កើតមកមានអវយវៈមិនគ្រប់គ្រាន់ដូចកុមារឯទៀត ប៉ុន្តែបងកៅឌឹកឡុក នៅភូមិចូវថាញ់ ទីប្រជុំជនមីស្វៀង ស្រុកមីស្វៀង ខេត្តសុកត្រាំង តែងតែខិតខំឈានឡើងក្នុងជីវភាព ជាពិសេសគឺបងជក់ចិត្តនឹងការគូរឆាយាលក្ខណ៍អ៊ំហូ។
មានត្រឹមតែដៃឆ្វេង បងកៅឌឹកឡុក គូរបានយ៉ាងច្រើននូវឆាយាលក្ខណ៍អ៊ំហូជាទីគោរព។
បងឡុក ឱ្យដឹង៖ “កាលនៅមានព្រះជន្ម អ៊ំហូបានទូន្មាន “ពិការប៉ុន្តែមិនឥតប្រយោជន៍” ម្ល៉ោះហើយខ្ញុំយល់ពីចំណុចខ្វះខាតរបស់ខ្លួន តាំងចិត្តជម្នះការអៀនខ្មាស់ចំពោះភ្នែកសម្លឹងរបស់អ្នកផង ដើម្បីប្រឹងប្រែងរៀនសូត្រឱ្យបានល្អ។ រាល់ថ្ងៃ ខ្ញុំតែងដាស់តឿនខ្លួនឯងថា ត្រូវតែព្យាយាមរៀនសូត្រថែមទៀតដើម្បីកុំឱ្យឪពុកម្តាយព្រួយបារម្ភ”។ កើតមកមិនមានបាតដៃស្ដាំ មានតែដៃឆ្វេងល្អជា ប៉ុន្តែឡុកអាចធ្វើការងារគ្រប់យ៉ាង ចាប់តាំងពីកិច្ចការថែទាំខ្លួន ជិះកង់ទៅកាន់សាលា សរសេរមេរៀន រហូតដល់ប្រឡងជាប់ចូលរៀនសាលាមធ្យមសិក្សាវប្បធម៌សិល្បៈខេត្តសុកត្រាំង និងក្លាយជាវិចិត្រករ។ ក្រោយពីបញ្ចប់សញ្ញាបត្រ ហេតុតែស្ថានភាពគ្រួសារក្រលំបាក បង្ខំចិត្តឱ្យបងឡុកទុកក្ដីបំណងប្រាថ្នាមកម្ខាង ដើម្បីធ្វើការងាររកប្រាក់គិតគូរជីវភាព។ គ្រារៀបអាពាហ៍ពិពាហ៍ បំផុតគឺពេលប្រពន្ធទៅចោល បន្សល់ទុក កូនប្រុសមួយអម្រែកគ្រួសារកាន់តែធ្ងន់សម្រាប់ បង។ ចាប់តាំងពីនោះមក បងឡុក ប្រឹងប្រែងរកស៊ីចិញ្ចឹមជីវិតដោយមុខរបរ”គូរគំនូរ” រកបានប្រាក់ផង និងបំពេញក្ដីស្រមៃផង។ រៀងរាល់ពេលព្រឹក ក្រោយពីជូនកូនទៅរៀន បងទទួលការគូរគំនូរនៅតាមសាលាមត្តេយ្យ ហាងកាហ្វេ ក្រុមហ៊ុន អាជីវកម្ម (គូរផ្លាកផ្សាយពាណិជ្ជកម្ម) ដើម្បីរកប្រាក់គិតគូរជីវភាព។ ជាពិសេស នៅពេលយប់ បងគូរឆាយាលក្ខណ៍អ៊ំហូ។ បងឡុក ឱ្យដឹង៖ “កាលនៅរៀនសាលាមធ្យមសិក្សាវប្បធម៌សិល្បៈ មានវិញ្ញាសារមួយចាំបាច់ត្រូវគូរគឺឆាយាលក្ខណ៍ អគ្គមគ្គុទេសក៍ នោះគឺលើកដំបូងដែលខ្ញុំគូរឆាយាលក្ខណ៍អ៊ំហូ។ ខ្ញុំគូរឆាយាលក្ខណ៍ជាច្រើន ប៉ុន្តែពិនិត្យទៅឃើញថាមានតែឆាយាលក្ខណ៍អ៊ំហូទេ ដែលធ្វើឱ្យខ្ញុំមានមនោសញ្ចេតនាជាងគេបង្អស់ បានជាខ្ញុំចូលចិត្តគូរឆាយាលក្ខណ៍អ៊ំហូ។ ពេលកាន់ជក់គូររូបអ៊ំហូ ភាពលំបាក ទុក្ខព្រួយក្នុងជីវភាពហាក់ដូចជារសាយ ក្នុងសតិអារម្មណ៍ ខ្ញុំមានតែឆាយាលក្ខណ៍អ៊ំហូម្នាក់ដែលអមដោយពុកមាត់វែង ភ្នែកទាំងគូពោរពេញដោយក្ដីមេត្តា ផ្ទៃមុខប្រកបដោយព្រហ្មវិហារធម៌។ ជាអគ្គមគ្គុទេសក៍ម្នាក់រស់នៅសាមញ្ញ ប៉ុន្តែមានទឹកចិត្តមហស្ចារ្យនិងប្រកបដោយសប្បុរសធម៌”។
សព្វថ្ងៃ ក្នុងផ្ទះបងឡុក មានឆាយាលក្ខណ៍ អ៊ំហូជិត ២០ ផ្ទាំង។ រាល់ឆាយាលក្ខណ៍សុទ្ធតែផ្សារភ្ជាប់ជាមួយនឹងរឿងរ៉ាវស្ដីពីទង្វើរបស់អ៊ំ ។ បងឡុក ចែករំលែក៖ “ចង់គូរឆាយាលក្ខណ៍អ៊ំហូ ខ្ញុំត្រូវស្រាវជ្រាវស្វែងយល់អំពីបុព្វហេតុទង្វើរបស់អ៊ំ។ គូររូបអ៊ំហូងាយទេ ប៉ុន្តែត្រូវមើលរូបភាពដើមទើបហ៊ានគូរ។ ការគូរត្រូវមានភាពហ្មត់ចត់តាំងពីឡេវអាវ ផ្នត់ដៃអាវ ការបញ្ចេញមនោសញ្ចេតនាតាមរយៈភ្នែក មាត់។ល។ អ្វីៗសុទ្ធសឹងតែបង្ហាញឡើងនូវចរិតលក្ខណៈរបស់អ៊ំ”៕
យោង៖ លីធាន - ថាច់ធី