ដោយគោលលំនាំ “ប៉ុស្តិ៍ជាផ្ទះ ព្រំដែនជាមាតុភូមិជនរួមជាតិ បណ្តាជនជាតិជាបងប្អូនបង្កើត” កម្មាភិបាល យុទ្ធជននៅប៉ុស្តិ៍ការពារព្រំដែនវិញចូវ ចំណុះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនសុកត្រាំង តែងត្រៀមជួយឧបត្ថម្ភចែករំលែកទុក្ខលំបាកនឹងប្រជាជននៅតំបន់ព្រំដែន។ល។
ប៉ុស្តិ៍ការពារព្រំដែនវិញចូវ ជូនអំណោយដល់អ្នកក្រ។
ប៉ុស្តិ៍ការពារព្រំដែនវិញចូវ ទើបរៀបចំជូនអង្ករជាង ១ តោនដល់អ្នកក្រ មនុស្សចាស់គ្មានទីពឹងជាជនជាតិខ្មែរ លើភូមិសាស្រ្តសង្កាត់ ១ សង្កាត់ ២ និងសង្កាត់វិញភឿក ទីរួមខេត្តវិញចូវ។ អង្ករទាំងនេះ បានមកពីទម្រង់ប្រិតសំចៃក្នុងការដណ្តាំស្លរបស់អង្គភាព និងការរួមវិភាគទានរបស់សប្បុរសជន។ លោកតាំងហាយភៀង នៅសង្កាត់ ១ ទីរួមខេត្តវិញចូវ ឱ្យដឹង៖ “ឆ្នាំណាក៏ដោយ ផ្ទះខ្ញុំតែងទទួលបានអង្ករនិងអំណោយជាច្រើនលើករបស់ប៉ុស្តិ៍ការពារព្រំដែនវិញចូវ។ ជារៀងរាល់ថ្ងៃ ខ្ញុំប្រកបរបរលក់ឆ្នោត ប្រាក់ចំណូលមិនទៀងទាត់ បានពូៗកងទ័ពជួយឧបត្ថម្ភ ខ្ញុំត្រេកអរខ្លាំងណាស់និងដឹងគុណយ៉ាងក្រៃលែង”។ ចំណែកអ្នកមីងត្រឹងធីគីមហ្វា នៅសង្កាត់វិញភឿក ឱ្យដឹង៖ “ប្តីខ្ញុំឈឺដេកមួយកន្លែង ជីវភាពលំបាក កូនៗទៅរកស៊ីនៅស្រុកឆ្ងាយ។ ចំណែកខ្ញុំធ្វើការឈ្នួលនៅភូមិស្រុក ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ អាស្រ័យបានពូៗកងទ័ពការពារព្រំដែនជូនអង្ករប្រចាំខែនិងរបស់ប្រើប្រាស់ចាំបាច់ ខ្ញុំពិតជារីករាយនិងដឹងគុណពូៗកងទ័ពយ៉ាងក្រៃលែង”។
កម្មាភិបាលយុទ្ធជនការពារព្រំដែនវិញចូវ ជូនអាហារូបករណ៍ដល់សិស្សក្រីក្រ។
កៀរគររាល់ប្រភពកម្លាំងសង្គម ដើម្បីជួយគិតគូរដល់អ្នកក្រនៅតំបន់ព្រំដែនសមុទ្រ គឺជាកិច្ចការដែលត្រូវធ្វើជាប្រចាំដើម្បីប្រជាជនលំនឹងជីវភាព។ ទន្ទឹមនឹងនោះ អង្គភាពថែមទាំងកសាងគម្រោងជាច្រើន មានដូច៖ ទម្រង់ចិញ្ចឹមគោ លក់ដូរកំប៉ិកកំប៉ុក បុលទុនពង្រីកសេដ្ឋកិច្ច ឧបត្ថម្ភអង្ករ ជូនអាហារូបករណ៍ដល់សិស្សក្រីក្រ។ល។ ពិសេស អង្គភាពបានទទួលគាំពារសិស្សក្រីក្រ ២ រូប ក្នុងមួយខែៗ ឧបត្ថម្ថទឹកប្រាក់ ៥០០ ពាន់ដុង ម្យ៉ាងទៀតនាឱកាសបុណ្យចូលឆ្នាំ អង្គភាពនៅទាំងជូនអំណោយ អង្ករ របស់ប្រើប្រាស់ចាំបាច់ ដើម្បីលើកទឹកចិត្តគ្រួសារគិតគូរឱ្យប្អូនៗ រៀនសូត្របានល្អ។
អនុសេនីយ៍ឯក លីវ៉ាន់តៀង ស្នងការនយោបាយនៃប៉ុស្តិ៍ការពារព្រំដែនវិញចូវ ឱ្យដឹង៖ “កម្មាភិបាល យុទ្ធជនក្នុងអង្គភាពតែងអនុវត្តល្អតួនាទីស្នូលលើភូមិសាស្រ្តដែលកងទ័ពឈរជើង សកម្មជួយប្រជាជនលំនឹងជីវភាពផង និងការពារអធិបតេយ្យសន្តិសុខព្រំដែនសមុទ្រផង។ សមមិត្តគ្រប់រូបមិនត្រឹមតែពូកែខាងប្រដាប់អាវុធប៉ុណ្ណោះទេ ថែមទាំងចែករំលែកសុខទុក្ខនិងជួយប្រជាជនដោយទង្វើជាក់ស្តែង ម្ល៉ោះហើយទុកដូចជាស្ពានតភ្ជាប់ ពូនជ្រំមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅតំបន់ព្រំដែនសមុទ្រកាន់តែមានភាពជិតស្និទ្ធ”៕
យ្វីអាញ់-មុនី