នោះគឺជាបធានបទនៃមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្តលើកទី៣ ឆ្នាំ២០១៩ របស់ខេត្តសុកត្រាំង ទើបបានគណៈចាត់តាំងមហាសន្និបាតអនុមតិនៅរសៀលថ្ងៃ២២ ខែមេសា ឆ្នាំ២០១៩។ តាមផែនការមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចថ្នាក់ស្រុកនឹងប្រព្រឹត្តឡើងចុងខែឧសភា និងដើមខែមិថុនា ចំណែកថ្នាក់ខេត្តនឹងប្រព្រឹត្តឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០១៩។ ក្នុងនោះ ជ្រើសយកស្រុកត្រឹងដេជាស្រុកចាត់តាំង មហាសន្និបាតគំរូ ដើម្បីដកបទពិសោធន៍រៀបចំមហាសន្និបាត ជាទូទៅនៅតាមស្រុកឯទៀត។
ទិដ្ឋភាពក្នុងអង្គប្រជុំនៃគណៈចាត់តាំងមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្តសុកត្រាំង។
មហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្តលើកទី៣ ឆ្នាំ២០១៩ សំដៅកំណត់ច្បាស់នូវគោលមាគ៌ាមិនងាករេរបស់បក្សនិងរដ្ឋ ស្ដីពីបញ្ហាជនជាតិនិងមហាសាមគ្គីជនជាតិក្នុងរាល់ដំណាក់កាលបដិវត្តន៍។ បន្តការអះអាងនិងកត់សម្គាល់ស្នាដៃរួមចំណែកដ៏ធំធេងរបស់ជនរួមជាតិភាគតិចក្នុងការអភិវឌ្ឍរួមរបស់ខេត្ត។ ឆ្លងតាមរយៈនៃមហាសន្និបាត សំដៅវាយតម្លៃសមិទ្ធផល លទ្ធផលអនុវត្តការងារជនជាតិ គោលនយោបាយជនជាតិ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី ដំណាក់កាល២០១៤-២០១៩។ ទន្ទឹមនឹងនោះ លើកសរសើរ និងជូនរង្វាន់សមូហភាព បុគ្គលដែលមានស្នាដៃលេចធ្លោក្នុងជនរួមជាតិភាគតិចដំណាក់កាលផ្លាស់ថ្មី សមាហរណកម្មនិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត; ដាស់ភ្ងោកទឹកចិត្តមោទនភាព ឆន្ទៈខ្លួនទីពឹងខ្លួន ពង្រីកកម្លាំងមហាសាមគ្គីជនជាតិ ដើម្បីទិសដៅប្រជាជនធ្វើមាន ប្រទេសរុងរឿង ប្រជាធិបតេយ្យ សមភាព អារ្យធម៌។
ក្នុងអង្គប្រជុំ លោកង៉ោហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចាត់តាំងមហាសន្និបាត បានឯកភាពខ្ពស់ចំពោះផែនការអ្នកតំណាងចូលរួមគឺ២៥០នាក់។ ទន្ទឹមនឹងនោះ លោកបានស្នើដល់សមាជិកក្នុងគណៈចាត់តាំង គប្បីសហការស្អិតល្មួត បែងចែកភារកិច្ចជាក់ស្ដែង ច្បាស់លាស់ជូនដល់សមាជិក។ ជាពិសេស ឯកសារមហាសន្និបាតត្រូវកសាងសមស្របជាមួយនឹងស្ថានភាពជាក់ស្ដែងរបស់ភូមិភាគ និងមានបទយកការណ៍ឆ្លុះបញ្ចាំងអំពីសេដ្ឋកិច្ច-សង្គមរបស់ខេត្ត ការងារខាងបុគ្គលិក ជូនរង្វាន់ត្រូវចំបុគ្គល ត្រូវចំការងារ។ល។ ដើម្បីរួមចំណែកជោគជ័យមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្តលើកទី៣ ឆ្នាំ២០១៩៕
យ្វីអាញ់ - ថាច់ធី