសិក្សា ស្វែងយល់ ពូនជ្រំបំណិន ដើម្បីថ្វីដៃគូរគំនូររបស់នាងខ្ញុំកាន់តែស្ទាត់ជំនាញពីមួយថ្ងៃទៅមួយថ្ងៃ៕
យ្វីខោយ-មុនី