ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា ក្រុងវិញចូវ គឺជាគំរូដ៏ល្អមួយក្នុងចំណោមគំរូល្អទាំងឡាយរបស់កងទ័ពការពារព្រំដែនខេត្តសុកត្រាំង ក្នុងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមនៅលើភូមិសាស្រ្តបោះទ័ព។ ឆ្លងតាមរយៈនោះ បានផ្តល់នូវទំនុកចិត្តក្នុងប្រជាជន រួមចំណែកសម្រេចភារកិច្ចបានល្អប្រសើរ។
កម្មាភិបាល យុទ្ធជនការពារព្រំដែន ពិនិត្យជំងឺជូនប្រជាជននៅតាមព្រំដែនសមុទ្រ។
ជាច្រើនឆ្នាំមកនេះ ការងារថែទាំសុខភាពជូនប្រជាជននៅលើភូមិសាស្រ្តឡាយហ្វា តែងបានគ្រូពេទ្យដំណាក់សុខាភិបាលកងទ័ព-ប្រជាជនអនុវត្តបានល្អប្រសើរ។ រៀងរាល់ឆ្នាំ គ្រូពេទ្យដំណាក់សុខាភិបាលបានពិនិត្យនិងផ្តល់ឱសថដល់អ្នកជំងឺជាង១០.០០០លើកនាក់។ វរសេនីយ៍ត្រី ថាយមិញផុង ប្រធានដំណាក់សុខាភិបាលកងទ័ព-ប្រជាជន ប៉ុសិ៍្តការពារព្រំដែនឡាយហ្វា ឲ្យដឹង៖ " អាស្រ័យនៅឆ្ងាយពីមជ្ឈមណ្ឌលឃុំ ម្ល៉ោះហើយមាមីងតែងមកកាន់ដំណាក់សុខាភិបាល កងទ័ព-ប្រជាជន ដើម្បីពិនិត្យព្យាបាលជំងឺ។ ដំណាក់ពិនិត្យជំងឺជូនមាមីងប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាលដែលរស់នៅតាមមាត់សមុទ្រនៃឃុំវិញតឹង ឡាយហ្វា និងឃុំនានាជាប់ព្រំប្រទល់ នឹងខេត្តបាកលីវ។ ព្រោះហេតុនោះ យើងខ្ញុំតែងប្រចាំការទាំងយប់ទាំងថ្ងៃដើម្បីបម្រើការពិនិត្យព្យាបាលជំងឺជូនមាមីង"។
អនុវត្តន៍បទបញ្ជាលេខ០១/២០១៥ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្ដីពីការរក្សាលំនឹងសន្តិសុខនយោបាយនៅតំបន់ព្រំដែន ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា បានអនុវត្តការងារប្រជាចលនានិងក្លាយជាកម្លាំងជំនាញការ កម្លាំងស្នូលនៅភូមិភាគក្នុងការកសាង ពង្រឹងទំនុកចិត្តរបស់ប្រជាជនទៅលើគោលមាគ៌ា គោលការណ៍របស់បក្ស។ កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា ចលនាសប្បុរសជនជូនអំណោយដល់គ្រួសារខ្មែរនៅឃុំឡាយហ្វា និងវិញតឹងបាន៤០០ចំណែក រួមចំណែកអនុវត្តនូវកម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រលើកកម្ពស់ការរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែនសមុទ្រ។ "ជាច្រើនឆ្នាំមកនេះ កម្មាភិបាល យុទ្ធជនការពារព្រំដែនតែងចាត់ចែងអំណោយជូនដល់គ្រួសារក្រីក្រ ជូនអាហារូបករណ៍ សៀវភៅ សម្លៀកបំពាក់ដល់សិស្សក្រីក្រ ឧបត្ថម្ភបុលទុន អនុគ្រោះ ជំនួយគោមេដល់គ្រួសារមាមីងខ្មែរក្រីក្រចិញ្ចឹម ម្ល៉ោះហើយអ្នកណាក៏ត្រេកអរ។ អាស្រ័យហេតុនោះ មាមីងមានទុន សត្វចិញ្ចឹម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាព។ ឥឡូវ មាមីងខ្មែរតែងស្រឡាញ់រាប់អាន និងចាត់ទុកកម្មាភិបាលយុទ្ធជនការពារព្រំដែន ដូចជាសមាជិកក្នុងគ្រួសារអ៊ីចឹង " - លោក លីភួង នៅភូមិព្រៃជាប់B ឃុំឡាយហ្វា ក្រុងវិញចូវ ឲ្យដឹងដូច្នេះ។
វរសេនីយ៍ឯកបម្រុង ឡេវ៉ាន់ត្វង ប្រធានប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា កងទ័ពការពារព្រំដែនខេត្តសុកត្រាំង ឲ្យដឹង៖ "ប៉ុស្ដិ៍ការពារព្រំដែនឡាយហ្វា មានគោលបំណងឆ្លងតាមរយៈ សកម្មភាពជាក់ស្តែងនេះ ដើម្បីរឹតបន្តឹងជាងទៀតចំណងសាមគ្គីរវាងកងទ័ព-ប្រជាជន។ ពិសេស កងទ័ពការពារព្រំដែន តែងបង្កបាននូវរូបភាពដ៏ល្អប្រសើរពីបងៗកងទ័ពអ៊ំហូ យុទ្ធជន ពាក់ស័ក្ដិខៀវ ក្នុងចិត្តរបស់ជនរួមជាតិនៅតំបន់ព្រំដែន និងកោះសមុទ្ររបស់មាតុភូមិ"៕
យ្វីអាញ់-វិមាន