វត្តភឿកថាញ់ ស្ថិតនៅលើកោះយៀង នៅកណ្ដាលទន្លេតៀងដ៏ធំល្វឹងល្វើយ (ឃុំប៊ិញភឿកស្វឹង ស្រុកចើមើយ ខេត្តអានយ៉ាង) តាំងពីយូរលង់មកគឺជាសំណង់សាសនាមួយល្បីរន្ទឺនៅភាគខាងលិច។
ទិដ្ឋភាពវត្តភឿកថាញ់។
ក្រោយពីជួសជុលនិងកែលម្អជាច្រើនលើក គួបផ្សំជាមួយនឹងប្រជុំសំណង់បដិមានៃព្រះអាមីតាភៈ និងបដិមាព្រះពោធិសត្វ សាវ័ករបស់ព្រះអង្គចំនួន៤៨អង្គ ត្រូវបានបង្កើតជាឯតទគ្គកម្មវៀតណាម ផ្តើមពីនោះមកវត្តកាន់តែទាក់ទាញការចាប់អារម្មណ៍របស់ភ្ញៀវទេសចរទាំងចតុទ្ទិស។
តាមប្រសាសន៍របស់ដូនជីក្នុងវត្តភឿកថាញ់ វត្តកសាងនៅឆ្នាំ១៨៧២ រហូតមកទល់ពេលនេះ ឆ្លងកាត់ការជួសជុល២លើក។ នៅឆ្នាំ១៩៧៣ ព្រះឧបជ្ឈាយ៍ធិចហ្វែតាយ បានជួសជុលលើកដំបូង។ លុះដល់ឆ្នាំ២០០៥ វត្តបានដំណើរការជួសជុលកសាងសំណង់ធំៗ ដូចជាព្រះវិហារ លែ្វងគោរពបុព្វបុរស កុដិខាងក្រោយ របៀងខាងកើតរបៀងខាងលិច និងរោងជួងជាដើម។
វត្តភឿកថាញ់ បានកសាងនៅលើផ្ទៃដីប្រមាណ៣.០០០ម២ ដោយមានស្ថាបត្យកម្មជាច្រើន តាមបែបព្រះពុទ្ធសាសនា មានតម្លៃខាងសិល្បៈដ៏វិសេសវិសាល។ ពិសេសគឺនៅឆ្នាំ២០១២ វត្តដំណើរការកសាងបដិមាព្រះអាមីតាភៈ កម្ពស់៣៩ម៉ែត្រ និងបដិមាព្រះពោធិសត្វ សាវ័កព្រះអង្គចំនួន៤៨អង្គ បដិមានីមួយៗមានកម្ពស់៥ម៉ែត្រ កសាងដោយបេតុង។ សំណង់នេះ កសាងសម្រេចនៅឆ្នាំ២០១៦ តាមបែបស្ថាបត្យកម្មវប្បធម៌បុរាណ ប្រពៃណីពិសេសដោយឡែករបស់ពុទ្ធសាសនា។
បច្ចុប្បន្ន គយគន់ជុំវិញបរិវេណវត្តភឿកថាញ់ មានសំណង់ថ្មីៗចម្លែកនិងវិសេសវិសាល នៅខាងមុខមានជណ្ដើរកាច់២ តភ្ជាប់ពីប្រាសាទមួយទៅប្រាសាទមួយពេលឈរនៅទីនេះ ភ្ញៀវទេសចរអាចទស្សនាព្រះបដិមាយ៉ាងច្បាស់ ក៏ដូចជាឃើញនូវភាពមហស្ចារ្យភាពប្រណីតនៃបដិមា។
កាលពីថ្ងៃ៦/៥/២០១៧ នៅពិធីជួបជុំនៃអ្នកឯតទគ្គកម្មវៀតណាម លើកទី៣៣ វត្តភឿកថាញ់ ត្រូវបានបញ្ចូលក្នុងសៀវភៅឯតទគ្គកម្មវៀតណាមជាផ្លូវការ លើសំណង់“ប្រជុំបដិមាព្រះអាមីតាភៈ និងបដិមាព្រះពោធិសត្វ សាវ័ករបស់ព្រះអង្គចំនួន៤៨អង្គ ដែលវិសេសបំផុត”។
ជាច្រើនឆ្នាំកន្លង ពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំបំផុត បានប្រារព្ធឡើងនៅវត្តភឿកថាញ់ នោះគឺពិធីបុណ្យកីអៀង។ ពិធីបុណ្យនេះ ត្រូវបានចាត់ចែងឡើងប្រចាំឆ្នាំ ដើម្បីប្រជាជនក្នុងភូមិមកសែនថ្វាយ បួងសួងសូមឲ្យប្រទេសជាតិនិងប្រជាជនបានសុខក្សេមក្សាន្តនិងជាកន្លែងកម្សាន្តសប្បាយ អភិរក្សនូវលក្ខណវប្បធម៌សហគមន៍។
បច្ចុប្បន្ន នៅពេលមកកាន់កោះយៀង ភ្ញៀវទេសចរងាយនឹងស្វែងរកវត្តភឿកថាញ់ អាស្រ័យមានបដិមាព្រះអាមីតាភៈខ្ពស់ត្រដែតនៅកណ្ដាលចម្ការឈើហូបផ្លែបៃតង ពេលគយគន់ពីចម្ងាយ។ ព្រះបដិមាកាន់តែមានភាពមហស្ចារ្យពេលនៅកណ្ដាលលំហអាកាសដ៏ធំធេង សម្លឹងចុះជុំវិញគឺទិដ្ឋភាពកោះយ៉ាងស្រស់ស្អាតគួរឲ្យគយគន់៕
ប៊ិញង្វៀន-វិមាន