|
លោកចៅសុខសា។ |
ប៉ុន្មានឆ្នាំមកនេះ លោកចៅសុខសា នៅឃុំអូរឡឹម ស្រុកទ្រីតូង ខេត្តអាងយ៉ាង ត្រូវបានតែងតាំងជាអ្នកមានប្រជាប្រិយ។ យើងខ្ញុំមានឱកាស បានជួបលោកនិងរួមដំណើរជាមួយលោករៀបរាប់ពីភាពផ្លាស់ថ្មី និងកង្វល់របស់អ្នកមានប្រជាប្រិយចំពោះតំបន់ជនជាតិខ្មែរបៃណូយ។ល។
លោកចៅសុខសា កើតនិងធំដឹងក្តីនៅតំបន់ភ្នំទ្រីតូង។ ឆ្នាំនេះគាត់អាយុជិត ៧០ ហើយក៏ជារយៈពេលគាត់រស់នៅផ្សារភ្ជាប់នឹងភូមិស្រុកនៅអូរឡឹម ។ លោកសុខសា ឱ្យដឹង៖ “ខ្ញុំធ្វើជាកម្មាភិបាលឃុំរយៈពេលជិត ២០ ឆ្នាំ ឆ្លងកាត់តួនាទីផ្សេងៗគ្នាជាច្រើន អាស្រ័យហេតុនោះ ខ្ញុំយល់ច្បាស់ពីប្រជាជនខ្មែរក្នុងភូមិស្រុក ត្រូវប្រឈមនឹងបញ្ហាអ្វី ត្រូវការជំនួយអ្វី”។
តំបន់អូរឡឹមមានជនរួមជាតិខ្មែររស់នៅជាង ៩៥% ក្នុងនោះគ្រួសារក្រីក្រនិងកៀកបន្ទាត់ក្រជាង ២០%។ ភាគច្រើនក្នុងចំណោមទាំងនោះ ជាគ្រួសារកសិករ ណាមួយមិនចេះអក្សរ ពុំនោះសោតនិយាយភាសាវៀតណាមប៉ៃឡាំ។ “កម្រិតប្រជាបញ្ញាទាប មិនសូវមានដីបង្កបង្កើនផល មានអ្នកខ្លះទៅធ្វើការឈ្នួល ម្ល៉ោះហើយជីវភាពក្រលំបាកណាស់។ ហេតុដូច្នោះ មានគ្រួសារជាច្រើនមិនយកចិត្តទុកដាក់ ឬក៏មិនមានឱកាស ដើម្បីឱ្យកូនចៅរៀនសូត្រទេ។ល។” - លោកចៅ សុខសា ឱ្យដឹងដូច្នេះ។ នេះគឺជាកង្វល់ និងជាមូលហេតុដែលលោកមានបំណងចូលរួមចលនាជំរុញការសិក្សានៅភូមិភាគពេលលោកចូលនិវត្តន៍ - ឆ្នាំ២០១២។
លោក ទីវឌិញហីវញឺហូវ ប្រធានសមាគមកសិករឃុំអូរឡឹម ឱ្យដឹង៖ លោកសុខសា តែងអស់ពីចិត្តចូលរួមក្រុមការងារនៅមូលដ្ឋាន ។ រាល់ការចូលរួមដូច្នេះ ក្រៅពីចលនាប្រជាជនអនុវត្តគោលការណ៍របស់បក្ស ច្បាប់របស់រដ្ឋ ឬចូលរួមចលនាប្រឡងប្រណាំងពលកម្មផលិត លោកតែងជំរុញលើកទឹកចិត្តប្រជាជនអភិវឌ្ឍចលនាជំរុញការសិក្សាជានិច្ច។ រាល់បញ្ហាតែង បានលោកពន្យល់យ៉ាងច្បាស់ ជាក់ស្តែងដើម្បីមាមីងខ្មែរយល់ ។ល។ “គ្រួសារលោកជាគំរូ ចិញ្ចឹមកូនរៀនសូត្រចប់ចុងចប់ដើម មានការងារធ្វើលំនឹង ជីវភាពសុខដុមរមនា។ ហេតុនោះ លោកងាយស្រួលបញ្ចុះបញ្ចូលគ្រួសារកសិករឯទៀត ខិតខំឆ្លងកាត់ការលំបាកដើម្បីចិញ្ចឹមកូនរៀនសូត្រផងដែរ។ អាស្រ័យហេតុនោះ ចលនារៀនសូត្រលើក កម្ពស់ប្រជាបញ្ញា ជំរុញការអនុវត្តវិទ្យាសាស្រ្តបច្ចេកទេស បង្កើនប្រសិទ្ធភាពបង្កបង្កើនផលរបស់កសិករនៅអូរឡឹម កាន់តែរីកចម្រើន” – លោកញឺហូវ រៀបរាប់ ដូច្នេះ។
លោកចៅសុខសា ក្នុងឱកាសជូនសម្លៀកបំពាក់ដល់សិស្សបឋមសិក្សានៅអូរឡឹម។
ចងចាំបានថា ពេលលោកសំណេះសំណាល ជាមួយយើងខ្ញុំ លោកបានចង្អុលទៅកុមារម្នាក់រាងស្គមនៅឯក្រៅផ្ទះថា៖ “ឃើញវាតូចអ៊ីចឹង រៀនថ្នាក់ទី ៧ ហើយ។ ឪពុកម្តាយទៅធ្វើការឆ្ងាយ នៅផ្ទះជាមួយនឹងជីដូន។ល។ មានម្ដងនោះ ឈប់រៀនទៅតាមឪពុកម្តាយធ្វើការ។ ខ្ញុំក៏បានទៅដល់ផ្ទះលើកទឹកចិត្ត ពន្យល់ដាស់តឿន ទើបក្មួយចូលរៀនឡើងវិញ ឥឡូវសង្វាតរៀនសូត្រណាស់”។
អូរឡឹមជាឃុំក្រីក្របានទទួលកម្មវិធី និងគោលនយោបាយជនជាតិជាច្រើន។ លោកសុខសា ឱ្យដឹង៖ “ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ក្នុងភូមិស្រុកត្រូវបានវិនិយោគកសាងកាន់តែសុក្រឹត សាលារៀនស្អាតបាត រឹងមាំ ជីវភាពជនរួមជាតិខ្មែរកាន់តែបានលើកស្ទួយ។ ទោះបីដូច្នោះក្តី ខ្ញុំរំពឹងថា៖ បក្ស រដ្ឋនឹងបន្តមានគោលនយោបាយ យកចិត្តទុកដាក់ពិសេសជាងទៀត ចំពោះការងារអប់រំក្នុងតំបន់ជនរួមជាតិខ្មែរ។ ពីព្រោះខ្ញុំគិតថា៖ មានតែការរៀនសូត្រទេ ទើបកូនចៅជនជាតិខ្មែរមានចំណេះដឹង ថ្ងៃក្រោយងាយស្វែងរកបានការងារធ្វើ លើកស្ទួយជីវភាព។ មានតែដូច្នេះទេ ទើបជួយគ្រួសារជនជាតិខ្មែរកាត់បន្ថយភាពក្រីក្រ និងចាកផុតពីភាពក្រីក្រដោយចីរភាព”៕
ថាញ់ឡុង-លីសៀ