នាយករដ្ឋមន្រ្តី ង្វៀងស្វឹងភុក និងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោហ៊ុនសែន ទើបមានកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ ពិភាក្សានូវវិធានការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជា សហប្រតិបត្តិការអាស៊ាន បញ្ហាអន្តរជាតិ និងតំបន់មួយចំនួនដែលភាគីទាំងពីរកំពុងមានការចាប់អារម្មណ៍។
នាយករដ្ឋមន្រ្តី ង្វៀងស្វឹងភុក សន្ទនាតាមប្រព័ន្ធវីដេអូ ជាមួយនឹងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោហ៊ុនសែន។
នៅក្នុងកិច្ចសន្ទនា នាយករដ្ឋមន្រ្តី ហ៊ុនសែន អបអរសាទរសមិទ្ធផលកិច្ចការក្នុងប្រទេសនិងកិច្ចការបរទេស ដែលវៀតណាមសម្រេចបានក្នុងរយៈពេលកន្លង។ នាយករដ្ឋមន្រ្តី ហ៊ុនសែន អះអាងថា នឹងសហការជាមួយវៀតណាមក្នុងនាមជាសមាជិកអាស៊ាន និងបន្តគាំទ្រវៀតណាមទទួលនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិកាល ២០២០-២០២១ ព្រមទាំងសម្តែងនូវការជឿជាក់វៀតណាម នឹងបន្តគ្រប់គ្រងបានល្អជំងឺ COVID-19 ស្តារឡើងវិញនិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងឆាប់រហ័ស ឈានដល់ការរៀបចំប្រកបដោយជោគជ័យ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម។
នាយករដ្ឋមន្រ្តី ង្វៀងស្វឹងភុក ថ្លែងអំណរគុណដល់នាយករដ្ឋមន្រ្តី ហ៊ុនសែន បានផ្ញើសារចែករំលែក ពីគ្រោះមហន្តរាយដែលបង្កឡើងដោយទឹកជំនន់នៅតំបន់ភូមិភាគកណ្តាលវៀតណាមកន្លងហើយ ទន្ទឹមនឹងនោះ វាយតម្លៃខ្ពស់ចំពោះការជោគជ័យរបស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺ COVID-១៩ និងរក្សាស្ថិរភាពសង្គម បន្តការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងថ្លែងអំណរគុណប្រទេសកម្ពុជា បានសហការយ៉ាងជិតស្និទ្ធនិងគាំទ្រវៀតណាម អនុវត្តសម្រេចជោគជ័យលើគ្រប់វិស័យក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២០។
នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានសម្តែងសេចក្ដីសោមនស្សនូវការរីកចម្រើនជាវិជ្ជមាននៃទំនាក់ទំនង ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រវេណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងវៀតណាម និងកម្ពុជាក្នុងរយៈពេលកន្លង។ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានឯកភាពនឹងបន្តបង្កើនទំនាក់ទំនង ជឿជាក់ ផ្សារភ្ជាប់ ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ខ្លាំងក្លា ស៊ីជម្រៅ ប្រកបដោយចីរភាពលើគ្រប់វិស័យ សហប្រតិបត្តិការជិតស្និទ្ធក្នុងក្របខណ្ឌអាស៊ាន ឯកភាពចង្អុលការដល់ក្រសួង ស្ថាប័ន ភូមិភាគទាំងសងខាងសហការស្អិតល្មួត បង្កើនវិធានការប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ជំងឺឆ្លងរាលដាល ព្រមទាំងដោះស្រាយទាន់ពេលនូវបញ្ហាកើតមានឡើង លើស្មារតីមិត្តភាព និងសហប្រតិបត្តិការ បង្កើនកិច្ចសហប្រតិបត្តិការការពារប្រទេស-សន្តិសុខ ធានាសន្តិសុខ សណ្តាប់ធ្នាប់តំបន់ព្រំដែន។
ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះស្ថាប័ន នីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បានផ្តល់សច្ចាប័នលើឯកសារច្បាប់ទាំងពីរស្ដីពីព្រំដែន រួមមានសន្ធិសញ្ញាបំពេញបន្ថែម លើសន្ធិសញ្ញាកំណត់ព្រំដែនជាតិឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ និងពិធីសារស្ដីពីខណ្ឌសីមា បោះបង្គោលព្រំដែនគោក រវាងប្រទេសទាំងពីរ និងដំណើរការរៀបចំពិធីប្រគល់ផែនទីឋានលេខាព្រំដែនគោកវៀតណាម - កម្ពុជា ព្រមទាំងឯកភាពប្រគល់ឱ្យស្ថាប័នមានសមត្ថកិច្ចនៃភាគីទាំងពីរ បន្តសហការរៀបចំព្រឹត្តិការណ៍មួយចំនួន ដែលទាក់ទងនិងកិច្ចសហប្រតិបត្តិការព្រំដែននៅពេលខាងមុខ។
កិច្ចសន្ទនារវាងនាយករដ្ឋមន្រ្តី ង្វៀងស្វឹងភុក និងនាយករដ្ឋមន្រ្តី ហ៊ុនសែន បានប្រព្រឹត្តឡើងក្នុងបរិយាកាសស្និទ្ធស្នាល បង្ហាញពីស្មារតីសាមគ្គីមិត្តភាព និងជិតស្និទ្ធរវាងប្រទេសទាំងពីរ៕
យោង៖ កាសែតរដ្ឋាភិបាល-មុនី