ប៉ុន្មានឆ្នាំកន្លង ស្រុកធើយឡាយ ក្រុងកឹងធើ បានផ្សព្វផ្សាយអនុវត្តល្អនូវការបំផុសចលនាការពារសន្តិសុខសណ្តាប់ធ្នាប់ ក្លាហាននិងប្តេជ្ញាបង្ការ ប្រឆាំងរាល់បទល្មើស។ ចលនាមហាជនការពារសន្តិសុខមាតុភូមិ ផ្សារភ្ជាប់នឹងការកសាងជំហរយុទ្ធសាស្រ្ត ការពារប្រទេសទូទាំងប្រជាជន។
ប្រជាជនលើភូមិសាស្រ្តស្រុកធើយឡាយ អនុវត្តយ៉ាងម៉ឺងម៉ាត់បទបញ្ញត្តិក្នុងការពាក់មួកសុវត្ថិភាពពេលបើកបរ។
តាមប្រសាសន៍ លោកលីវតឹងខឿង អនុប្រធានការិយាល័យជនជាតិស្រុកធើយឡាយ ផ្តើមពីភាពជាក់ស្តែងនៅមូលដ្ឋាន ឃើញថា ជនរួមជាតិបង្កើនការប្រុងប្រយ័ត្នចំពោះឧបាយកលរបស់ពួកអមិត្ត ដែលឆ្លៀតឱកាសញុះញង់ ប្រទូសរ៉ាយជនជាតិ បំបែកបំបាក់ បំផ្លិចបំផ្លាញធ្លុងមហាសាមគ្គីជនជាតិ។ ទន្ទឹមនឹងនោះ ជនជាតិភាគតិចក៏បានចលនាកូនចៅ និងញាតិមិត្តរបស់ខ្លួន អនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ គោលនយោបាយនៅភូមិភាគ។ អាស្រ័យហេតុនោះ ប៉ុន្មានឆ្នាំកន្លង ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ក្នុងជនជាតិភាគតិច ត្រូវបានរក្សារឹងមាំ និងស្ថិរភាព ស្ថានភាពប្រព្រឹត្តបទល្មើសអំពីសណ្តាប់ធ្នាប់សង្គម បទល្មើសព្រហ្មទណ្ឌ គ្មានកើតឡើង។
លោកថាច់តាម ប្រធានការិយាល័យជនជាតិស្រុកធើយឡាយ ឱ្យដឹងបន្ថែម៖ ដើម្បីសម្រេចបានលទ្ធផលខាងលើ ភូមិភាគបានអនុវត្តល្អការងារផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋដល់ប្រជាជនជានិច្ច។ ព្រមជាមួយនោះ កម្លាំងសមត្ថកិច្ច ថែមទាំងរៀបចំសហការជាមួយអ្នកមានប្រជាប្រិយភាពនៅតាមភូមិស្រុក ដើម្បីផ្តល់បទពិគ្រោះចំណេះដឹងខាងច្បាប់ជូនប្រជាជនបានទាន់ពេល ម្ល៉ោះហើយនាំមកប្រសិទ្ធភាពខ្ពស់។ បងស្រីថាច់ធីប៊ិត នៅភូមិឌឹញអៀង ឃុំធើយឡាយ ឱ្យដឹង៖ “គ្រួសារនាងខ្ញុំតែងអនុវត្តម៉ឺងម៉ាត់នូវការពាក់មួកសុវត្ថិភាពពេលបើកបរ។ យើងពាក់មួកមិនមែន ព្រោះខ្លាចនគរបាលពិន័យប៉ុណ្ណោះទេ គឺពាក់ដើម្បីការពារខ្លួនយើងនិងគ្រួសារទៀតផង”។ ជាក់ស្តែងនៅធើយឡាយ សឱ្យឃើញ ៖ ប្រជាជនចូលរួមការបើកបរ មិនត្រឹមតែពាក់មួកសុវត្ថិភាពនៅតាមដងផ្លូវធំទេ សូម្បីនៅតាមដងផ្លូវក្នុងភូមិក៏ពាក់មួកដែរ។ បងលីវតឹងផាក នៅភូមិត្រឿងថាំង ឃុំត្រឿងថាញ់ ឱ្យដឹង៖ “សូម្បីទៅស្រែក៏ខ្ញុំពាក់មួកសុវត្ថិភាពដែរ ឱ្យតែបើកបរម៉ូតូ គឺខ្ញុំពាក់មួក។ យើងត្រូវចេះការពារសុវត្ថិភាពខ្លួនយើង គ្មានអ្នកណាការពារយើងទេ”។ រួចគាត់រៀបរាប់បន្ថែមពីអនុក្រឹត្យលេខ១០០ របស់រដ្ឋាភិបាល “ថ្ងៃមុន ខ្ញុំតាមដានទូរទស្សន៍ឃើញថា មិនត្រូវសេពគ្រឿងស្រវឹងពេលបើកបរ ហេតុនោះ ខ្ញុំក៏បោះបង់ចោលតែម្តង”។
តាមប្រសាសន៍លោកង្វៀនវ៉ាន់តាម ប្រធាននគរបាលស្រុកធើយឡាយ ឱ្យដឹង៖ ការដែលភូមិភាគរៀបចំបញ្ជ្រាបស៊ីជម្រៅពីទស្សនៈ ទិសដៅ និងគោលនយោបាយជនជាតិរបស់បក្ស រដ្ឋ ឃើញថា ប្រជាជនលើភូមិសាស្រ្ត មានស្មារតីភ្ញាក់រលឹកខ្ពស់។ ផ្តើមពីនោះ រួមចំណែករក្សារឹងមាំសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅភូមិភាគ៕
ហាថាញ់-លីសៀ