សេីុងធីង៉ុកហឹន ជាសិល្បការិនីវ័យក្មេងមួយរូបមានក្ដីសង្ឃឹមអភិវឌ្ឍនៅអនាគតជក់ចិត្តនឹងឧបករណ៍ភ្លេងតាខេ នៅខេត្តត្រាវិញ។
សេីុងធីង៉ុកហឹន កំពុងប្រគំភ្លេងតាខេ។
ង៉ុកហឹន កើតនិងធំដឹងក្ដីក្នុងគ្រួសារមានប្រពៃណីសិល្បៈនៅភូមិបាស្រែA ឃុំលឿងហ្វា ស្រុកចូវថាញ់ ខេត្តត្រាវិញ។ តាមចំណូលចិត្តរបស់ខ្លួន ង៉ុកហឹន បានចូលរៀនថ្នាក់“លើកកម្ពស់ការស្នងបន្តតន្ត្រីខ្មែរ” អាស្រ័យមន្ទីរវប្បធម៌-កីឡា និងទេសចរណ៍រៀបចំឡើង។ ក្រោយពីបញ្ចប់កម្រិតវិទ្យាល័យ ង៉ុកហឹនបន្តការសិក្សាជំនាញផ្នែកវប្បធម៌ខ្មែរណាមបូនៃមហាវិទ្យាល័យវប្បធម៌បណ្ដាជនជាតិភាគតិចវៀតណាម។ ង៉ុកហឹន ជានិសិ្សតមួយរូបក្នុងចំណោមនិស្សិតទាំងឡាយ ដែលទទួលបានសញ្ញាប័ត្រកម្រិតពូកែទូទាំងវគ្គសិក្សា។
ឪពុកង៉ុកហឹន ជាសិល្បករមិនជំនាញរបស់ក្រុមសិល្បៈមហាជនវត្តទ័ពថ្ម។ គាត់ក៏ជាគ្រូដំបូងបង្អស់បង្រេៀនង៉ុកហឹនប្រគំតាខេ។ ដំបូង ង៉ុកហឹនរៀនកេះតាមគំនិតរបស់ឪពុក ប៉ុន្តែយូរៗទៅសម្លេងតាខេបានជក់ចិត្តដិតអារម្មណ៍ង៉ុកហឹន។ ហោមរោងជាបទភ្លេងដែលង៉ុកហឹងរៀនពីឪពុក និងជាបទភ្លេងសម្ដែងទោលដែលទទួលបានពានរង្វាន់លេខ១ នៅសមោសរសិល្បៈមហាជនខ្មែរខេត្តត្រាវិញ-លើកទី៤ ឆ្នាំ២០១២។ ង៉ុកហឹន ឲ្យដឹង៖ “តាខេ គឺជាប្រភេទចាប៉ីខ្សែ៣។ ពិបាកបំផុត គឺយើងត្រូវប្រើម្រាមដៃទាំងសងខាងឲ្យស្មើគ្នាក្នុងពេលតែមួយ។ ខ្ញុំខិតខំហាត់ពត់ឲ្យថ្នឹកដើម្បីថ្ងៃក្រោយជួយបង្ហាត់បង្ហាញឧបករណ៍ភ្លេងប្រពៃណីនេះដល់អ្នកជំនាន់ក្រោយ” ។
លោកគឹមង៉ឹន ប្រធានការិយាល័យសិល្បៈសម្ដែងនៃក្រុមសិល្បៈរស្មីប្រទីប ឲ្យដឹង៖ “ចាប៉ីតាខេ ជាប្រភេទឧបករណ៍ភ្លេងប្រពៃណីរបស់ជនរួមជាតិខ្មែរ។ តាខេឬតៈខេមានន័យថា “ក្រពើ” ពីព្រោះឧបករណ៍ភ្លេងនេះវាមានស្នូក រាងដូចជាសត្វក្រពើ។ ឧបករណ៍ភ្លេងនេះមានខ្សែ៣ ខ្សែទី១ ហៅថាខ្សែឯក ខ្សែទី២ហៅថាខ្សែគខ្សែទី៣ ហៅថាខ្សែបន្ទរ។ ក្នុងចំណោមប្រភេទឧបករណ៍ភ្លេងប្រពៃណីខ្មែរ ចាប៉ីតាខេ ជាប្រភេទឧបករណ៍ភ្លេងដែលពិបាករៀនបំផុត។ ថ្មីៗនេះ មានតែនាងសេីុងធីង៉ុកហឹនទេ ដែលមានទេពកោសល្យខាងឧបករណ៍ភ្លេងនេះ។ បច្ចុប្បន្ន នៅពេលរៀបចំសន្និបាតឬបុណ្យទានជាដើមគណៈរៀបចំតែងអញ្ជើញង៉ុកហឹន មកចូលរួមប្រគំតាខេ ដើម្បីរក្សានិងពង្រីកប្រភេទឧបករណ៍ភ្លេងប្រពៃណីដ៏ពិសេសនេះ”៕
សឺនម៉ាល័យ-ទីទុយ