ក្នុងប៉ុន្មានថ្ងៃនេះ កសិករដាំខ្ទឹមក្រហមនៅក្រុងវិញចូវ ខេត្តសុកត្រាំង អ្នកណាក៏មានក្តីត្រេកអរដែរ ពីព្រោះដំណាំខ្ទឹមអំណោយផល លក់បានថ្លៃ។ តាមប្រសាសន៍របស់កសិករដាំខ្ទឹមក្រហមនៅក្រុងវិញចូវ៖ ឆ្នាំនេះ អាស្រ័យអាកាសធាតុអំណោយផល ម្ល៉ោះហើយខ្ទឹមក្រហមមានទិន្នផលពី២ដល់៣តោនក្នុងមួយកុង។ ក្រោយពីទូទាត់រួចស្រេច កសិករនៅចំណេញបានជាង១០លានដុងក្នុងមួយកុង។
កសិករនៅក្រុងវិញចូវ ថែទាំខ្ទឹមក្រហម។
មកដល់ពេលនេះ កសិករនៅវិញចូវ ប្រមូលផលខ្ទឹមក្រហមបានជាង១.៧០០ហិកតា ក្នុងចំណោមជាង៤.៣០០ហិកតា ក្នុងនោះ ច្រើនបំផុតនៅតាមភូមិភាគដូចជា៖ ឃុំវិញហាយ សង្កាត់វិញភឿក និងសង្កាត់២។ល។ អ្នកមីងតាំងធីភឿន នៅអនុសង្កាត់កាឡាំងអាបៀង សង្កាត់២ មានក្តីត្រេកអរយ៉ាងខ្លាំង ពីព្រោះខ្ទឹមក្រហមអំណោយផល។ ឆ្នាំនេះ គ្រួសារគាត់ដាំខ្ទឹមក្រហមបានជាង២កុង ប្រមូលផលបានជាង៤តោន ឈ្មួញចុះទិញដល់ស្រែ តម្លៃជាង២០.០០០ដុងក្នុងមួយគីឡូក្រាម។ មីងភឿន ឱ្យដឹង៖ "កាលពីចូលឆ្នាំវៀតណាមកន្លងហើយ ខ្ទឹមលក់បានថ្លៃ ពីព្រោះដើមរដូវ ប៉ុន្តែឥឡូវឈានចូលរដូវប្រមូលផលស្រុះគ្នា ប៉ុន្តែតម្លៃក៏នៅខ្ពស់ ម្ល៉ោះហើយអ្នកដាំខ្ទឹមត្រេកអរខ្លាំងណាស់! ដោយសារតម្លៃខ្ពស់ ទើបកសិករមានដើមទុនដាំរដូវបន្តទៀត។ សង្ឃឹមថា ឆ្នាំក្រោយតម្លៃខ្ទឹមក៏បានខ្ពស់ ទើបអ្នកដាំខ្ទឹមក្រហមនឹងមានជីវភាពកាន់តែធូរធារ"។ អ្នកមីងថាច់ធីហន នៅអនុសង្កាត់កាឡាំងអាបៀង ដាំខ្ទឹមក្រហមបានជាង២កុង ប្រមូលផលបានជាង៤តោន ឱ្យដឹង៖ "ឆ្នាំនេះ ដាំខ្ទឹមក្រហមចំណាយដើមទុនច្រើន ទិញខ្ទឹមពូជជាង១០លានដុង មិនទាន់គិតដល់ប្រាក់វិនិយោគផ្នែកផ្សេងៗទៀត។ ឥឡូវឃើញខ្ទឹមមានតម្លៃខ្ពស់ អ្នកណាក៏ត្រេកអរ និងមានកម្លាំងដើម្បីដាំរដូវក្រោយ"។
លោកង្វៀងមិញទ្រី អនុប្រធានការិយាល័យសេដ្ឋកិច្ចក្រុងវិញចូវ ឱ្យដឹង៖ "ឆ្នាំនេះ តម្លៃខ្ទឹមពូជថ្លៃ ម្ល៉ោះហើយការចំណាយដើមទុនច្រើន ជំនួសមកវិញ ខ្ទឹមលក់បានថ្លៃនិងអំណោយផល ម្ល៉ោះហើយអ្នកដាំរកបានប្រាក់ចំណេញគ្រាន់បើ។ នេះពិតជាក្តីរីករាយ មិនត្រឹមតែជួយកសិករមានប្រភពចំណូលប៉ុណ្ណោះទេ នៅទាំងផ្តល់ទំនុកចិត្តដើម្បីមាមីងកសិករនៅតំបន់សមុទ្រ បន្តការដាំខ្ទឹមក្រហម"។
យ្វីអាញ់-វិមាន