បច្ចុប្បន្ន ទោះបីអាកាសធាតុក្តៅខ្លាំង និងមិនទាន់មានភ្លៀងធ្លាក់ជោកជាំក៏ដោយ ប៉ុន្តែជំងឺគ្រុនឈាមនៅខេត្តត្រាវិញ បានកើនឡើងជាគំហុក។ ប្រការនេះ បណ្ដាលឲ្យស្ថាប័នមានសមត្ថកិច្ច និងប្រជាជនមានការព្រួយបារម្ភយ៉ាងខ្លាំង។ តាមការព្យាករណ៍ ជំងឺគ្រុនឈាមអាចនឹងមានហានិភ័យកើនខ្ពស់ ក្នុងរយៈពេលប៉ុន្មានខែនារដូវភ្លៀងខាងមុខនេះ។
គ្រូពេទ្យកំពុងពិនិត្យជំងឺជូនកុមារីនៅមន្ទីរ ពេទ្យសម្ភព-កុមារខេត្តត្រាវិញ។
វេជ្ជបណ្ឌិត ឡេមិញយុង នាយកមន្ទីរពេទ្យសម្ភព-កុមារ ខេត្តត្រាវិញ ឲ្យដឹង៖ “ចាប់ពីដើមឆ្នាំ២០១៩ មកទល់ពេលនេះ ស្ថានភាពជំងឺគ្រុនឈាមនៅត្រាវិញ កើតមានស្មុគស្មាញណាស់។ ពិតមែនតែនៅក្នុងរដូវប្រាំងក្តៅ ប៉ុន្តែជំងឺគ្រុនឈាមនៅតែមានសន្ទុះកើនឡើងខ្ពស់” យោងតាមទិន្នន័យពីមន្ទីរពេទ្យសម្ភព-កុមារខេត្តត្រាវិញ គិតក្នុងរយៈកាល៤ខែដើមឆ្នាំ ២០១៩នេះ មន្ទីរពេទ្យទទួលនិងព្យាបាលអ្នកជំងឺគ្រុនឈាម ប្រមាណ៣២០ករណី កើនឡើងជាងទ្វេដង បើប្រៀបធៀបនឹងពីឆ្នាំទៅមិញ។ ទោះបីមិនមានករណីបាត់បង់ជីវិតក៏ដោយប៉ុន្តែក្នុងចំណោមទាំងនេះ មានអ្នកជំងឺជិត៥០នាក់ កើតជំងឺគ្រុនឈាមកម្រិត II និងកម្រិត III មានអ្នកជំងឺខ្លះឈឺធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យថ្នាក់លើព្យាបាលផង។
ចំពោះស្ថានភាពខាងលើ វេជ្ជបណ្ឌិតឡេមិញយុង បានព្យាករណ៍៖ “ជំងឺគ្រុនឈាមអាចនឹងមានហានិភ័យកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានខែរដូវភ្លៀង ពីព្រោះដំណាក់កាលនេះ អា កាសធាតុងាយស្រួលឲ្យសត្វមូសកើតកើន។ ប្រការដែលផ្នែកសុខាភិបាលព្រួយបារម្ភបំផុតក្នុងការបង្ការជំងឺគ្រុនឈាមនោះ គឺថាទោះបីស្ថាប័នមានសមត្ថកិច្ចនិងភូមិភាគនានា បានផ្សព្វផ្សាយ ពីមូលហេតុនិងវិធានការបង្ការជំងឺគ្រុនឈាមក៏ដោយ ប៉ុន្តែនៅមានប្រជាជនមួយចំនួនមិនទាន់យល់ច្បាស់ពីជំងឺនេះនៅឡើយ”។ ជាក់ស្តែងដូចករណីអ្នកមីងថាច់ធីយ៉ាង នៅឃុំតឹបង៉ាយ ស្រុកទីវកឹង កូនកើតជំងឺគ្រុនឈាមដល់ទៅ៤ថ្ងៃ ទើបនាំទៅមន្ទីរពេទ្យធ្វើរោគវិនិច្ឆ័យ ទើបដឹងថាកើតជំងឺគ្រុនឈាម។ មីងថាច់ធីយ៉ាង ឲ្យដឹង៖ “នាងខ្ញុំស្មានថាកូនវាក្តៅខ្លួនធម្មតា ទើបទៅទិញថ្នាំឲ្យកូនផឹក ប៉ុន្តែមិនបានធូរស្បើយសោះ។ ដោយឃើញកូនវាក្តៅខ្លួន៤ថ្ងៃបន្តបន្ទាប់មិនព្រមបាត់ នាងខ្ញុំក៏យកកូន ទៅមន្ទីរពេទ្យពិនិត្យ ទើបដឹងថាកូនកើតជំងឺគ្រុនឈាម។ល។”។
យោងតាមអនុសាសន៍ផ្នែកសុខាភិបាល ដើម្បីបង្ការជំងឺគ្រុនឈាម ប្រជាជនគប្បីគ្របពាងទឹកឲ្យជិត ធ្វើយ៉ាងណាកុំឲ្យសត្វមូសវាញាស់ពង ព្រលែងត្រី៧ពណ៌ក្នុងពាងឲ្យវាស៊ីដង្កូវទឹក ប្រមែប្រមូលសំណល់សំរាម ដាក់អំបិលឬក៏ប្រេងកាតក្នុងអំបែងចានទឹកថ្កល់ជើងទូ និងផ្លាស់ទឹកពីងផ្កាឲ្យបានញឹកញាប់។ល។ ស្លៀកពាក់ខោអាវដៃវែង ប្រើថ្នាំលាបការពារសត្វមូស អុជធូបមូស ថ្នាំដេញមូសឬក៏ប្រើឧបករណ៍ឆក់សម្លាប់មូស។ល។ បើតាមក្រុមវេជ្ជបណ្ឌិតពិនិត្យព្យាបាល ក្នុងរយៈពេល២ថ្ងៃដំបូង រោគសញ្ញានៃជំងឺគ្រុនឈាមគឺ៖ ក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ ឈឺបំពង់ក។ល។ អាការៈទាំងនេះហាក់ដូច ស្រៀវស្រាញ គ្រុនក្តៅជាដើម។ ថ្វីត្បិតដូច្នោះក្តី ប្រសិនបើកុមារក្តៅខ្លួនស្បែកឡើងស្នាមកន្ទួល យុជាភ្នែកឡើងក្រហម គ្រុនខ្លាំងនៅពេលរសៀលនិងពេលយប់ ទោះបីផឹកថ្នាំ paracetamol បំបាត់កម្ដៅ និងថ្នាំឯទៀតនៅតែមិនបាត់ នោះហើយគឺជារោគសញ្ញានៃជំងឺគ្រុនឈាម គួរតែនាំកុមារទៅមូលដ្ឋានសុខាភិបាលជាបន្ទាន់។ “ប្រសិនបើកុមារគ្រាន់តែក្តៅខ្លួន ញុាំអាហារនិងបៅដោះបានធម្មតា នោះក៏គប្បីទិញថ្នាំតាមវេជ្ជបញ្ជា តាមដាននៅនឹងផ្ទះ។ ហេតុនោះ ខណៈពេលកុមារមានអាការៈក្អួត ចង្អោរ នោមតិច ឈឺពោះ ឈាមច្រមុះ ឈាមអញ្ចាញធ្មេញ រងេរងើ ងុយងោក។ល។ ត្រូវតែប្រញាប់នាំកុមារទៅកាន់មន្ទីរពេទ្យពិនិត្យជាបន្ទាន់” –វេជ្ជបណ្ឌិត ឡេមិញយុង ផ្តល់អនុ សាសន៍ដូច្នេះ៕ សឺនម៉ាល័យ-លីសៀ