សមាគមកសិករសង្កាត់៩ ក្រុងត្រាវិញ ខេត្តត្រាវិញ មានសមាជិក៥២១/៥៦៨ នាក់ជាជនជាតិខ្មែរ។ ដើម្បីរួមចំណែកគិតគូរជីវភាពសមាជិកឱ្យមានកម្រិតរស់នៅស្មើនិងខ្ពស់ជាងប្រជាជននៅក្នុងសង្កាត់ ប៉ុន្មានឆ្នាំកន្លង សមាគមកសិករសង្កាត់៩ កសាងបានទម្រង់ដាំដុះ ចិញ្ចឹមសត្វ នាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ក្នុងនោះ ទម្រង់”ចិញ្ចឹមគោមេ” ពង្រីកបានប្រសិទ្ធភាព រួមចំណែកលុបបំបាត់គ្រួសារសមាជិកក្រីក្រ ប្រកៀកបន្ទាត់ក្រទាំង១០០% ចាប់ពីឆ្នាំ ២០១៥មកទល់សព្វថ្ងៃ។
បងថាច់ស៊ឹមមិញ កំពុងថែទាំហ្វូងគោរបស់គ្រួសារ។
បច្ចុប្បន្នទម្រង់”ចិញ្ចឹមគោមេ” មានសមាជិកចូលរួម២៧នាក់ សរុបហ្វូងគោចំនួន១១២ក្បាល។ សមាជិកទាំងនេះ ត្រូវបានសមាគមបង្កលក្ខណៈ ឱ្យបុលទុនជាង៤៥០លានដុង ផ្ដើមពីប្រភពមូលនិធិឧបត្ថម្ភកសិកររបស់ក្រុងត្រាវិញ ដើម្បីទិញគោមេចិញ្ចឹម។ តួយ៉ាងដូចគ្រួសារបងថាច់ស៊ឹមមិញ ប្រធានសាខាសមាគមកសិករអនុសង្កាត់៩។ បងមិញ ឱ្យដឹង៖ “ កាលពីមុន ខ្ញុំមិនទាន់មានបទពិសោធន៍ថែទាំគោ ចិញ្ចឹមតាមទម្លាប់ចាស់។ ក្រោយពីចូលរួមវគ្គហ្វឹកហាត់ចិញ្ចឹមគោ ដែលសមាគមកសិករសង្កាត់សហការរៀបចំឡើង ជួយឱ្យខ្ញុំយល់ដឹងពីវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនក្នុងការចិញ្ចឹម។ ដើម្បីមានប្រភពចំណីស្រស់ ជ្រះស្អាតឱ្យគោស៊ី ខ្ញុំដាំស្មៅមួយកុង គួបផ្សំនឹងការផ្ដល់ចំណីស្មៅធម្មជាតិ។ ការចិញ្ចឹមគោមេទទួលបានជោគជ័យ សំខាន់បំផុតគឺអ្នកចិញ្ចឹមត្រូវជ្រើសរើសពូជគោល្អ គ្មានជំងឺតម្កាត់។ ព្រមជាមួយនោះ ក្រោលគោត្រូវសង់ឱ្យស្រឡះ អនាម័យជ្រះស្អាត ដើម្បីកុំឱ្យគោកើតមានជំងឺ។ គោមេបន្ទាប់ពីកើតកូនត្រូវចិញ្ចឹមបំប៉នឱ្យបានដិតដល់ ដោយរបៀបច្របល់កន្ទក់ជាមួយចំបើង ផ្ដល់ចំណីឧស្សាហកម្មបន្ថែម ដើម្បីគោមេមានទឹកដោះល្អ ជួយឱ្យកូនគោឆាប់ធាត់ធំ លក់បានតម្លៃខ្ពស់”។
លោកថាច់តារា ប្រធានសមាគមកសិករ សង្កាត់៩ ឱ្យដឹង៖ “ការចិញ្ចឹមគោមេ ជារបរដែលសមាជិកសមាគមកសិករនៅទីនេះផ្សារភ្ជាប់តាំងពីយូរមក ប៉ុន្តែភាគច្រើនចិញ្ចឹមតាមទម្លាប់ចាស់ មិនទាន់បានយល់ដឹងពីវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនក្នុងការចិញ្ចឹម។ អាស្រ័យហេតុនោះ សមាគមបានចលនាបង្កើតទម្រង់ចិញ្ចឹមគោមេ សំដៅបង្កលក្ខណសម្បត្តិដល់សមាជិក និងកសិករបានបុលទុន និងអនុវត្តនូវវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿន។ល។ រយៈពេលខាងមុខ សមាគមបន្តនឹងត្រួតពិនិត្យសមាជិកចិញ្ចឹមគោ សំដៅបង្កលក្ខណសម្បត្តិឱ្យសមាជិកបានបុលទុនពង្រីក ការចិញ្ចឹមគោនិងធ្វើក្រោល ដើម្បីទម្រង់ចិញ្ចឹមគោមេកាន់តែពង្រីកបានប្រសិទ្ធភាពជាងទៀត ជួយសមាជិកនិងកសិករកាន់តែអភិវឌ្ឍសេដ្ឋកិច្ច រឹងមាំថែមទៀត”៕
សឺនម៉ាល័យ - ថាច់ធី