កាលពីសប្ដាហ៍កន្លង នៅរដ្ឋធានីហាណូយ បានរៀបចំមហាសន្និបាតតំណាងបណ្ដាជនជាតិភាគតិចវៀតណាមទូទាំងប្រទេស លើកទី II ឆ្នាំ ២០២០ ។ មហាសន្និបាត មានការអញ្ជើញចូលរួមនៃអ្នកតំណាងពេញសិទ្ធិ ១.៦០០ នាក់ និងភ្ញៀវអញ្ជើញ ៣០០ នាក់។ ក្នុងនោះ មានអ្នកតំណាង ១.២៤០ នាក់ តំណាងឱ្យ ៥៤ ជនជាតិចូលរួមមហាសន្និបាត ដែលបានជ្រើសរើសនៅមហាសន្និបាតតំណាងបណ្ដាជនជាតិភាគតិចវៀតណាមថ្នាក់ខេត្ត លើកទី III និងអ្នកតំណាងថ្នាក់មជ្ឈិម ៣៦០ នាក់ បានជ្រើសរើសចូលរួមមហាសន្និបាត។
ក្រុមប្រតិភូតំណាងជនជាតិភាគតិចទាំង ៥៤ ជនជាតិ ដឹកនាំដោយសមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្រ្តី ត្រឿងហ្វាប៊ិញ ប្រធានគណៈចង្អុលការរៀបចំមហាសន្និបាតបានធ្វើគារវៈភក្ដីគោរពរំលឹកវិញ្ញាណក្ខ័ន្ធក្សត្រហ៊ុង។
ក្រោមបធានបទ “ស្ថិតក្រោមទង់ជាតិដ៏ត្រចះត្រចង់របស់បក្ស បណ្តាជនជាតិ សមភាព សាមគ្គីភាព យោគយល់គ្នា ជួយគ្នាទៅវិញទៅមក ពង្រីកកម្លាំងផ្ទៃក្នុងរួមគ្នាអភិវឌ្ឍន៍ជាមួយប្រទេសជាតិ” មហាសន្និបាត បានវាយតម្លៃនូវសមិទ្ធផល និងលទ្ធផលដែលសម្រេចបានក្នុងការអនុវត្តនូវគោលនយោបាយជនជាតិ ការងារជនជាតិ ដំណាក់កាល ២០១០-២០២០ ផ្ដើមពីនោះ ដកស្រង់នូវពិសោធន៍ បន្តធ្វើឱ្យសុក្រឹតនូវគោលនយោបាយជនជាតិ ដាក់ចេញនូវទិសដៅ គោលដៅ ភារកិច្ច និងដំណោះស្រាយក្នុងការងារជនជាតិ ដំណាក់កាល ២០២១-២០៣០ ។
តាមរយៈនោះ រយៈពេល ១០ ឆ្នាំកន្លង គ្រប់ថ្នាក់ គ្រប់ផ្នែក ទូទាំងប្រព័ន្ធនយោបាយ បានផ្ដល់អាទិភាពនូវរាល់ប្រភពកម្លាំង វិនិយោគ អភិវឌ្ឍសេដ្ឋកិច្ច បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ បំផុតគឺភូមិសាស្រ្តដែលមានស្ថានភាពសេដ្ឋកិច្ចលំបាកខ្លាំង។ អាស្រ័យហេតុនោះ ជាមធ្យមរៀងរាល់ឆ្នាំ អត្រាគ្រួសារក្រីក្រតំបន់ជនជាតិភាគតិច និងតំបន់ភ្នំថយចុះពី ២-៣% ឃុំលំបាកខ្លាំងថយចុះពី ៣-៤% ស្រុកក្រីក្រថយចុះពី ៤-៥% និងមានកន្លែងខ្លះថយចុះដល់ ៥% ។ តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ មានឃុំសម្រេចបទដ្ឋានជនបទថ្មីចំនួន ១០៥២ (ស្រូបអត្រា ២២,២៩%) ក្នុងនោះ មានឃុំលំបាកខ្លាំងចំនួន ២២២ បានសម្រេចបទដ្ឋានជនបទថ្មី។ ចំពោះលទ្ធផលខាងលើ សឱ្យឃើញថា គោលដៅដាក់ចេញក្នុងមហាសន្និបាតលើកទី I ជាមូលដ្ឋានសម្រេចបានតាមទិសដៅដាក់ចេញ។ ស្មារតីសាមគ្គីបណ្ដាជនជាតិ ត្រូវបានរឹតបន្ដឹងនិងពង្រីកក្ដីជំនឿទៅលើបក្សនិងរដ្ឋ ជានិច្ចកាលតែងបានពង្រឹងយ៉ាងរឹងមាំ។
ក្នុងក្របខណ្ឌនៃមហាសន្និបាត អ្នកតំណាងចូលរួមបានចែកជាប្រតិភូច្រើនក្រុម ដើម្បីអញ្ជើញទៅអុជធូបនៅវិហារក្សត្រហ៊ុង (ភូ-ថ); ទៅគោរពវីរយុទ្ធជនពលី នៅស្តូបវីរយុទ្ធជនពលីវិថីបាក់សើុង (ហាណូយ); ទៅគោរពវិញ្ញាណក្ខ័ន្ធអ៊ំហូ នៅវិមានតម្កល់សពលោកប្រធានហូជីមិញ អញ្ជើញទៅទស្សនាផ្ទះរតអ៊ំហូ ទស្សនាវិមានប្រធានរដ្ឋ។ល។ ក្នុងក្របខណ្ឌនៃមហាសន្និបាតនេះដែរ នៅអាគាររដ្ឋសភា សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា ង្វៀងធីគីមង៉ឹង បានទទួលជួប និងសម្ដែងការស្វាគមន៍ក្រុមប្រតិភូអ្នកតំណាងឆ្នើម ១០០ នាក់ (តំណាង ៥៤ ជនជាតិ)។
មហាសន្និបាត គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ និងជាទិវាជួបជុំមហាសាមគ្គីទូទាំងជនជាតិវៀតណាម។ មហាសន្និបាត ក៏ជាឱកាសដែលបក្ស រដ្ឋ កត់សម្គាល់នូវការរួមចំណែកដ៏ធំធេងរបស់ជនរួមជាតិភាគតិច ក្នុងយុទ្ធនាការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ អនុវត្តនូវគោលនយោបាយជនជាតិ កសាងការពារមាតុភូមិ និងសមាហរណកម្មអន្តរជាតិ។ មហាសន្និបាត ជាវេទិកាទំនាក់ទំនង រៀនសូត្រ ដោះដូរបទពិសោធន៍រវាងជនជាតិនិងគ្នា ជាព្រឹត្តិការណ៍ប្រជុំជីវភាពនយោបាយសង្គមទូលំទូលាយ សំដៅលើកកម្ពស់ស្មារតីយល់ដឹង ពង្រឹងក្ដីជំនឿនិងការឯកភាពគ្នារបស់ជនរួមជាតិភាគតិច ក្រោមការដឹកនាំរបស់បក្ស៕
ប្រភព: កាសែតជនជាតិនិងអភិវឌ្ឍន៍ ប្រែសម្រួល: ពេជ្រសឿន